លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ផ្ញើសារសាទរចំពោះការបើកកិច្ចប្រជុំជាន់ខ្ពស់លើកដំបូងនៃវេទិកាចែករំលែកប្រតិបត្តិការអភិវឌ្ឍន៍សកល

2023-07-10 17:29:22
ប្រភព:CRI

ថ្ងៃទី១០ ខែកក្កដា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានផ្ញើសារសាទរចំពោះការបើកកិច្ចប្រជុំជាន់ខ្ពស់លើកដំបូងនៃវេទិកាចែករំលែកប្រតិបត្តិការអភិវឌ្ឍន៍សកល។

ថ្លែងក្នុងសារលិខិត លោក ស៊ី ជីនភីង បានលើកឡើងថា នៅលើពិភពលោកនាពេលបច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មមួយរយឆ្នាំបានពន្លឿនដំណើរវិវឌ្ឍន៍ទៅមុខ សេដ្ឋកិច្ចពិភពលោកពិបាកនឹងស្តារឡើងវិញ ហើយរបៀបវារៈអភិវឌ្ឍន៍សកលប្រឈមនឹងការសាកល្បង។ ដើម្បីប្រមូលផ្តុំគំនិតឯកភាពរួមនៃកិច្ចសហប្រតិបត្តិការនិងជំរុញការអភិវឌ្ឍរួម ខ្ញុំបានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដើម្បីជំរុញការពន្លឿនការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ។ ខ្ញុំបានមើលឃើញដោយសោមនស្សរីករាយថា ក្រោមការចូលរួមពីភាគីនានា កិច្ចសហប្រតិបត្តិការផ្នែកគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលទទួលបានសមិទ្ធផលដំណាក់កាលដំបូងគួរឱ្យកត់សម្គាល់ ហើយប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ។

លោក ស៊ី ជីនភីង បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុត ជានិច្ចកាល ប្រទេសចិនតែងតែបង្កើតកាលានុវត្តភាពថ្មីជូនចំពោះការអភិវឌ្ឍរបស់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួនឯង។ ប្រទេសចិននឹងបង្កើនថែមមួយកម្រិតទៀតនូវការវិនិយោគខាងប្រភពធនធានចំពោះកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍សកល ហើយរួមជាមួយសហគមន៍អន្តរជាតិ ជំរុញជាបន្តបន្ទាប់ឱ្យគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលទទួលបានការអនុវត្តកាន់តែស៊ីជម្រៅនិងកាន់តែប្រាកដប្រជា ក៏ដូចជារួមចំណែកថ្មីដើម្បីសម្រេចតាមពេលកំណត់នូវគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិនិងជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ៕

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ផ្ញើសារសាទរចំពោះការបើកកិច្ចប្រជុំជាន់ខ្ពស់លើកដំបូងនៃវេទិកាចែករំលែកប្រតិបត្តិការអភិវឌ្ឍន៍សកល