លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក volodymyr zelenskyប្រធានាធិបតីអ៊ុយក្រែន

2023-04-28 13:09:49
ប្រភព:CRI

នៅរសៀលថ្ងៃទី២៦ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនតាមការណាត់ ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងចិន-អ៊ុយក្រែន និងវិបត្តិអ៊ុយក្រែន។

លោក Xi Jinping បានលើកឡើងថា ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក គឺជាមូលដ្ឋាននៃនយោបាយនៃទំនាក់ទំនងចិន-អ៊ុយក្រែន ។ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសអ៊ុយក្រែនដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

លោក Xi Jinping បានថ្លែងបន្តថា ទាក់ទងនឹងវិបត្តិអ៊ុយក្រែន ជាកិច្ចកាល ប្រទេសចិនតែងតែឈរនៅម្ខាងនៃសន្តិភាព ហើយគោលជំហរស្នូលគឺជំរុញការផ្សះផ្សាគ្នា និងការចរចា ។ នៅពេលដោះស្រាយបញ្ហានុយក្លេអ៊ែរ គ្រប់ភាគីពាក់ព័ន្ធគួរតែរក្សាភាពអត់ធ្មត់ ហើយរួមគ្នាគ្រប់គ្រងវិបត្តិឱ្យបានលុ្អ  សង្ឃឹមថាគ្រប់ភាគីអាចគិតពិចារណាយ៉ាងស៊ីជម្រៅពីបញ្ហាវិបត្តិអ៊ុយក្រែន ហើយរួមគ្នាស្វែងរកមធ្យោបាយឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែងនៅអឺរ៉ុបតាមរយៈការចរចា។ ប្រទេសចិននឹងចាត់បញ្ជូនតំណាងពិសេសទទួលបន្ទុកកិច្ចការអឺរ៉ាស៊ីរបស់រដ្ឋាភិបាលចិនឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែននិងប្រទេសពាក់ព័ន្ធ ដើម្បីធ្វើការប្រាស្រ័យទាក់ទងយ៉ាងស៊ីជម្រៅជាមួយគ្រប់ភាគីស្តីពីដំណោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ។

ជាការឆ្លើយតប លោក Zelensky បានថ្លែងថា អ៊ុយក្រែនគោរពគោលនយោបាយចិនតែមួយ ហើយសង្ឃឹមថាអាចធ្វើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ដើម្បីបើកទំព័រថ្មីនៃទំនាក់ទំនងអ៊ុយក្រែន-ចិន និងរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក។ លោកស្វាគមន៍ប្រទេសចិនដែលបានដើរតួនាទីដ៏សំខាន់ក្នុងការស្តារសន្តិភាព  និងដោះស្រាយវិបត្តិតាមមធ្យោបាយការទូត៕

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក volodymyr zelenskyប្រធានាធិបតីអ៊ុយក្រែន