លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើកិច្ចសន្ទនាស្តីពីការផ្លាស់ប្តូរនិងរៀនសូត្រពីអរិយធម៌ទៅវិញទៅមកលើកទី៣និងមហាសន្និបាតពិភពលោកលើកដំបូងស្តីពីអ្នកជំនាញបរទេសខាងសិក្សាប្រទេសចិន

2023-07-04 17:24:46
ប្រភព:CRI

ថ្ងៃទី ៣ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើកិច្ចសន្ទនាស្តីពីការផ្លាស់ប្តូរនិងរៀនសូត្រពីអរិយធម៌ទៅវិញទៅមកលើកទី៣និងមហាសន្និបាតពិភពលោកលើកដំបូងស្តីពីអ្នកជំនាញបរទេសខាងសិក្សាប្រទេសចិន។

លោក Xi Jinping បានលើកឡើងថា ក្នុងដំណើរដ៏យូរលង់នៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ប្រជាជាតិទាំងអស់លើពិភពលោកបានបង្កើតអរិយធម៌ប្រកបដោយលក្ខណៈពិសេស និងជាអត្តសញ្ញាណរៀងៗខ្លួន។ ការផ្លាស់ប្តូរប្រកបដោយសមភាព និងរៀនសូត្រពីអរិយធម៌ទីទៃគ្នាទៅវិញទៅមក នឹងផ្តល់ជាការណែនាំខាងស្មារតីដ៏ខ្លាំងក្លាសម្រាប់មនុស្សជាតិក្នុងការដោះស្រាយបញ្ហាលំបាកនៃសម័យកាល និងសម្រេចការអភិវឌ្ឍរួម។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ភាគី ដើម្បីផ្សព្វផ្សាយតម្លៃរួមរបស់មនុស្សជាតិ មានដូចជាសន្តិភាព ការអភិវឌ្ឍ សមភាព សច្ចធម៌ ប្រជាធិបតេយ្យ និងសេរីភាព ព្រមទាំងអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល និងជម្នះរបាំងអរិយធម៌តាមរយៈការផ្លាស់ប្តូរខាងអរិយធម៌ ជម្នះការប៉ះទង្គិចខាងអរិយធម៌តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក ជម្នះអំនួតខាងអរិយធម៌តាមរយៈភាពបរិយាប័ន្នខាងអរិយធម៌ ពួតដៃគ្នាដើម្បីជំរុញអរិយធម៌របស់មនុស្សជាតិឱ្យវិវឌ្ឍរីកចម្រើន។ លោកសង្ឃឹមថា អ្នកជំនាញបរទេសខាងសិក្សាប្រទេសចិននៃប្រទេសនានានឹងអាចធ្វើកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងនាមជាអ្នកតភ្ជាប់អរិយធម៌ចិននិងបរទេស ក្នុងន័យបង្កើនការទាក់ទងខាងវប្បធម៌រវាងចិននិងបរទេស ព្រមនិងបង្កើនការយល់ដឹងពីគ្នា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ៕

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើកិច្ចសន្ទនាស្តីពីការផ្លាស់ប្តូរនិងរៀនសូត្រពីអរិយធម៌ទៅវិញទៅមកលើកទី៣និងមហាសន្និបាតពិភពលោកលើកដំបូងស្តីពីអ្នកជំនាញបរទេសខាងសិក្សាប្រទេសចិន