លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Lula ប្រធានាធិបតីនៃប្រទេសប្រេស៊ីល

2023-04-17 18:16:54
ប្រភព:CRI

រសៀលថ្ងៃទី១៤ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Lula ប្រធានាធិបតីនៃប្រទេសប្រេស៊ីលដែលទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជន ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានគូសបញ្ជាក់ថា ជានិច្ចកាល ប្រទេសចិនតែងតែអភិវឌ្ឍទំនាក់ទំនងជាមួយប្រេស៊ីល ដោយឈរលើមុំយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយ ហើយបានតម្កល់ទុកទំនាក់ទំនងរវាងចិននិងប្រេស៊ីលជាអាទិភាពក្នុងកិច្ចការទូត ។ ឆ្នាំនេះជាខួបទី៣០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងប្រេស៊ីល ហើយឆ្នាំក្រោយនឹងទទួលខួបទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ ភាគីទាំងពីរគួរតែធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងមានភាពស៊ីជម្រៅ ជីកកកាយសក្តានុពលនៃកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្ម ថាមពល កិច្ចកសាងហេដ្ឋារចនាសម័្ពន្ធ អាកាសចរណ៍ អវកាសនិងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាជាដើម ស្វែងរកនិងបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងថាមពលស្អាតជាដើម ហើយសាទរផលិតផលប្រកបដោយគុណភាពល្អកាន់តែច្រើនរបស់ប្រទេសប្រេស៊ីលចូលក្នុងទីផ្សារចិន។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសប្រេស៊ីល ដើម្បីត្រួសត្រាយអនាគតថ្មីនៃទំនាក់ទំនងរវាងចិននិងប្រេស៊ីលក្នុងយុគសម័យ ហើយនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើរតួនាទីដ៏សំខាន់ក្នុងការរក្សាស្ថិរភាពនិងវឌ្ឍនភាពក្នុងតំបន់ រហូតដល់ពិភពលោកផងដែរ ។

ជាការឆ្លើយតប លោក Lula ប្រធានាធិបតីប្រេស៊ីលបានថ្លែងថា នេះជាលើកដំបូងហើយដែលលោកបានបំពេញទស្សនកិច្ចនៅប្រទេសក្រៅពីទ្វីបអាមេរិក គិតតាំងពីលោកបានចូលកាន់មុខតំណែងជាប្រធានាធិបតីប្រេស៊ីលមក ប្រការនេះបានបង្ហាញឱ្យឃើញនូវក្តីស្រឡាញ់របស់ប្រេស៊ីចំពោះប្រទេសចិននិងការយកចិត្តទុកដាស់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រេស៊ីលនិងចិន ។ ប្រទេសប្រេស៊ីលរីករាយធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនលើវិស័យការអប់រំនិងវប្បធម៌ជាដើម ក្នុងន័យបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនភាគីទាំងពីរ ។ ខ្ញុំជឿជាក់ថា អនាគតនៃទំនាក់ទំនងរវាងប្រេស៊ីលនិងចិនពិតជាមានភាពកាន់តែល្អប្រសើរជាមិនខាន ។

បន្ទាប់ពីបញ្ចប់កិច្ចជំនួប ភាគីទាំងពីរចិននិងប្រេស៊ីលបានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមរបស់សាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋសហព័ន្ធប្រេស៊ីលស្តីពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ» ៕

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Lula ប្រធានាធិបតីនៃប្រទេសប្រេស៊ីល