បទវិភាគ៖“ការណាត់រយៈពេល៣ឆ្នាំ”សម្រេចបានដូចដែលគ្រោងទុក ការបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរដូវផ្ការីកនឹងបើកដំណើរការយុគសម័យថ្មីដែលកសាងសហគមន៍រួមវាសនាចិននិងកម្ពុជា
"ខ្ញុំរីករាយណាស់ដែលបានសម្រេចបាននូវ“ការណាត់រយៈពេល៣ឆ្នាំ”ជាមួយលោក ហើយរួមគ្នាបើកដំណើរការយុគសម័យថ្មីដែលកសាងសហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងរដូវផ្ការីក។" ថ្ងៃទី១០ខែកុម្ភៈ លោកXiJinpingប្រធានរដ្ឋចិនបានមានប្រសាស៍ដូចពោលខាងលើនៅពេលជួបពិភាក្សាការងារជាមួយសម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានៅសណ្ឋាគាររដ្ឋDiaoyutai។
កាលពីបីឆ្នាំមុន ការរាតត្បាតនៃជំងឺកូវីដ១៩បានផ្ទុះឡើងនៅទីក្រុងWuhanប្រទេសចិន នៅពេលដែលអាមេរិកនិងប្រទេសលោកខាងលិចចោទប្រកាន់និងមួលបង្កាច់ប្រទេសចិនឥតឈប់ឈរ សម្តេចហ៊ុនសែនដែលទើបតែបញ្ចប់សន្និសីទអន្តរជាតិនៅបរទេសបានកែប្រែដំណើរភ្លាមៗ ហើយដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងប៉េកាំងនៅរសៀលថ្ងៃទី៥ខែកុម្ភៈ ។ដំណើរទស្សនកិច្ចពិសេសនាពេលដ៏ពិសេសបែបនេះ បានបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងឋានៈជា“មិត្តដែកថែប”ចំពោះរដ្ឋាភិបាលនិងប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
បីឆ្នាំក្រោយមក ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែកុម្ភៈ តបតាមការអញ្ជើញរបស់ភាគីចិនសម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា បានមកបំពេញទស្សនកិច្ចផ្លូវការជាម្តងទៀតនៅប្រទេសចិន សម្តេចបានក្លាយជាមេដឹកនាំបរទេសដំបូងដែលបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៣ ការនេះបានបង្ហាញយ៉ាងពេញលេញនូវមិត្តភាព“ដែកថែប”ដ៏ជិតស្និទ្ធរវាងចិននិងកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកXiJinpingប្រធានរដ្ឋចិននិងសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា បានផ្លាស់ប្តូរមតិយ៉ាងស៊ីជម្រៅលើការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងយុគសម័យថ្មី ព្រមនឹងបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ដោយបានចង្អុលបង្ហាញទិសដៅយ៉ាងច្បាស់លាស់សម្រាប់អនាគតនៃការអភិវឌ្ឍទំនាក់ទំនងចិននិងកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានឯកភាពធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួនប្រាំមួយ ពោលគឺ នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខនិងមនុស្សធម៌ ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ"ត្បូងពេជ្រ"រវាងចិននិងកម្ពុជា។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានឯកភាពគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមកផងដែរ។
និយាយអំពីដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ សម្តេចហ៊ុនសែនមានប្រសាសន៍ថា មិនថាជាដំណើរទស្សនកិច្ចកាលពីបីឆ្នាំមុន ឬដំណើរទស្សនកិច្ចលើកនេះក៏ដោយ សម្តេចសុទ្ធតែសង្ឃឹមថានឹងបង្ហាញសារយ៉ាងច្បាស់ថា ប្រជាជនកម្ពុជានឹងឈរជាមួយប្រជាជនចិនយ៉ាងរឹងមាំ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងចិននិងកម្ពុជាបានឈានដល់កម្រិតខ្ពស់ថ្មីជាបន្តបន្ទាប់ ហើយការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាទទួលបាននូវសមិទ្ធផលជាផ្លែផ្កាដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិភាពនិងវិបុលភាពនៃតំបន់និងពិភពលោកផងដែរ។
ចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើ"ផែនការប្រតិបត្តិអំពីការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជា"នៅខែមេសាឆ្នាំ២០១៩មក កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបានទទួលការរីកចម្រើនដ៏សំខាន់ជាបន្តបន្ទាប់។ ចាប់តាំងពី"កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិននិងកម្ពុជា"ចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២២មក រហូតដល់ចុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីមានដល់ជាង១៦ពាន់លានដុល្លារអាមេរិក។ ក្នុង"កន្ត្រកបន្លែ"របស់ប្រជាជនចិនបានលេចចេញមានកសិផលដូចជាផ្លែមៀន និងពោតរបស់កម្ពុជាដែលមានគុណភាពខ្ពស់កាន់តែច្រើនឡើងៗ។ ផ្លូវល្បឿនលឿនពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគនិងសាងសង់ដោយសហគ្រាសចិនបាននាំឱ្យប្រទេសកម្ពុជាចូលទៅក្នុង“យុគសម័យផ្លូវល្បឿនលឿន” ដែលមិនត្រឹមតែផ្តល់ភាពងាយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃតំបន់ជុំវិញក្រុងព្រះសីហនុផងដែរ។ ក្រៅពីនេះ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនចិនបានសាងសង់ផ្លូវប្រវែង៤ពាន់គីឡូម៉ែត្រ និងបានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន៨ខ្សែ នៅប្រទេសកម្ពុជាដែលបានជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងការស្តារជនបទឡើងវិញរបស់កម្ពុជា ហើយបានធ្វើឱ្យចំណងមិត្តភាពរវាងចិននិងកម្ពុជាកាន់តែចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនផងដែរ។
