លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចសន្ទនាក្រៅផ្លូវការនិងពិធីជប់លៀងអាហារការងារថ្ងៃត្រង់រវាងមេដឹកនាំ APEC និងភាគីម្ចាស់ផ្ទះ

2023-11-17 11:48:40
ប្រភព:CRI

នៅវេលាថ្ងៃត្រង់ថ្ងៃទី ១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ និងពិធីជប់លៀងអាហារការងារថ្ងៃត្រង់រវាងមេដឹកនាំ APEC និងភាគីម្ចាស់ផ្ទះនៅទីក្រុង San Francisco សហរដ្ឋអាមេរិក។

លោក Xi Jinping បានគូសបញ្ជាក់ថា ការអភិវឌ្ឍជានិរន្តរភាពគឺជា “កូនសោមាស”សម្រាប់ដោះស្រាយបញ្ហាសកលនាពេលបច្ចុប្បន្ន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការសហប្រតិបត្តិ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបានអនុវត្តយ៉ាងប្រាកដប្រជានូវចក្ខុវិស័យ Putrajaya ឆ្នាំ២០៤០ អនុវត្តយ៉ាងពេញទំហឹងនូវ «គោលដៅក្រុងបាងកកស្តីពីជីវសេដ្ឋកិច្ច វដ្តសេដ្ឋកិច្ចនិងសេដ្ឋកិច្ចបៃតង» ដែលរួមចំណែកដ៏វិជ្ជមានចំពោះកំណើនបៃតងនិងជានិរន្តរភាពរបស់ពិភពលោក។ក្រោមស្ថានការណ៍នាពេលបច្ចុប្បន្ន យើងត្រូវប្រមូលផ្តុំគំនិតឯកភាពរួមថែមមួយកម្រិតទៀត ផ្តោតសំខាន់ទៅលើប្រតិបត្តិការ ដើម្បីបំពេញបន្ថែមកម្លាំងចលករកាន់តែធំចំពោះបុព្វហេតុអភិវឌ្ឍន៍ជានិរន្តរភាពរបស់សកលលោក។ លោកបានលើកសំណើរថា៖

ទីមួយ ពន្លឿនការអនុវត្តនូវរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ ។ប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញឱ្យសហគមន៍អន្តរជាតិរួមកម្លាំងគ្នា និងដោះស្រាយឱនភាពនៃការអភិវឌ្ឍ។

ទី២ បង្កើតផ្លូវថ្មីសម្រាប់ធ្វើបរិវត្តកម្មអភិវឌ្ឍន៍បៃតង ។ ជំរុញការធ្វើបរិវត្តកម្មនិងការធ្វើឱ្យប្រសើរឡើងនូវថាមពល ឧស្សាហកម្ម និងរចនាសម្ព័ន្ធគមនាគមន៍និងដឹកជញ្ជូន សហការជំរុញការកាត់បន្ថយកាបូន បន្ថយការបំពុល ការពង្រីកភាពបៃតង និងកំណើន គ្រោងផែនការសម្រាប់ជំរុញការធ្វើបរិវត្តកម្មពលកម្មយុត្តិធម៌និងឱកាសការងារប្រកបដោយគុណភាពខ្ពស់ សំដៅកសាងផ្ទះដែលសេដ្ឋកិច្ចនិងបរិស្ថានមានការអភិវឌ្ឍរួម។

ទី៣ ប្រមូលផ្តុំកម្លាំងរួមជាសកលដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។ គាំពារឋានៈជាមធ្យោបាយដ៏សំខាន់នៃអភិបាលកិច្ចអាកាសធាតុសកលនៃ«អនុសញ្ញាក្របខណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ» ប្រកាន់ខ្ជាប់គោលការណ៍នៃភារកិច្ចរួមតែមានភាពខុសគ្នា  និងដាក់ចេញគោលដៅអាកាសធាតុតាមបែបវិទ្យាសាស្រ្តដោយអនុលោមតាមលក្ខខន្ឌប្រទេសរៀងៗខ្លួន ។ ដោះស្រាយកង្វល់ខាងប្រាក់ទុន ការកសាងសមត្ថភាព និងការផ្ទេរបច្ចេកទេសរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ជំរុញឱ្យ«អនុសញ្ញា»និង«កិច្ចព្រមព្រៀងប៉ារីស »ត្រូវបានអនុវត្តយ៉ាងប្រាកដប្រជានិងគ្រប់ជ្រុងជ្រោយ។

លោក Xi Jinping បានគូសបញ្ជាក់ទៀតថា ប្រទេសចិនអនុវត្តយ៉ាងស៊ីជម្រូវនូវគំនិតអភិវឌ្ឍន៍ថ្មី ជំរុញបរិវត្តកម្មសេដ្ឋកិច្ចសង្គមឆ្ពោះទៅរកភាពបៃតងនិងកាបូនទាបដោយគ្រប់ជ្រុងជ្រោយ  បន្តរួមចំណែករបស់ប្រទេសចិនដើម្បីរួមគ្នាកសាងផ្ទះដែលមនុស្សនិងធម្មជាតិអាចរួមរស់នៅជាមួយគ្នាដោយសុខដុមរមនា។ ប្រទេសចិនបានជំរុញការកសាង “ខ្សែក្រវាត់និងផ្លូវ”បៃតង ហើយនឹងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យដូចជា  ហេដ្ឋារចនាសម្ព័ន្ធបៃតង ថាមពលបៃតង និងគមនាគមន៍បៃតងជាដើម  ព្រមទាំងគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ឱ្យលើកកម្ពស់ការកសាងសមត្ថភាព តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូងសម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។ ប្រទេសចិនរីករាយរួមជាមួយបណ្តាភាគីនានាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកកាន់តែធំសម្រាប់ការកសាងសហគមន៍អភិវឌ្ឍន៍សកលនិងកសាងពិភពលោកដ៏ស្រស់ស្អាត៕

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចសន្ទនាក្រៅផ្លូវការនិងពិធីជប់លៀងអាហារការងារថ្ងៃត្រង់រវាងមេដឹកនាំ APEC និងភាគីម្ចាស់ផ្ទះ