លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក
រសៀលថ្ងៃទី ១៩ ខែរមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយ លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិកនៅវិមានសភាប្រជាជនក្រុងប៉េកាំង ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានសង្កត់ធ្ងន់ថា តើចិន និងសហរដ្ឋអាមេរិកអាចរួមរស់នៅតាមរបៀបត្រឹមត្រូវឬអត់ វាពាក់ព័ន្ធដល់ជោគវាសនារបស់មនុស្សជាតិទាំងមូល។បច្ចុប្បន្ននេះ សហគមន៍អន្តរជាតិមានការព្រួយបារម្ភជាទូទៅចំពោះស្ថានការណ៍បច្ចុប្បន្ននៃទំនាក់ទំនងរវាងចិន និងអាមេរិកដោយមិនសង្ឃឹមឱ្យកើតមានការប៉ះទង្គិច និងបដិបក្ខគ្នារវាងប្រទេសទាំងពីរ ក៏ដូចជាពួកគេមិនចង់ជ្រើសរើសការឈរនៅម្ខាងជាមួយចិនឬអាមេរិកនោះឡើយហើយរំពឹងទុកថា ចិននិងអាមេរិកអាចរួមរស់នៅជាមួយគ្នាដោយសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការដ៏មេត្រីភាព។ប្រទេសទាំងពីរត្រូវកាន់អាកប្បកិរិយាទទួលខុសត្រូវចំពោះប្រជាជនប្រវត្តិសាស្ត្រនិងពិភពលោកដើម្បីដោះស្រាយឱ្យបានល្អនូវទំនាក់ទំនងរវាងចិននិងអាមេរិក ក៏ដូចជារួមចំណែកដល់សន្តិភាព និងការអភិវឌ្ឈរបស់ពិភពលោកផងដែរ។
ជាការឆ្លើយតប លោក Antony Blinken បានលើកឡើងថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកជឿជាក់ថា សហរដ្ឋអាមេរិក និងប្រទេសចិនមានទំនួលខុសត្រូវនិងកាតព្វកិច្ចក្នុងការគ្រប់គ្រងឱ្យបានល្អនូវទំនាក់ទំនងទ្វេភាគីប្រការនេះគឺសមស្របនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងចិន ក៏ដូចជាពិភពលោកផងដែរ។សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តក្នុងការវិលត្រឡប់ទៅរករបៀបវារៈដែលកំណត់ក្នុងកិច្ចជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរនៅកោះបាលី។ភាគីអាមេរិកនឹងគោរពតាមពាក្យសន្យាដែលលោកប្រធានាធិបតី ចូវ បៃដិន បានធ្វើពោលគឺមិនស្វែងរកការកើតមាន "សង្រ្គាមត្រជាក់ថ្មី" មិនស្វែងរកការផ្លាស់ប្តូរប្រព័ន្ធរបបរបស់ចិន មិនស្វែងរកការប្រឆាំងនឹងប្រទេសចិនតាមរយៈការបង្កើនទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត មិនគាំទ្រឱ្យ "តំបន់តៃវ៉ាន់ឯករាជ្យ" និងគ្មានចេតនាកើតមានការប៉ះទង្គិចជាមួយប្រទេសចិន។លោករំពឹងទុកថា នឹងធ្វើការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយភាគីចិនគ្រប់គ្រងការខ្វែងគំនិតគ្នាដោយមានទំនួលខុសត្រូវ ក៏ដូចជាស្វែងរកការធ្វើកិច្ចសន្ទនាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការ៕