លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារជូនពរចំពោះមហាសន្និបាតរំលឹក"ទិវាអន្តរជាតិផ្តល់ការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន"
ថ្ងៃទី២៩ ខែវិច្ឆិកា អង្គការសហប្រជាជាតិបានបើកធ្វើមហាសន្និបាតរំលឹក"ទិវាអន្តរជាតិផ្តល់ការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន" លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារជូនពរចំពោះ មហាសន្និបាតលើកនេះ។
លោក Xi Jinping បានលើកឡើងថា បញ្ហាប៉ាឡេស្ទីនជាបញ្ហាស្នូលនៃបញ្ហាមជ្ឈិមបូព៌ា ដែលពាក់ព័ន្ធនឹងសច្ចយុត្តិធម៌អន្តរជាតិ។ គន្លឹះនៃការប៉ះទង្គិចគឺនៅត្រង់ប្រជាជនប៉ាឡេស្ទីននៅតែមិនអាចសម្រេចបាននូវសិទ្ធិប្រជាជាតិស្របច្បាប់ដែលបង្កើតរដ្ឋដោយឯករាជ្យ។ មេរៀនដ៏ឈឺចាប់នៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលចេះតែកើតឡើងជ្រាំដែលៗបានបង្ហាញយ៉ាងពេញលេញថា ទាល់តែប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខរួមទើបអាចសម្រេចបានូវសន្តិសុខជានិរន្តរភាព។ សហគមន៍អន្តរជាតិគួរតែប្រញាប់ឡើង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែរ៉ាប់រងទំនួលខុសត្រូវយ៉ាងប្រាកដប្រជា ខិតខំអស់ពីលទ្ធភាព ដើម្បីជំរុញឱ្យឈប់បាញ់គ្នា ការពារសុវត្ថិភាពរបស់ជនស៊ីវិល និងទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌។ ឈរលើមូលដ្ឋាននេះ ចាប់ដំណើរការឡើងវិញនូវការចរចាដោយសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលក្នុងពេលឆាប់ៗ ដើម្បីសម្រេចបាននូវសិទ្ធិបង្កើតរដ្ឋ សិទ្ធិរស់រានមានជីវិតនិងសិទ្ធិវិលត្រឡប់មកវិញរបស់ប្រជាជនប៉ាឡេស្ទីនក្នុងពេលឆាប់ៗ។
លោក Xi Jinping បានសង្កាត់ធ្ងន់ទៀតថា ជានិច្ចកាលប្រទេសចិនបានគាំទ្រយ៉ាងមុតមាំចំពោះបុព្វហេតុយុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីន ដើម្បីស្តារសិទ្ធិស្របច្បាប់របស់ប្រជាជាតិប៉ាឡេស្ទីនឡើងវិញ។ ដំណោះស្រាយជាឫសគល់ចំពោះបញ្ហាប៉ាឡេស្ទីនគឺនៅត្រង់ការបង្កើតរដ្ឋប៉ាឡេស្ទីនដែលយកបន្ទាត់ព្រំដែនឆ្នាំ១៩៦៧ ជាមូលដ្ឋាន យកក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី មានអធិបតេយ្យភាពនិងឯករាជ្យភាពពេញលេញ។ តម្រូវការខាងជីវភាពរស់នៅរបស់ប៉ាឡេស្ទីនគួរតែទទួលបានការធានា សហគមន៍អន្តរជាតិគួរតែផ្តល់ជំនួយបន្ថែមខាងការអភិវឌ្ឍនិងមនុស្សធម៌ដល់ប៉ាឡេស្ទីន។ គួរតែប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវនៃការចរចាដោយសន្តិវិធី និងបើកធ្វើកិច្ចប្រជុំអន្តរជាតិដែលកាន់តែប្រកបដោយកិត្យានុភាពក្នុងពេលឆាប់ៗ។ ក្នុងនាមជារដ្ឋសមាជិកជាអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ប្រទេសចិននឹងបន្តរួមជាមួយសហគមន៍អន្តរជាតិធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យបញ្ហាប៉ាឡេស្ទីនវិលត្រឡប់ទៅរកផ្លូវដ៏ត្រឹមត្រូវនៃ”ផែនការរបស់ប្រទេសពីរ”៕