លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Hipkins នាយករដ្ឋមន្ត្រីនូវែលហ្ស៊េឡង់
រសៀលថ្ងៃទី ២៧ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Hipkins នាយករដ្ឋមន្ត្រីនូវែលហ្ស៊េឡង់ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង ដោយលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមជាមួយនូវែលហ្ស៊េឡង់ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ដំណើរការ ៥០ ឆ្នាំថ្មីមួយទៀតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងនូវែលហ្ស៊េឡង់វិវឌ្ឍរីកចម្រើនដោយនឹងនរនិងយូរអង្វែង។
លោក Xi Jinping បានថ្លែងបន្តថា ទំនាក់ទំនងរវាងចិននិងនូវែលហ្ស៊េឡង់បានឈានមុខជាងទំនាក់ទំនងរវាងចិននិងប្រទេសអភិវឌ្ឍន៍មួយចំនួនក្នុងរយៈពេលយូរយារណាស់មកហើយ។ ភាគីទាំងពីរគួរបន្តពង្រឹងនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយចាត់ទុកគូភាគីជាដៃគូតែមិនមែនអ្នកប្រជែង ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរគួរអនុវត្តឱ្យបានល្អនូវ«កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» ជំរុញឱ្យការធ្វើពាណិជ្ជកម្មនិងវិនិយោគមានសេរីភាពនិងភាពងាយស្រួល ដើម្បីបង្កបរិយាកាសធ្វើអាជីវកម្មកាន់តែល្អសម្រាប់សហគ្រាសគូភាគីក្នុងការបណ្តាក់ទុននិងធ្វើអាជីវកម្មនៅប្រទេសខ្លួន។ ភាគីទាំងពីរក៏អាចរក្សាការប្រាស្រ័យទាក់ទងដើម្បីរួមគ្នាជួយប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកក្នុងការអភិវឌ្ឍ។
ជាការឆ្លើយតប លោក Hipkins បានថ្លែងថា នូវែលហ្ស៊េឡង់រីករាយរួមជាមួយភាគីចិនបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យាជាដើម ដើម្បីរួមគ្នាអនុវត្តឱ្យបានល្អនូវច្បាប់ដំឡើងថ្នាក់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ នូវែលហ្ស៊ឡង់រីករាយរក្សាការប្រាស្រ័យទាក់ទងជាមួយចិនលើបញ្ហាជួយប្រទេសកោះក្នុងការអភិវឌ្ឍ៕