លោក Xi Jinping ប្រធានរដ្ឋចិនធ្វើជាអធិបតីក្នុងសន្និសីទលើកទីពីរនៃគណៈកម្មាធិការជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនីស្តចិន

2023-07-13 16:10:58
ប្រភព:CRI

រសៀលថ្ងៃទី ១១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីក្នុងសន្និសីទលើកទីពីរនៃគណៈកម្មាធិការជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនីស្តចិន។ សន្និសីទលើកនេះ បានពិនិត្យពិភាក្សាលើ « សេចកី្តណែនាំស្តីពីកិច្ចកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីប្រកបដោយកម្រិតខ្ពស់និងបើកទូលាយ ជំរុញការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី» « គម្រោងជំរុញការអនុវត្តកំណែទម្រង់នៅជនបទឱ្យបានស៊ីជម្រៅ » «សេចកី្តណែនាំស្តីពីការជំរុញនូវការប្តូរពីការគ្រប់គ្រងចំពោះការចំណាយថាមពលទៅជាការគ្រប់គ្រងការបញ្ចេញកាបូន » និង «សេចកី្តណែនាំស្តីពីការអនុវត្តកំណែទម្រង់នៃប្រព័ន្ធទីផ្សារបេ្រងកាតនិងឧស្ម័នធម្មជាតិឱ្យមានភាពកាន់តែស៊ីជម្រៅ និងលើកកម្ពស់សមត្ថភាពរបស់ប្រទេសជាតិលើវិស័យធានាសន្តិសុខប្រេងកាតនិងឧស្ម័នធម្មជាតិ » ជាដើម។

ខណៈពេលធ្វើជាអធិបតីក្នុងសន្និសីទ លោក Xi Jinping បានគូសបញ្ជាក់ថា ការងារកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីប្រកបដោយកម្រិតខ្ពស់និងបើកទូលាយ ជំរុញការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជាវិធានការជាយុទ្ធសាស្ត្រដ៏ម្ចាស់ការរបស់ប្រទេសចិនដើម្បីជំរុញកំណែទម្រង់និងការអភិវឌ្ឍ។ ឆ្លងតាមរយៈការបើកទូលាយ ត្រូវបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដើម្បីផ្តល់សេវាកម្ម និងចាត់ទុកការបើកទូលាយជាចំណុចសំខាន់ ផ្តោតសំខាន់ទៅលើវិស័យសំខាន់ៗ នៃការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការជាមួយបរទេស ដូចជាវិស័យបណ្តាក់ទុន ពាណិជ្ជកម្ម ហិរញ្ញវត្ថុនិងការច្នៃប្រឌិតថ្មីជាដើម ក្នុងន័យធ្វើឱ្យកំណែទម្រង់ផ្នែកប្រព័ន្ធនិងយន្តការមានភាពកាន់តែស៊ីជម្រៅ និងធ្វើឱ្យគោលនយោបាយនិងវិធានការបន្ទាប់បន្សំមានសុក្រឹតភាព ដើម្បីលើកកម្ពស់ការបើកទូលាយចំពោះបរទេសរបស់ប្រទេសចិនឱ្យឡើងដល់កម្រិតថ្មីដោយម្ចាស់ការ៕

លោក Xi Jinping ប្រធានរដ្ឋចិនធ្វើជាអធិបតីក្នុងសន្និសីទលើកទីពីរនៃគណៈកម្មាធិការជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនីស្តចិន