លោក Xi Jinping ៖ អភិរក្សដើមឈើបុរាណឱ្យបានល្អ ដើម្បីអភិរក្សវប្បធម៌ប្រពៃណីប្រជាជាតិចិនឱ្យល្អ

2023-08-08 16:22:37
ប្រភព:CRI

កាលពីថ្ងៃទី២៥ ខែកក្កដា ពេលទៅត្រួតពិនិត្យការងារនៅផ្លូវភ្នំបុរាណឈ្មោះ ឈួយយូនឡាង/翠云廊នៃខេត្តស៊ឺឈួន លោក Xi Jinping  ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ព្រៃដើមកន្ទុយដំរីបុរាណដាំដោយមនុស្សដ៏ទ្រង់ទ្រាយធំបំផុតលើសកលលោកតាមដងផ្លូវនេះ អាចរស់រានមានជីវិតយូរអង្វែងបាន អភិរក្សយ៉ាងល្អបែបនេះគឺដោយសារមហាជនក្នុងតំបន់បានចូលរួមអភិរក្សរួមគ្នាគ្រប់ជំនាន់ ក៏បានណែនាំឱ្យដឹងថាការកសាងអរិយធម៌អេកូឡូស៊ីចាំបាច់ត្រូវអនុវត្តឱ្យល្អនូវយន្តការដែលមានស្រាប់។ យើងគួរអភិរក្សដើមឈើបុរាណឱ្យបានល្អ ដើម្បីអភិរក្សវប្បធម៌ប្រពៃណីប្រជាជាតិចិនឱ្យបានល្អ។

គួរបញ្ជាក់ថា  បណ្តោយផ្លូវដែលស្ថិតក្នុងស្រុកចេនកឺ/剑阁 នៃផ្លូវភ្នំបុរាណឈួយយូនឡាង គឺ ១៥១ គឺឡូម៉ែត្រ កាលពីបុរាណ គឺជាផ្លូវសំខាន់តភ្ជាប់វាលទំនាបកណ្តាលចិនជាមួយខេត្តស៊ឺឈួន  តាមដងផ្លូវមានដើមឈើបុរាណចំនួន ៧៨០៣ ដើម ក្នុងនោះ “អាយុ” ជាមធ្យមរបស់ដើមកន្ទុយដំរីចាស់តាមផ្លូវនេះគឺ ១០៥០ ឆ្នាំ ចំណែកដើមកន្ទុយដំរីដ៏ចំណាស់បំផុតមានឈ្មោះ “Jiange” គឺដាក់ឈ្មោះតាមឈ្មោះស្រុក ដែលកម្ពស់ ២៧ ម៉ែត្រ អាយុប្រហែល ២៣០០ ឆ្នាំ។  

តាំងពីរជ្ជកាលឈីនមក គ្រប់សម័យកាលក្នុងតំបន់នេះសុទ្ធតែមានទំនៀមទំលាប់ដាំដើមឈើតាមសងខាងផ្លូវរដ្ឋ ហើយអភិរក្សដើមឈើបុរាណ។ សៀវភៅប្រវត្តិសាស្ត្របានកត់ត្រាថា កាលពីឆ្នាំ៧៧៣ រជ្ជកាលថាំងបានចេញរាជបញ្ជាថា៖ «គ្រប់ខ្សែផ្លូវរដ្ឋទាំងអស់ មិនត្រូវដាំដំណាំ ឬកាប់ឈើឡើយ បើកាប់ឈើដួលរលំ ត្រូវដាំដើមឈើបន្ថែមឡើងវិញ។» កាលពីឆ្នាំ១១១៦ រជ្ជកាលសុងបានចេញរាជបញ្ជាថា៖ «ក្នុងតំបន់ព្រៃឈើរដ្ឋ អ្នកកាប់ឈើនឹងត្រូវវាយដំចំនួន៨០ដំបង។» រជ្ជកាលម៉េងបានចេញបញ្ជាហាមឃាត់មិនឱ្យមន្ត្រីនិងមហាជនកាប់បំផ្លាញដើមឈើ  ដល់រជ្ជកាលឆេង  រាជរដ្ឋាភិបាលបានព្យួរផ្លាកឈើ និងបង់លេខសម្គាល់លើគ្រប់ដើមកន្ទុយដំរីចាស់។ចាប់ពីសាធារណៈរដ្ឋប្រជាមានិតចិនបានបង្កើតមក ស្រុកចេនកឺបានធ្វើតាមច្បាប់ទម្លាប់បុរាណ រដ្ឋបាលក្នុងតំបន់បន្តខិតខំអភិរក្សដើមឈើចាស់ៗទាំងនេះ ឈើមួយដើមមានអ្នកអភិរក្សម្នាក់ ដែលយាមត្រួតពិនិត្យមើលថែជារៀងរាល់ថ្ងៃ ឈើមួយដើមមានវិធានការសង្គ្រោះនិងអភិរក្សតាមវិធីបច្ចេកទេសដោយឡែកពីគ្នា ផ្លូវបុរាណឈួយយូនឡាងបានក្លាយជាគំរូបង្ហាញយ៉ាងរស់រវើកនៃការអភិវឌ្ឍបៃតងរបស់ប្រទេសចិន៕

លោក Xi Jinping ៖ អភិរក្សដើមឈើបុរាណឱ្យបានល្អ ដើម្បីអភិរក្សវប្បធម៌ប្រពៃណីប្រជាជាតិចិនឱ្យល្អ