សុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០របស់ថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបានបណ្តាលឱ្យមានប្រតិកម្មយ៉ាងកក់ក្តៅពីសហគមន៍អន្តរជាតិ
ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០របស់ថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបានធ្វើឡើងនៅមជ្ឈមណ្ឌល Moscone ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក។
លោកប្រធានរដ្ឋចិន Xi Jinping បានចូលរួមក្នុងកិច្ចប្រជុំនេះ ហើយបានថ្លែងសុន្ទរកថាសំខាន់ក្រោមចំណងជើងថា "ប្រកាន់ខ្ជាប់នូវបំណងដើម ធ្វើកិច្ចសហប្រតិបត្តិការដោយសាមគ្គីភាព ពួតដៃគ្នាដើម្បីជំរុញកំណើនប្រកបដោយគុណភាពខ្ពស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក"។ សុន្ទរកថានេះបានបណ្តាលឱ្យមានប្រតិកម្មយ៉ាងកក់ក្តៅពីសហគមន៍អន្តរជាតិ។
ឥស្សរជនមកពីប្រទេសជាច្រើនបានយល់ឃើញថា លោកប្រធានរដ្ឋចិន Xi Jinping មានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីនិន្នាការអភិវឌ្ឍន៍ទូទៅនៃសម័យកាល បន្តផ្សព្វផ្សាយបំណងដើមនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ដោយបានចង្អុលបង្ហាញទិសដៅនិងចាក់បញ្ចូលកម្លាំងចលករសម្រាប់ការរួមគ្នាកសាង "៣០ឆ្នាំមាស" មួយទៀតនៃការអភិវឌ្ឍអាស៊ី-ប៉ាស៊ីហ្វិក។ ពួកគេជឿថា ប្រទេសចិននឹងជំរុញកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកឱ្យសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាកាន់តែច្រើន និងរួមចំណែកថ្មីនិងធំជាងមុនដល់ការអភិវឌ្ឍរួមក្នុងតំបន់និងពិភពលោក៕