វិចារណកថា៖ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនកាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ
តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ គឺជាការជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនយើងទាំងពីរ និងជាការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ ។
ទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្ន គឺជាទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការ ប្រពៃណីប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នាទៅវិញទៅមក ផ្ដល់ផលប្រយោជន៍ឲ្យគ្នា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា និងឈរលើមូលដ្ឋានឈ្នះ ឈ្នះ ។ កម្ពុជា និងចិន មានទំនាក់ទំនងមិត្តភាពជាប្រពៃណីតាំងពីយូរលង់មកហើយ ។ កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងការទូត ជាផ្លូវការនៅថ្ងៃទី១៩ កក្កដា ឆ្នាំ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកដំបូងរវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងឯកឧត្តម ជូអេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលចូលរួមប្រជុំសន្និសីទទីក្រុងបានឌុង នាខែមេសា ឆ្នាំ១៩៥៥ ។ ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រនេះត្រូវបានកសាងឡើងរួមគា្នដោយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងឯកឧត្តមប្រធាន ម៉ៅ សេទុង ឯកឧត្តមនាយករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំជំនាន់មុនៗ ដែលធ្វើឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១៣ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាទី២ ដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ ។
នៅក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន ក្នុងយុគសម័យថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលស្នើឡើងដោយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ពីព្រោះថា គំនិតផ្តួចផ្តើមនេះ បានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកត់សម្គាល់ថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» និងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជាមានគោលដៅ និងអាទិភាពដូចគ្នា ពោល គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់។ គម្រោងសហប្រតិបត្តិការក្នុងគំនិតផ្តួចផ្តើមនេះ សុទ្ធតែបានផ្សារភ្ជាប់ជាមួយផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា និងបានផ្តល់ផលប្រយោជន៍ដល់ការកសាងគម្រោងផែនការសហប្រតិបត្តិការ ក្រោមយុទ្ធសាស្ត្រចតុកោណរបស់រាជ រដ្ឋាភិបាលកម្ពុជា និងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ។ អ្វីដែលគួរឲ្យមោទនភាព គឺ សមិទ្ធផលលើវិស័យសេដ្ឋកិច្ច នៅឆ្នាំ២០២២ ប្រទេសចិនបានបន្តឈរលើកំពូលតារាងជាប្រទេសដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាច្រើនជាងគេ ដោយសម្រេចបាន ១១,៦៨ ពាន់លានដុល្លារ កើនជាង ៤% បើធៀបទៅនឹងឆ្នាំ២០២១ ។ ក្នុងនោះ ការនាំទំនិញពីប្រទេសចិនមកកម្ពុជា មានទឹកប្រាក់ ជាង ១០ពាន់លានដុល្លារ កើន ៧,៩% និងទំនិញដែលកម្ពុជានាំទៅប្រទេសចិន មានជាង ១ ២៤០ លានដុល្លារ ។
នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ ក៏សម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗមួយចំនួននោះគឺ កិច្ចព្រមព្រៀងសំខាន់ៗចំនួន ១២ ត្រូវបានចុះហត្ថលេខា រួមមាន៖ ១-កិច្ចព្រមព្រៀង ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសចិន ២-កិច្ចព្រមព្រៀងអនុវត្តគម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យក្រចេះ ជំហានទី២ ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិន ៣-ផែនសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឆ្នាំ២០២៣-២០២៤, ៤-ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័ក និងអនាម័យ សម្រាប់នាំចេញវារីសត្វរស់ពីកម្ពុជាទៅកាន់ប្រទេសចិន ៥-អនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន ៦-កិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារស៊ីនហួ ៧-សេចក្តីថ្លែងការណ៍រួម ស្តីពីគំនិតផ្តួចផ្តើមកិច្ចសហការអាស៊ី សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ ៨-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីផែនការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ចិន ឆ្នាំ២០២៣-២០២៥,៩-លិខិតប្តូរសារស្តីពីការសិក្សាសមិទ្ធផលលទ្ធភាពគម្រោងសាកល្បង កិច្ចសហប្រតិបត្តិការការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជាជំហានទី២ ,១០-លិខិតប្រគល់ទទួលនូវទឹកប្រាក់ហិរញ្ញប្បទានឥតសំណង ចំនួន ៤.៤លានដុល្លាអាមេរិក សម្រាប់គម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅប្រទេសកម្ពុជា ១១-កិច្ចព្រមព្រៀងក្របខណ្ឌ សម្រាប់គម្រោងអភិវឌ្ឍន៍ អាងទឹកដងកាំបិត ខេត្តកំពង់ធំ និង១២-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ ។ ក្រៅពីនេះ មេដឹកនាំនៃប្រទេសទាំងពីរ បានប្រកាសជាថ្មីទៀតអំពីជំហររបស់ខ្លួន ក្នុងការគាំទ្រគ្នាទៅវិញទៅមក ដោយមិត្តភាពស្មោះត្រង់ ការស្រឡាញ់ ការជឿទុកចិត្តនៅក្នុងស្មារតីមិត្តភាពដែកថែប និងសហគមន៍វាសនារួម កម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ ។ ភាគីចិនប្រកាសដាក់ចេញនូវជំហរនយោបាយគាំទ្រកម្ពុជា ទី១-ការជ្រើសរើសមាគ៌ា អភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ទី២-កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នានា ទី៣-ការអភិវឌ្ឍបន្តបន្ទាប់ តាមរបៀបវារៈនយោបាយកម្ពុជា និងទី៤-ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។ ចំណែកភាគីកម្ពុជាវិញ បានប្រកាសប្រកាន់យកជំហរនយោបាយក្នុងការគាំទ្រប្រទេសចិន រួមមាន ទី១-ប្រកាន់នយោបាយចិនមួយ ទី២-ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងទី៣-គាំទ្រចិនក្នុងការការពារផលប្រយោជន៍ស្នូលព្រមទាំងការបង្រួបបង្រួមជាតិ ។
តាមរយៈជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន និងតាមរយៈសមិទ្ធផលជាផ្លែផ្កាដែលសម្រេចបានក្នុងពេលនេះ នឹងធ្វើឲ្យ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន កាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ នៅលើកំណាត់ផ្លូវឆ្ពោះទៅមុខ ប្រកបដោយមោទនភាព ៕