ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន ជួបប្រស្រ័យជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

2023-09-16 17:43:44
ប្រភព:ស៊ីនហួចិន

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន បានជួបប្រស្រ័យជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ក្នុងវិមានសភាប្រជាជនចិននៅក្រុងប៉េកាំង។

ឯកឧត្តម ស៊ី ជីនភីង មានប្រសាសន៍ថា ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតីបានជ្រើសរើសប្រទេសចិនជាប្រទេសទី ១ សម្រាប់ការបំពេញទស្សនកិច្ចទ្វេភាគី នេះបានសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីចំពោះការពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រទេសចិន និងកម្ពុជា។ ប្រទេសចិន និងកម្ពុជាជាមិត្តដែកថែប។ ក្នុងរយៈពេល ៦៥ ឆ្នាំក្រោយពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ភាគីទាំងពីរជឿទុកចិត្តលើគ្នា គោរពគ្នាដោយមានភាពស្មើគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នា និងឈ្នះ-ឈ្នះរួមគ្នា ហើយប្រកាន់ខ្ជាប់នូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់គូភាគីក្នុងកិច្ចគាំពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ជាតិសម្រាប់ការអភិវឌ្ឍ នេះគឺជាខ្លឹមសារស្នូលនៃសហគមន៍វាសនារួមចិន-កម្ពុជា។ ឆ្នាំនេះ ភាគីទាំងពីរបានបើកយុគសម័យថ្មីសម្រាប់ការកសាងសហគមន៍វាសនារួមចិន-កម្ពុជាដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ភាគីចិននឹងរួមសហការគ្នាជាមួយភាគីកម្ពុជា ក្នុងការជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជាឱ្យទទួលបាននូវសមិទ្ធផលជាក់ស្តែងកាន់តែច្រើន និងពួតដៃគ្នាដើម្បីបង្កើតជាគំរូនៃការកសាងសហគមន៍វាសនារួមមនុស្សជាតិ។

ឯកឧត្តម ស៊ី ជីនភីង សង្កត់ធ្ងន់ថា ភាគីចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ឱ្យភាគីកម្ពុជាធ្វើដំណើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិនៃកម្ពុជា ភាគីចិននឹងរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រជាប្រចាំជាមួយភាគីកម្ពុជា ដើម្បីបង្កើនឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរបទពិសោធន៍អំពីអភិបាលកិច្ចប្រទេស។ ភាគីទាំងពីរគួរតែជំរុញឱ្យគណៈកម្មាធិការសម្របសម្រួលអន្តរ-រដ្ឋាភិបាលដើរតួនាទីកាន់តែសំខាន់ អនុវត្តឱ្យបានជោគជ័យនូវផែនការសកម្មភាពថ្មីស្តីពីការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា បំពេញបន្ថែមខ្លឹមសារថ្មីឱ្យក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រួមគ្នាកសាង“ច្រកបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង“ច្រករបៀងមច្ឆា និងអង្ករ” ហើយជំរុញឱ្យគម្រោងសំខាន់ៗទទួលបានសមិទ្ធផលជាក់ស្តែងក្នុងពេលឆាប់ៗ។ ភាគីចិននឹងធ្វើកិច្ចសហប្រតិបត្តិការជាប្រចាំជាមួយភាគីកម្ពុជាក្នុងការថែរក្សាសន្តិសុខ និងការអនុវត្តច្បាប់ បន្តបង្ក្រាបបទល្មើសឆ្លងដែនដូចជា ការលេងល្បែងស៊ីសងតាមអនឡាញ និងការបោកប្រាស់តាមទូរស័ព្ទជាដើម។ ភាគីទាំងពីរត្រូវបន្តរៀបចំកម្មវិធី“ឆ្នាំមិត្តភាពចិន-កម្ពុជា”ឱ្យបានកាន់តែល្អប្រសើរ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរយុវជន រដ្ឋបាលមូលដ្ឋាន ការអប់រំ ទេសចរណ៍ និងសុខាភិបាលជាដើម ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម ស៊ី ជីនភីង បានបញ្ជាក់ទៀតថា ទោះបីជាស្ថានការណ៍អន្តរជាតិ និងតំបន់កើតមានការផ្លាស់ប្តូរយ៉ាងណាក៏ដោយ ប្រទេសចិនតែងតែជាមិត្តល្អដែលកម្ពុជាអាចជឿងទុកចិត្តជាងគេ និងគួរជាទីពឹងផ្អែកបំផុត។ ភាគីចិននឹងពួតដៃគ្នាជាមួយភាគីកម្ពុជា រួមគ្នាគាំពារយុត្តិធម៌អន្តរជាតិ និងគាំពារសិទ្ធិ និងផលប្រយោជន៍ត្រឹមត្រូវរបស់ប្រទេសកំពុងអភិវឌ្ឍន៍នានា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្ញុំបានជ្រើសរើសប្រទេសចិនសម្រាប់ជាប្រទេសទី ១ នៃការបំពេញទស្សនកិច្ចនៅក្រៅប្រទេសរបស់ខ្ញុំ គឺដើម្បីបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយដែល“រាប់អានជាមួយប្រទេសចិន”ហើយបន្តផ្សព្វផ្សាយពីចំណងមិត្តភាពដែកថែបរវាងប្រទេសកម្ពុជា និងចិន។ ប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយ“ចិនតែមួយ”គាំទ្រឱ្យភាគីចិនគាំពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍ស្នូលរបស់ខ្លួន គាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសាកល គំនិតផ្តួចផ្តើមសន្តិសុខជាសាកល និងគំនិតផ្តួចផ្តើមអរិយធម៌ជាសាកលដែលលើកឡើងដោយឯកឧត្តម ស៊ី ជីនភីង។ ភាគីកម្ពុជាសូមថ្លែងអំណរគុណចំពោះភាគីចិនដែលតែងតែផ្តល់ជំនួយឧបត្ថម្ភ និងការគាំទ្រយ៉ាងពេញទំហឹងដល់ភាគីកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ កម្ពុជានឹងរួមសហការគ្នាជាមួយភាគីចិនក្នុងការអនុវត្តតាមចំណុចឯកភាពសំខាន់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជំរុញការកសាង“ខ្សែក្រវាត់ និងផ្លូវ”ពង្រឹងឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យឧស្សាហកម្ម កសិកម្ម វិនិយោគ និងវប្បធម៌ជាដើម ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ បង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។ ភាគីកម្ពុជានឹងរួមសហការគ្នាយ៉ាងស្អិតល្មួតជាមួយភាគីចិនក្នុងកិច្ចការតំបន់ និងអន្តរជាតិ ដើម្បីជំរុញឱ្យទំនាក់ទំនងកម្ពុជា-ចិនឈានដល់កម្រិតខ្ពស់ និងថ្មីមួយទៀត។

ឯកឧត្តម វ៉ាង យី បានចូលរួមជំនួបនេះ៕

ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន ជួបប្រស្រ័យជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា