លោក Xi Jinping បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទីមួយនៃគណៈកម្មាធិការកំណែទម្រង់ស៊ីជម្រៅដោយគ្របជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនីស្តចិនលេីកទី២០
ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការកំណែទម្រង់ស៊ីជម្រៅដោយគ្របជ្រុងជ្រោយនៃមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទីមួយនៃគណៈកម្មាធិការកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនីស្តចិនលេីកទី២០ ហើយបានថ្លែងសុន្ទរកថាគន្លឹះ។
លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះជាឆ្នាំចាប់ផ្តើមអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ផង ជាខួប៤៥ឆ្នាំនៃការដែលចិនធ្វើកំណែទម្រង់និងការបើកទូលាយ ហើយក៏ជាខួប១០ឆ្នាំនៃការបើកធ្វើកិច្ចប្រជុំពេញអង្គលើកទីបីនៃមជ្ឈិមបក្សកុម្មុយនីស្តចិនលេីកទី១៨ផង។ ការសេម្រេចគោលដៅនិងភារកិច្ចនៃយុគសម័យថ្មីនិងដំណើរការថ្មីគឺត្រូវចាត់ទុកការធ្វើកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយជាកម្លាំងចលករមូលដ្ឋាននៃការធ្វើទំនើបកម្មតាមបែបផែនចិន ត្រូវចាត់ទុកវាជាទឹសដៅគន្លឹះនៃការរក្សាសភាពការណ៍ទូទៅ ឆ្លើយតបនឹងសភាពការណ៍ប្រែប្រួល និងការបង្កើតសភាពការណ៍ថ្មី ត្រូវផ្តោតចំទឹសដៅ ធ្វើការច្នៃប្រឌិតថ្មីដោយប្រកាន់ខ្ជាប់នូវគោលដៅមូលដ្ឋាន ខិតខំតស៊ូព្យាយាម ដើម្បីចារទំព័រថ្មីនៃការធ្វើកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិនក្នុងដំណើរការថ្មី។
កិច្ចប្រជុំបានពិនិត្យពិភាក្សាហើយបានអនុម័តលើ «មតិយោបល់អំពីការបង្កើនមុខងារសំខាន់នៃការធ្វើច្នៃប្រឌិតថ្មីដោយបច្ចេកវិទ្យាចំពោះសហគ្រាស» «មតិយោបល់អំពីការបង្កើននិងកែសម្រួលមធ្យោបាយគ្រប់គ្រងសេដ្ឋកិច្ចជាតិដើម្បីគាំទ្រកាន់តែខ្លាំងដល់ការធ្វើទំនើបកម្មតាមបែបផែនចិន» «មតិយោបល់អំពីការជំរុញឱ្យសេដ្ឋកិច្ចឯកជនវិវឌ្ឍរីកចម្រើនឱ្យកាន់តែរឹងមាំ» និងក្បួនការងារមានពាក់ព័ន្ធផ្សេងទៀត៕