លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកLuis Lacalle Pou ប្រធានាធិបតីអ៊ុយរូហ្កាយ

2023-11-23 19:47:32
ប្រភព:CRI

រសៀលថ្ងៃទី២២ខែវិច្ឆិកា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោកXiJinpingប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកLuis Lacalle Pouប្រធានាធិបតីអ៊ុយរូហ្កាយដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។

លោកXi Jinping បានលើកឡើងថា ឆ្នាំ២០២៣គឺជាខួបលើកទី៣៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងអ៊ុយរូហ្កាយ និងជាខួបលើកទីប្រាំដែលអ៊ុយរូហ្កាយបានចូលរួមគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល៣៥ឆ្នាំមក ជានិច្ចកាល ប្រទេសទាំងពីរតែងតែប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក ការរាប់អានគ្នាប្រកបដោយសមភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗបានទទួលការអភិវឌ្ឍយ៉ាងផុលផុស ។ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរផ្នែកអភិបាលកិច្ចជាតិជាមួយអ៊ុយរូហ្កាយ បង្កើនការកសាងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ចែករំលែកឱកាសអភិវឌ្ឍន៍ ដើម្បីជំរុញឱ្យសម្រេចបាននូវទំនើបកម្មនៃប្រទេសរៀងខ្លួន ក៏ដូចជាការធ្វើទំនើបកម្មនៃពិភពលោក។

ជាការឆ្លើយតប លោកLacalle បានលើកឡើងថា រដ្ឋាភិបាលអ៊ុយរូហ្កាយទទួលស្គាល់ថា នៅលើពិភពលោកមានចិនតែមួយ ហើយការបង្រួបបង្រួមជាតិដោយសន្តិភាពគឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលចាំបាច់ត្រូវសម្រេចដោយប្រជាជនចិនខ្លួនឯង។ អ៊ុយរូហ្កាយគាំទ្រយ៉ាងសកម្មដល់ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ឯកភាពគ្នាជាមួយគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិនXi Jinping ហើយសង្ឃឹមថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កីឡា និងទេសចរណ៍ជាដើមជាមួយប្រទេសចិន៕

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកLuis Lacalle Pou ប្រធានាធិបតីអ៊ុយរូហ្កាយ