លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាក្នុងពិធីបិទវេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ប្រទេស BRICS
រសៀលថ្ងៃទី២២ខែសីហាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្នុងពិធីបិទវេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ប្រទេស BRICS នៅក្រុង Johannesburg ក្រោមចំណងជើងថា 《ធ្វើឱ្យសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការមានភាពកាន់តែស៊ីជម្រៅ ឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈម រួមគ្នាកសាងពិភពលោកដែលកាន់តែល្អបវរ》 ។
លោក Xi Jinping បានគូសបញ្ជាក់ថា ពិភពលោកនាពេលបច្ចុប្បន្នគឺជាសហគមន៍រួមវាសនាដែលបានសុខ សុខទាំងអស់គ្នា មានទុក្ខ ទុក្ខទាំងអស់គ្នា ។ ប្រជាជននៃប្រទេសនានាមិនរំពឹងទុកពី “សង្គ្រាមត្រជាក់ថ្មី”និង “ការចងសម្ព័ន្ធជាក្រុមតូច”នោះទេ តែគឺរំពឹងទុកពិភពលោកមួយដែលប្រកបដោយសន្តិភាពយូរអង្វែងនិងមានសន្តិសុខជាទូទៅ ក៏ដូចជាមានវិបុលភាពរួម បើកទូលាយ បរិយាបន្ន និងស្រស់ស្អាត ។
លោក Xi Jinping បានគូសបញ្ជាក់ទៀតថា យើងនឹងធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេស BRICS មានភាពកាន់តែស៊ីជម្រៅ ពង្រីករូបមន្ត “BRICS+” សកម្មជំរុញដំណើរបន្ថែមចំនួនរដ្ឋសមាជិក ធ្វើឱ្យកិច្ចសហប្រតិបត្តិការនិងសាមគ្គីគ្នារវាងប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍មានភាពកាន់តែស៊ីជម្រៅ ជំរុញពហុភាគីនិយមពិភពលោកនិងប្រជាធិបតេយ្យនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ក៏ដូចជាជំរុញឱ្យសណ្តាប់ធ្នាប់អន្តរជាតិអភិវឌ្ឍទៅកាន់ទិសដៅដែលកាន់តែយុត្តិធម៌និងសមហេតុផល ។ ប្រទេសចំនួនជាង២០កំពុងស្នើសុំចូលរួមជាមួយប្រទេស BRICS ភាគីចិនសូមស្វាគមន៍យ៉ាងស្មោះត្រង់ចំពោះអ្នកទាំងឡាយដែលមានបំណងចូលរួមយន្តការសហប្រតិបត្តិការរបស់ប្រទេស BRICS !