លោក Xi Jinping ប្រធានរដ្ឋចិន និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតអបអរសាទរគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួបគម្រប់ ៦៥ ឆ្នាំនៃការបង្កើតចំណងការទូតរវាងប្រទេសចិន និងកម្ពុជា ព្រមជាមួយគ្នានេះ លោក Li Qiang នាយករដ្ឋមន្ត្រីចិន និងសម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាក៏បានផ្ញើសារលិខិតអបអរសាទរគ្នាទៅវិញទៅមកផងដែរ

2023-07-19 17:44:39
ប្រភព:CRI

ថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិន និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតអបអរសាទរគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបគម្រប់ ៦៥ ឆ្នាំនៃការបង្កើតចំណងការទូតរវាងចិន និងកម្ពុជា។

លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថាក្នុងអំឡុងពេល ៦៥ ឆ្នាំកន្លងមកនេះទំនាក់ទំនងចិន និងកម្ពុជាបានឆ្លងកាត់ការសាកល្បង និងការប្រែប្រួលនៃសភាពការណ៍អន្តរជាតិជាច្រើនហើយកាន់តែមានភាពរឹងមាំថែមទៀត។ ក្នុងដើមឆ្នាំនេះយើងបានជួបសន្ទនាជាមួយគ្នានៅក្រុងប៉េកាំងហើយបន្ទាប់មកក៏បានផ្ញើសារលិខិតថ្វាយជូនគ្នាទៅវិញទៅមកជាបន្តបន្ទាប់ផងដែរដែល បានដឹកនាំការកសាងសហគមន៍វាសនារួមចិន-កម្ពុជាឈានចូលក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន និងកម្ពុជាបានអភិវឌ្ឍកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្មនិងរបៀងត្រី និងអង្ករទទួលបានវិវឌ្ឍរីកចម្រើនយ៉ាងល្អប្រសើរ។ ក្រៅពីនេះសកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបគម្រប់ ៦៥ ឆ្នាំនៃការបង្កើតចំណងការទូតរវាងចិន និងកម្ពុជានិងជាឆ្នាំមិត្តភាពចិន-កម្ពុជាក៏បានត្រូវរៀបចំឡើងដ៏ផុលផុសផងដែរ។ ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន និងកម្ពុជារីករាយចិត្តខិតខំប្រឹងប្រែងជាមួយព្រះអង្គ ដើម្បីជំរុញឱ្យមិត្តភាពចិនកម្ពុជាទទួលបានផ្លែផ្កាដ៏ស្គុសស្គាយនិងនាំមក នូវផលប្រយោជន៍ដ៏ជាក់ស្តែងជូន ចំពោះប្រជាជននៃប្រទេសទាំងពីរចិននិងកម្ពុជា។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះទន្ទូលថា មិត្តភាពកម្ពុជាចិនមានភាពយូរអង្វែងណាស់មកហើយ។ ដោយឈរលើមូលដ្ឋានដែលជឿជាក់គ្នាទៅវិញទៅមកយ៉ាងខ្ពង់ខ្ពស់និងទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក និងឈ្នះៗជាមួយគ្នាប្រទេសយើងទាំងពីរ បានបង្កើតទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយ ពួតដៃជាមួយគ្នាកសាងសហគមន៍វាសនារួមកម្ពុជាចិនដែលបង្កើតឡើងនូវមិត្តភាពដែកថែប។ ក្រោមសភាពការណ៍ដ៏ថ្មីនេះ ខ្ញុំជឿថាទំនាក់ទំនងមេត្រីភាពកម្ពុជានិងចិននិងកិច្ចសហប្រតិបត្តិការឈ្នះៗជាមួយគ្នារមែងនឹងត្រូវពង្រឹងជាបន្តបន្ទាប់ហើយមិត្តភាពដែកថែបរវាងកម្ពុជាចិនក៏នឹងត្រូវបន្តវេនជាមិនខាន។ ភាគីកម្ពុជារីករាយចិត្តរួមជាមួយភាគីចិន ដើម្បីពួតដៃគ្នាធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យមានភាពស៊ីជម្រៅ ដោយនាំមកនូវផលប្រយោជន៍ជូន ចំពោះប្រទេសទាំងពីរ និងប្រជាជនប្រទេសទាំងពីរ និងជំរុញសន្តិភាពស្ថិរភាព និងវិបុលភាព។

ព្រមជាមួយគ្នានេះក្នុងថ្ងៃដដែលលោក Li Qiang នាយករដ្ឋមន្ត្រីចិន និងសម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាក៏បានផ្ញើសារលិខិតជូនពរគ្នាទៅវិញទៅមកផងដែរ។ លោកLi Qiang បានថ្លែងថាឆ្នាំនេះ គឺខួបគម្រប់៦៥ឆ្នាំដែលប្រទេសចិន និងកម្ពុជាបានបង្កើតចំណងការទូត និងជាឆ្នាំមិត្តភាពចិន-កម្ពុជាហើយទំនាក់ទំនងចិន និងកម្ពុជាបានឈានមកដល់ចំណុចចាប់ផ្តើមដ៏ថ្មី។ ខ្ញុំរីករាយចិត្តរួមជាមួយសម្តេចហ៊ុនសែន ដើម្បីដឹកនាំគ្រប់ក្រសួង-ស្ថាប័ន និងគ្រប់មជ្ឈដ្ឋានរបស់ប្រទេសយើងទាំងពីរខិតខំធ្វើកិច្ចសហការគ្នាជំរុញឱ្យកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន និងកម្ពុជាទទួលបានផ្លៃផ្កាជាក់ស្តែងកាន់តែច្រើន។

សម្តេច ហ៊ុនសែន បានថ្លែងថាភាគីកម្ពុជាអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយប្រទេសចិនតែមួយគាំទ្រគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គំនិតផ្ទួចផ្តើមអភិវឌ្ឍសកលនិងគំនិតផ្ទួចផ្តើមសន្តិសុខសកលជាដើម ដែលលើកឡើងដោយភាគីចិនរីករាយចិត្តរួមជាមួយភាគីចិន ដើម្បីជំរុញកសាងសហគមន៍វាសនារួមកម្ពុជាចិនកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំគាំពារដល់ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងប្រជាជនប្រទេសទាំងពីរ៕

លោក Xi Jinping ប្រធានរដ្ឋចិន និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតអបអរសាទរគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួបគម្រប់ ៦៥ ឆ្នាំនៃការបង្កើតចំណងការទូតរវាងប្រទេសចិន និងកម្ពុជា ព្រមជាមួយគ្នានេះ លោក Li Qiang នាយករដ្ឋមន្ត្រីចិន និងសម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាក៏បានផ្ញើសារលិខិតអបអរសាទរគ្នាទៅវិញទៅមកផងដែរ