បទវិភាគ៖សន្តិសុខគឺជាសិទ្ធិរបស់បណ្តាប្រទេសពិនានាលើភពលោក តែមិនមែនជាកម្មសិទ្ធផ្ដាច់មុខរបស់ប្រទេសមួយចំនួនទេ

2023-02-22 18:01:14
ប្រភព:CRI

ថ្ងៃទី២១ខែកុម្ភៈ   ប្រទេសចិនបានចេញផ្សាយជាផ្លូវការនូវ 《ឯកសារស្តីពីគំនិតផ្តួចផ្តើមសន្តិសុខសកល》។ នេះគឺជាឯកសារមួយច្បាប់ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីពិភពលោក  ព្រោះថាវាបានបកស្រាយពីទស្សនៈស្នូលនៃគំនិតផ្តួចផ្តើមសន្តិសុខសកល  ព្រមទាំងបានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន២០ដែលបានគ្រោង"ផែនទីបង្ហាញផ្លូវ"កាន់តែលម្អិតសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមនេះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ   សហគមន៍អន្តរជាតិចាប់អារម្មណ៍ជាទូទៅថា ពិភពលោកកាន់តែមានភាពច្របូកច្របល់និងគ្មានសន្តិសុខ។ ជាពិសេស វិបត្តិអ៊ុយក្រែនដែលបានផ្ទុះឡើងនៅដើមឆ្នាំ២០២២ បានបណ្តាលឱ្យមានជនភៀសខ្លួនរាប់លាននាក់ត្រូវនិរាសព្រាត់ប្រាស់គ្មានទីជម្រក ហើយបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់ស្បៀងអាហារនិងថាមពលពិភពលោកផងដែរ។

ឆ្លងតាមរយៈការប៉ះទង្គិចនិងវិបត្តិជាច្រើនលើក  មនុស្សទាំងឡាយបានរកឃើញថា ក្បួនច្បាប់ដែលសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ   ដូចជាកម្មវត្ថុគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ មិនទទួលបាននូវការគាំពារនិងគោរពតាមប្រកបដោយប្រសិទ្ធិភាពនោះឡើយ។  ប្រទេសលោកខាងលិចមួយចំនួន  ដោះស្រាយបញ្ហាសន្តិសុខដោយស្តង់ដារពីរ ហើយមើលរំលងក្នុងរយៈពេលយូរនិងរំលោភបំពានជាប្រព័ន្ធនូវសន្តិសុខប្រទេសដទៃ ។ ប្រទេសខ្លះ ឃោសនាបំប៉ោងលើការធ្វើបដិបក្ខគ្នាជាក្រុម   ហើយប្រើប្រាស់កម្លាំងអាវុធខុសទំនងឫគំរាមកំហែងដោយកម្លាំងអាវុធតាមតែទំនើងចិត្ត។ 

ទាក់ទិននឹងរោគសញ្ញាទាំងនេះ   គំនិតផ្តួចផ្តើមសន្តិសុខសកលបានគូសបញ្ជាក់ថា   "ប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខប្រកបដោយការរួមគ្នា  ភាពចំរុះ  កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព"  "ប្រកាន់ខ្ជាប់នូវការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសនានា"  "ប្រកាន់ខ្ជាប់នូវការគោរព កម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ"  "ប្រកាន់ខ្ជាប់នូវការយកចិត្តទុកដាក់ ចំពោះកង្វល់ផ្នែកសន្តិសុខដ៏សមហេតុផលរបស់ប្រទេសនានា"  "ប្រកាន់ខ្ជាប់នូវការដោះស្រាយការវិវាទនិងការខ្វែងគំនិតរវាងប្រទេសនិងប្រទេសដោយសន្តិវិធីតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នា"  "ប្រកាន់ខ្ជាប់នូវការសម្របសម្រួលការគាំពារសន្តិសុខក្នុងវិស័យប្រពៃណីនិងវិស័យមិនប្រពៃណី" ។"ការប្រកាន់ខ្ជាប់" ទាំង៦នេះ  ផ្តោតសំខាន់ទៅលើផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល ដែលបានក្លាយទៅជាខ្លឹមសារស្នូលនៃគំនិតផ្តួចផ្តើមនេះ។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត   ជានិច្ចកាលប្រទេសចិនតែងតែថែរក្សាសន្តិសុខពិភពលោកយ៉ាងសកម្ម។  ឧទាហរណ៍  ភាគីចិនបានគូសបញ្ជាក់ក្នុង《ឯកសារស្តីពីគំនិតផ្តួចផ្តើមសន្តិសុខសកល》ថា  នឹងគាំទ្រអង្គការសហប្រជាជាតិក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ការការប៉ះទង្គិច   ជំរុញប្រទេសមហាអំណាចឱ្យទទួលខុសត្រូវសំខាន់ពិសេសក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ   ក៏ដូចជាប្រកាន់ខ្ជាប់នូវការថែរក្សាគំនិតឯកភាពរួមស្តីពី"សង្គ្រាមនុយគ្លេអ៊ែរមិនអាចឈ្នះ និងមិនអាចធ្វើទៅរួច"។ 

សូមយកការឆ្លើយតបនឹងវិបត្តិអ៊ុយក្រែនជាឧទាហរណ៍   ក្នុង១ឆ្នាំកន្លងមកនេះ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ជាប់រហូត  ហើយជំរុញយ៉ាងសកម្មឱ្យបញ្ហានេះត្រូវបានដោះស្រាយតាមរយៈការចរចាសន្តិភាព។  ប៉ុន្តែផ្ទុយទៅវិញ  ពេលថ្មីៗនេះ មេដឹកនាំអាមេរិកស្រាប់តែធ្វើទស្សនកិច្ចនៅអ៊ុយក្រែន  ហើយបានប្រកាសថា ពួកគេនឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន៥រយលានដុល្លារអាមេរិកបន្ថែមទៀតដល់អ៊ុយក្រែន។ ភាគីអាមេរិកធ្វើបែបនេះ  គឺដាក់ដូចជាបន្តយកសាំងមកចាក់លើភ្លើង និងធ្វើឱ្យឱនភាពសន្តិសុខពិភពលោកកាន់តែធ្ងន់ធ្ងរឡើងជាបន្តបន្ទាប់។

សន្តិសុខគឺជាសិទ្ធិរបស់បណ្តាប្រទេសនានាលើពិភពលោក  តែមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ប្រទេសមួយចំនួនទេ។ ដើម្បីធ្វើឱ្យពិភពលោកកាន់តែមានសន្តិសុខ  ប្រទេសនានាសុទ្ធតែត្រូវទទួលខុសត្រូវ។ ភាគីចិនរំពឹងថាភាគីនានានឹងរួមគ្នាចូលរួមក្នុងគំនិតផ្តួចផ្តើមសន្តិសុខសកលដើម្បីនាំមកនូវសន្តិភាពនិងភាពសុខសាន្តត្រានកាន់តែច្រើនដល់ពិភពលោក៕

បទវិភាគ៖សន្តិសុខគឺជាសិទ្ធិរបស់បណ្តាប្រទេសពិនានាលើភពលោក តែមិនមែនជាកម្មសិទ្ធផ្ដាច់មុខរបស់ប្រទេសមួយចំនួនទេ