លោក Xi Jinping ប្រធានរដ្ឋចិនចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ

2023-02-24 18:02:14
ប្រភព:CRI

នៅថ្ងៃទី២៤ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan  ភរិយារបស់លោកបានចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុនៅសណ្ឋាគាររដ្ឋ Diaoyutai  ក្រុងប៉េកាំង។

ថ្លែងក្នុងកិច្ចជំនួប លោក  Xi Jinping បានសម្តែងការស្វាគមន៍ចំពោះព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ដែលបានយាងមកទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព ។ លោក  Xi Jinping  បានបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈរួមសហការជាមួយកម្ពុជា ដើម្បីកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការ "ពេជ្រប្រាំមួយជ្រុង"  គាំទ្រកម្ពុជាក្នុងការកសាង“ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” ក៏ដូចជាពន្លឿនការកសាងសហគមន៍រួមវាសនាចិន-កម្ពុជា ។ ភាគីចិននឹងបន្តគាំទ្រដល់ការងាររបស់ “ក្រុមការងាររបស់ព្រះមហាក្សត្រ” ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា។

ជាការឆ្លើយតប ព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុមានព្រះបន្ទូលថា ប្រទេសចិនតែងតែផ្តល់ជំនួយនិងការគាំទ្រដល់កម្ពុជាក្នុងរយៈពេលយូរមកហើយ ភាគីកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការនេះ ។ ភាគីកម្ពុជាមានឆន្ទៈរួមសហការជាមួយភាគីចិន ដោយចាត់ទុកខួបទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិនជាឱកាស ដើម្បីធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យនានា  ក្នុងន័យជំរុញឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិនបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ៕

លោក Xi Jinping ប្រធានរដ្ឋចិនចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