ប្រទេសចិននិងកម្ពុជាគឺជាអ្នកជិតខាងល្អ និងជាដៃគូដ៏ល្អ។ ដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុនសែនមកកាន់ប្រទេសចិនលើកនេះ គឺចំពេលគម្រប់ខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងចំពេល"ឆ្នាំមិត្តភាពចិននិងកម្ពុជា"។ប្រឈមមុខនឹងការប្រែប្រួលនៃពិភពលោក ការប្រែប្រួលនៃយុគសម័យ និងការប្រែប្រួលនៃប្រវត្តិសាស្ត្រនាពេលបច្ចុប្បន្ន ទំនាក់ទំនងចិននិងកម្ពុជាកាន់តែមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីគាបសង្កត់និងទប់ស្កាត់ប្រទេសចិន ប្រទេសអាមេរិកនិងបណ្តាប្រទេសលោកខាងលិចបានដាក់សម្ពាធម្តងហើយម្តងទៀតទៅលើបណ្តាប្រទេសអាស៊ានក្នុងឆាកអន្តរជាតិ ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូលអាស៊ានជាដើម។ចំពោះការនេះ បណ្តាប្រទេសអាស៊ានដូចជាកម្ពុជានិងឥណ្ឌូណេស៊ីជាដើមបាននាំគ្នាបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងមិនចង់“ជ្រើសរើសឈរទៅខាងភាគីណាមួយ”ឡើយ។ ប្រឈមមុខនឹងការចោទជាមន្ទិលសង្ស័យនិងការចោទប្រកាន់ពីបណ្តាប្រទេសលោកខាងលិចមួយចំនួនលើទំនាក់ទំនងចិននិងកម្ពុជា សម្តាចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់លាស់ជាច្រើនដងថា "បើមិនឱ្យខ្ញុំពឹងចិន ឱ្យខ្ញុំទៅពឹងអ្នកណា?បើកុំមានចិនជួយ តើប្រទេសអ្នកអាចជួយស្ពានហ្នឹងបានទេ?"។ ត្រឹមមុនពេលសម្តេចហ៊ុនសែនចេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកនេះ ភាគីកម្ពុជាក៏បានស្តីបន្ទោសប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលយក“អន្ទាក់បំណុល”មកមួលបង្កាច់លើទំនាក់ទំនងប្រក្រតីរវាងចិននិងកម្ពុជាដែរ។
ប្រទេសចិនកំពុងជំរុញការអភិវឌ្ឍប្រទេសជិតខាងតាមរយៈអត្ថប្រយោជន៍នៃការអភិវឌ្ឍរបស់ខ្លួន ហើយបានរួមចំណែកយ៉ាងសកម្មដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ផ្ទុយទៅវិញ ប្រទេសអាមេរិកនិងបណ្តាប្រទេសលោកខាងលិច ក្រៅពីពាក្យសន្យាតាមតែមាត់ សម្បីតែកិច្ចសហប្រតិបត្តិការនិងជំនួយសេដ្ឋកិច្ចយ៉ាងតិចតួចគួរឱ្យអាណិតនោះ ក៏បានភ្ជាប់លក្ខខណ្ឌនយោបាយជាច្រើនផងដែរដែលបាននាំមកនូវកត្តាអស្ថិរភាពដល់តំបន់។ ចំពោះការនេះ សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍នៅពេលផ្តល់បទសម្ភាសន៍ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា "គេតែងតែគំរាមយើង ដាក់ទណ្ឌកម្មយើង។ ខ្ញុំគិតថាមិត្តចិននឹងមិនធ្វើសកម្មភាពបែបនេះចំពោះយើងនោះទេ។ដូច្នេះហើយ បានជាខ្ញុំមិនខ្លាចជាមួយនឹងការគាបសង្កត់ណាទាំងអស់ ហើយខ្ញុំបានប្រកាសថាខ្ញុំមិនយកឯករាជ្យ អធិបតេយ្យភាពរបស់ខ្ញុំ ទៅដោះដូរជាមួយនឹងជំនួយ ឬភាពអនុគ្រោះណាទាំងអស់។"
ស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្ននេះកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ហើយបរិយាកាសសន្តិសុខនិងការអភិវឌ្ឍជាតិមានភាពស្មុគស្មាញនិងការប្រែប្រួលជាច្រើន។ សម្រាប់ប្រជាជនចិននិងកម្ពុជា ដែលសុទ្ធតែធ្លាប់ឆ្លងកាត់ការឈឺចាប់នៃសង្រ្គាម“សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ”គឺជាអ្វីដែលភាគីទាំងពីរត្រូវការបំផុត។ ដូចដែលសម្តេចហ៊ុនសែនមានប្រសាសន៍ថា "នៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងបែកបាក់និងកំពុងតែផ្លាស់ប្ដូរដ៏ជ្រាលជ្រៅ សណ្ដាប់ធ្នាប់ពិភពលោកត្រូវបានបំពាននិងបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ គោលដៅធំបំផុតរបស់យើង គឺលើកស្ទួយជីវភាពប្រជាជន មិនមែនត្រៀមបំរុងការវាយប្រហារទៅលើគ្នាទេ។" ព្រមពេលជាមួយគ្នានេះ សម្តេចហ៊ុនសែនក៏បានមានប្រសាស៍ទៀតថា ប្រសិនបើគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយលោកXiJinpingប្រធានរដ្ឋចិនត្រូវបានទទួលយកយ៉ាងទូលំទូលាយ នោះពិភពលោកនឹងក្លាយទៅជាសហគមន៍ដែលរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា វិបុលភាពរួមនិងអនាគតដ៏ភ្លឺស្វាង៕