លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកស្រីTrương Thị Mai សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

2023-04-28 13:07:48
ប្រភព:CRI

ថ្ងៃទី ២៦ ខែមេសា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកស្រី Trương Thị Mai សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាអចិន្រ្តៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ពេលប្រឈមមុខនឹងបរិយាកាសអន្តរជាតិដ៏តានតឹង និងភារកិច្ចធ្វើកំណែទម្រង់និងការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃប្រទេសទាំងពីរ ចិននិងវៀតណាមគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំ “អក្សរ១៦តួ” និងស្មារតី “ល្អទាំង៤” ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ ពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ គ្រប់គ្រងការខ្វែងគំនិតឱ្យបានសមរម្យ និងរួមគ្នាឆ្លើយតបទៅនឹងហានិភ័យនិងបញ្ហាប្រឈម ព្រមទាំងជំរុញការកសាងសហគមន៍រួមវាសនាចិន-វៀតណាមដែលផ្តោតលើបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។

ជាការឆ្លើយតប លោកស្រី Trương Thị Mai បានថ្លែងថា ជានិច្ចកាល ប្រទេសវៀតណាមតែងតែចាត់ទុកការអភិវឌ្ឍកិច្ចសហប្រតិបត្តិការមេត្រីភាពជាមួយប្រទេសចិនជាអាទិភាព នៃគោលនយោបាយការបរទេសរបស់ខ្លួន ប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយចិនតែមួយ និងគាំទ្រយ៉ាងមុតមាំនូវបុព្វហេតុបង្រួបបង្រួមជាតិរបស់ចិន។ ភាគីវៀតណាមគាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមជាសកលដ៏សំខាន់ៗដែលលើកឡើងដោយលោកXi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនគាំទ្រប្រទេសចិនក្នុងការរៀបចំវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ”លើកទី៣ ហើយសង្ឃឹមថានឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិជាមួយប្រទេសចិនថែមទៀត ដើម្បីរួមគ្នាជំរុញសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក៕

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកស្រីTrương Thị Mai សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម