លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការរៀបចំពិធីប្រគល់ រង្វាន់ប្រចាំឆ្នាំនៃគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន

2023-10-25 18:06:34
ប្រភព:CRI

នៅថ្ងៃទី ២៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការរៀបចំពិធីប្រគល់រង្វាន់ប្រចាំឆ្នាំនៃគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិនរបស់អាមេរិក។

លោក Xi Jinping បានសម្តែងការកោតសរសើរចំពោះគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិនដែលបានខិតខំជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ហើយបានសម្តែងការអបអរសាទរចំពោះលោកបណ្ឌិត Kissinger ដែលបានទទួលរង្វាន់នេះ។

លោក Xi Jinping បានចង្អុលបង្ហាញថា ក្នុងនាមជាប្រទេសធំទាំងពីរ បញ្ហាថាតើចិន និងអាមេរិកអាចស្វែងរកវិធីសាស្រ្តដ៏ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាទំនាក់ទំនងបានឬអត់ គឺមានសារៈសំខាន់ណាស់ចំពោះសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក និងអនាគតរបស់មនុស្សជាតិ។ ប្រទេសចិនមានឆន្ទៈប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងបីនៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក គ្រប់គ្រងការខ្វែងគំនិតយ៉ាងសមរម្យ និងធ្វើការជាមួយគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល ក្នុងន័យសម្រេចបានវិបុលភាពរួម  និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងពិភពលោក។

នៅថ្ងៃដដែលនោះ លោក Biden ប្រធានាធិបតីអាមេរិកក៏បានផ្ញើលិខិតអបអរសាទរ ចំពោះការរៀបចំពិធីប្រគល់រង្វាន់ប្រចាំឆ្នាំនៃគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិនផងដែរ៕

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការរៀបចំពិធីប្រគល់ រង្វាន់ប្រចាំឆ្នាំនៃគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន