លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន ផ្ញើសារលិខិតអបអរសាទរជូន ចំពោះ សម្តេច ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា

2023-07-26 09:58:45
ប្រភព:CRI

ថ្ងៃទី ២៥​ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន ផ្ញើសារលិខិតអបអរសាទរជូន ចំពោះ សម្តេច ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយ សម្តេច ហ៊ុន សែន បានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧។

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនរីករាយមើលឃើញថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេច ហ៊ុន សែន នយោបាយប្រទេសកម្ពុជាមានស្ថិរភាព សេដ្ឋកិច្ចមានការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ឋានៈអន្តរជាតិ និងក្នុងតំបន់ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ ប្រទេសចិននឹងគាំទ្រប្រទេសកម្ពុជាដើរតាមផ្លូវអភិវឌ្ឍន៍ដែលស្របតាមស្ថានភាពរបស់ប្រទេសកម្ពុជាជាប់រហូត ជឿជាក់ថា ក្រោមការដឹកនាំយ៉ាងមុតមាំរបស់ សម្តេច ហ៊ុន សែន គណបក្សប្រជាជនកម្ពុជានឹងរួមចំណែកថ្មីកាន់តែច្រើនដល់វិបុលភាពជាតិ និងសុភមង្គលរបស់ប្រជាជន ក៏ដូចជាសន្តិភាពស្ថិរភាព និងការអភិវឌ្ឍវិបុលភាពក្នុងតំបន់។

លោក Xi Jinping បានគូសបញ្ជាក់ទៀតថា ប្រទេសចិន និងកម្ពុជាគឺជាសហគមន៍រួមវាសនាតែមួយ បក្សកុម្មុយនីស្តចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការជាមេត្រីភាពជាមួយគណបក្សប្រជាជនកម្ពុជា ខ្ញុំរីករាយរួមជាមួយ សម្តេច ហ៊ុន សែន បង្កើនការដឹកនាំផ្នែកនយោបាយនៃទំនាក់ទំនងទ្វេភាគី  ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងវិស័យនានា ពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិន និងកម្ពុជាក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននិងប្រទេសទាំងពីរ។

នៅថ្ងៃដដែល លោក Li Qiang នាយករដ្ឋមន្រ្តីចិន បានផ្ញើសារលិខិតអបអរសាទរជូនចំពោះ សម្តេច ហ៊ុន សែន៕

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន ផ្ញើសារលិខិតអបអរសាទរជូន ចំពោះ សម្តេច ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា