លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង

2023-11-21 14:51:53
ប្រភព:CRI

នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង ។

ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោក Xi Jinping បានលើកឡើងថា ឆ្នាំ ២០២៤ គឺជាខួបទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ ភាគីទាំងពីរគួរប្រកាន់ខ្ជាប់នូវបំណងដើមនៃការបង្កើតទំនាក់ទំនងការទូត បន្តពង្រឹងនិងពង្រីកចំណងមិត្តភាពប្រពៃណីដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងបារាំងឡើងដល់កម្រិតថ្មី ។ ប្រទេសចិនរីករាយរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយប្រទេសបារាំងដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យអប់រំ វប្បធម៌និងការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រជាដើមឱ្យទទួលបានការវិវឌ្ឍថ្មី ក៏ដូចជាជំរុញការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រជាជននៃប្រទេសទាំងពីរ ។

លោក Xi Jinping បានគូសបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការស្តីពីការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុរវាងចិននិងបារាំងបាននិងកំពុងរក្សានិន្នាការដ៏ល្អប្រសើរ ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសបារាំងដើម្បីបញ្ចេញនូវសញ្ញាដ៏ខ្លាំងក្លាចំពោះមជ្ឈដ្ឋានខាងក្រៅដែលបង្ហាញថា ប្រទេសចិននិងបារាំងបានពួតដៃគ្នាឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ក្នុងន័យជំរុញឱ្យមហាសន្និបាតបម្រែបម្រួលអាកាសធាតុក្រុងឌូបៃនៃអង្គការសហប្រជាជាតិទទួលបានជោគជ័យ ។

ជាការឆ្លើយតប លោក Emmanuel Macron បានថ្លែងថា ប្រទេសបារាំងរីករាយចាត់ទុកខួបទី ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងបារាំងនិងចិននៅឆ្នាំក្រោយជាកាលានុវត្តភាពមួយដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នាជាន់ខ្ពស់យ៉ាងជិតសិ្នទ្ធជាមួយប្រទេសចិន ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម អាកាសចរណ៍និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម ៕

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង