លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Sogavare នាយករដ្ឋមន្ត្រីនៃប្រទេសប្រជុំកោះសាឡូម៉ូន
រសៀលថ្ងៃទី១០ ខែកក្កដា នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Sogavare នាយករដ្ឋមន្ត្រីនៃប្រទេសប្រជុំកោះសាឡូម៉ូន ដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនជាផ្លូវការ។ ភាគីទាំងពីរបានរួមគ្នាប្រកាសថា ចិននិងប្រទេសប្រជុំកោះសាឡូម៉ូន បង្កើតចាផ្លូវការនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយនៅយុគសម័យថ្មី ដែលគោរពគ្នាទៅវិញទៅមក និងអភិវឌ្ឍរួម។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា តាំងពីបានបង្កើតទំនាក់ទំនងការទូតមក កិច្ចសហប្រតិបតិ្តការមេត្រីភាពរវាងប្រទេសទាំងពីរបាននាំមុខក្នុងទំនាក់ទំនងរវាងចិននិងប្រទេសដែនកោះប៉ាស៊ីហ្វិក ដែលបានក្លាយជាគំរូនៃសាមគ្គីភាព កិច្ចសហប្រតិបតិ្តការ និងចាប់ដៃគ្នាអភិវឌ្ឍរវាងប្រទេសធំនិងតូចនិងប្រទេសកំពុងអភិវឌ្ឍន៍។
លោក Xi Jinping បានគូសបញ្ជាក់ទៀតថា ប្រទេសចិនសូមកោតសរសើរខ្ពស់ចំពោះប្រទេសប្រជុំកោះសាឡូម៉ូន ដែលបានប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ប្រទេសចិនគាំទ្រសាឡូម៉ូនក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន គាំទ្រសាឡូម៉ូនជ្រើសរើសផ្លូវអភិវឌ្ឍន៍ដោយម្ចាស់ការ។ ប្រទេសចិនរីករាយរួមសហការជាមួយសាឡូម៉ូន បង្កើនការតភ្ជាប់កិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” និងយុទ្ធសាស្ត្រអភិវឌ្ឍន៍២០៣៥របស់សាឡូម៉ូន ក្នុងន័យត្រួសត្រាយកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យ និងជួយសាឡូម៉ូនឱ្យសម្រេចបាននូវការអភិវឌ្ឍ ការស្តារឡើងវិញ និងស្ថិរភាពយូរអង្វែង។
ជាការឆ្លើយតប លោក Sogavare បានថ្លែងថា តាំងពីបានបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានសមិទ្ធផលជាផ្លែផ្កា។ ប្រទេសចិនបានក្លាយជាដៃគូធំជាងគេនៃកិច្ចសហប្រតិបតិ្តការលើវិស័យហេដ្ឋារចនាសម័្ពន្ធ និងជាដៃគូអភិវឌ្ឍន៍អាចជឿទុកចិត្តបានរបស់ប្រទេសប្រជុំកោះសាឡូម៉ូន។ សាឡូម៉ូនប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយយ៉ាងម៉ឺងម៉ាត់ រីករាយធ្វើឱ្យប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតសិ្នទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម បណ្តាក់ទុន វប្បធម៌មនុស្សជាតិនិងកិច្ចសហប្រតិបតិ្តការក្នុងតំបន់ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងសាឡូម៉ូននិងចិនឱ្យរីកចម្រើនទៅមុខឥតឈប់ឈរ៕