លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ក្នុងបរិបទបច្ចុប្បន្ន ការដែលប្រទេស BRICS បញ្ចេញសំឡេងយុត្តិធម៌និងសំឡេងសន្តិភាពអំពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល គឺទាន់ពេលវេលានិងមានភាពចាំបាច់ខ្លាំង
យប់ថ្ងៃទី២១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសតាមប្រព័ន្ធវីដេអូស្តីពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលនៃថ្នាក់ដឹកនាំប្រទេស BRICS ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។
លោក Xi Jinping បានលើកឡើងថា ក្នុងបរិបទបច្ចុប្បន្ន ការដែលប្រទេស BRICS បញ្ចេញសំឡេងយុត្តិធម៌និងសំឡេងសន្តិភាពអំពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល គឺទាន់ពេលវេលានិងមានភាពចាំបាច់ខ្លាំង ។
លោក Xi Jinping បានថ្លែងថា ការប៉ះទង្គិចនៅតំបន់កាហ្សាបានអូសបន្លាយអស់រយៈពេលជាងមួយខែហើយ ដែលបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងកើតមានគ្រោះមហន្តរាយខាងមនុស្សធម៌ ប្រទេសចិនបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ ។ ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺទីមួយបណ្តាភាគីនានានៃការប៉ះទង្គិចត្រូវឈប់បាញ់គ្នាភ្លាម បញ្ឈប់រាល់អំពើហិង្សានិងការវាយប្រហារដែលសំដៅចំពោះជនស៊ីវិលនៅតំបន់កាហ្សា និងដោះលែងជនស៊ីវិលដែលត្រូវឃាត់ខ្លួន ។ ទីពីរត្រូវធានាឱ្យច្រកផ្លូវសម្រាប់ផ្តល់ជំនួយសង្គ្រោះមនុស្សធម៌មានសុវត្ថិភាពនិងភាពរលូន ដើម្បីផ្តល់ជំនួយមនុស្សធម៌កាន់តែច្រើនដល់ប្រជាជននៅតំបន់កាហ្សា ។ ទីបី សហគមន៍អន្តរជាតិគួរតែចាត់វិធានការជាក់ស្តែង បង្ការកុំឱ្យការប៉ះទង្គិចរីករាលដាល និងជះឥទ្ធិពលដល់ស្ថិរភាពនៃតំបន់មជ្ឈិមបូព៌ាទាំងមូល ។ ប្រទេសចិនគាំទ្រសេចក្តីសម្រេចចិត្តអំពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលអនុម័តក្នុងកិច្ចប្រជុំវិសាមញ្ញជាបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៧ ខែតុលា ។ ក្នុងនាមជាប្រធានផ្លាស់វេនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាជាតិ ប្រទេសចិនបានធ្វើជាអ្នកសម្របសម្រួលក្នុងសន្និសីទព្រមទាំងបានអនុម័តលើសេចក្តីសម្រេចចិត្តលេខទី២៧១២របស់ក្រុមប្រឹក្សាសន្តិសុខ ។ បណ្តាភាគីនានាគួរតែអនុវត្តសេចក្តីសម្រេចចិត្តនេះឱ្យបានប្រាកដប្រជា៕