បទវិភាគ៖ប្រសិនបើជប៉ុនចចេសជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ នោះ សហគមន៍អន្តរជាតិគួរតែធ្វើប្រតិបតិ្តការរួម
កាលពីថ្ងៃទី ២៥ ខែកុម្ភៈ លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មរបស់ជប៉ុនបានរៀបចំពិធីធ្វើការបកស្រាយអំពីផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រនៅទីក្រុង Iwaki ខេត្ត Fukushima ។ ក៏ដូចកាលពីមុនដែរ អ្នកប្រកបរបរនេសាទក្នុងតំបន់បាននាំគ្នាប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការនេះ ហើយបានចោទជាមន្ទិលសង្ស័យថា ការដែលរដ្ឋាភិបាលជប៉ុនចចេសជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រដោយគ្មានទទួលការឯកភាពពីពួកគេ គឺជា"ទង្វើដែលបំពានលើទំនុកចិត្ត" ។ អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ខណៈពេលដែលប្រព័ន្ធសារព័ត៌មានសួរថា តើត្រូវប្រើស្តង់ដារបែបណាដើម្បីធ្វើការវិនិច្ឆ័យថា ប្រជាជនឯកភាពគ្នាជាមួយផែនការនេះឬអត់ លោក Yasutoshi Nishimura បែរជាបានឆ្លើយតបថា "គ្មានសន្ទស្សន៍ជាក់លាក់ណាមួយទេ" ។ ពាក្យសម្តីបែបនេះបាននាំឱ្យមតិអន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
កាលពីខែមេសា ឆ្នាំ ២០២១ រដ្ឋាភិបាលជប៉ុនបានប្រកាសថា មានផែនការចាប់ផ្តើមបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រពីរដូវផ្ការីកឆ្នាំ ២០២៣ នេះតទៅ ដែលបង្កឱ្យមានការចោទជាមន្ទិលសង្ស័យនិងការប្រឆាំងយ៉ាងទូលំទូលាយពីសំណាក់ទាំងក្នុងនិងក្រៅប្រទេស ។ កាលពីខែកក្កដា ឆ្នាំ ២០២២ ជប៉ុនបានអនុម័តជាផ្លូវការលើផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រក្នុងកាលៈទេសៈដែលក្រុមការងារបច្ចេកទេសនៃអង្គការថាមពលបរមាណូអន្តរជាតិនៅតែធ្វើការត្រួតពិនិត្យនិងវាយតម្លៃដដែល ។ ទង្វើទាំងនេះមិនត្រឹមតែប៉ះពាល់ដល់កិត្យានុភាពរបស់អង្គការអន្តរជាតិពាក់ព័ន្ធប៉ុណ្ណោះទេ ថែមទាំងក៏មិនទទួលខុសត្រូវបំផុតចំពោះប្រជាជនជប៉ុននិងសហគមន៍អន្តរជាតិផងដែរ ។
សូមបញ្ជាក់ថា តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីបំផុតដែលប្រកាសដោយវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្នែកសមុទ្រនិងវិទ្យាស្ថានសិក្សាស្រាវជ្រាវថាមពលនុយក្លេអ៊ែរនៃប្រទេសកូរ៉េខាងត្បូងបានបង្ហាញថា ប្រសិនបើទឹកសំណល់នុយក្លេអ៊ែរត្រូវបង្ហូរទៅក្នុងលំហសមុទ្រក្បែរខេត្ត Fukushima ដែលស្ថិតនៅប៉ែកខាងកើតប្រទេសជប៉ុន នោះ សារធាតុវិទ្យុសកម្ម Tritium ក្នុងទឹកសំណល់នឹងហូរតាមទឹកទៅកាន់ទិសខាងកើតជាមួយចរន្តកម្តៅដ៏ខ្លាំងរបស់ជប៉ុន ១០ ឆ្នាំក្រោយ វានឹងសាយភាយដល់លំហមហាសមុទ្រប៉ាស៊ីហ្វិកខាងជើងទាំងមូល ។ របាយការណ៍វាយតម្លៃដែលចេញផ្សាយដោយក្រុមការងារបច្ចេកទេសនៃអង្គការថាមពលបរមាណូអន្តរជាតិកាលពីឆ្នាំមុនក៏បានបញ្ជាក់ដែរថា ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន គឺ មិនសមស្របនឹងស្តង់ដារសន្តិសុខរបស់អង្គការនេះ ។
ព្រមពេលជាមួយគ្នានេះ ក្នុងសន្និសីទនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានបើកកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ប្រទេសចិននិងរុស្ស៊ីសុទ្ធតែបានសម្តែងការយកចិត្តទុកដាក់ចំពោះបញ្ហាបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុនដោយបានលើកឡើងថា ប្រការនេះនឹងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានសមុទ្រ ប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាសុខភាពនិងអាយុជីវិតរបស់ប្រជាជននៃបណ្តាប្រទេសនានា ។ ប៉ុន្តែ ខណៈពេលធ្វើសេចក្តីសម្រេចចិត្តនេះ ជប៉ុនមិនបានធ្វើការពិគ្រោះពិភាក្សាជាមួយប្រទេសជិតខាងនោះឡើយ ។ ប្រឈមមុខនឹងការចោទជាមន្ទិលសង្ស័យនិងការប្រឆាំងពីសំណាក់ទាំងក្នុងនិងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនមិនត្រឹមតែមិនគិតពិចារណាពីការកែតម្រូវកំហុសរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បែរជាប៉ុនប៉ងអូសទាញប្រទេសផ្សេងទៀតឱ្យធ្វើជាឈ្នាន់ ។
មហាសមុទ្រជាមូលដ្ឋានសម្រាប់ការរស់នៅនិងអភិវឌ្ឍដែលបណ្តាប្រទេសនានានៅទូទាំងពិភពលោកពឹងអាស្រ័យ ។ នៅទីបំផុត មូលហេតុដែលជប៉ុនសម្រេចចិត្តបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ គឺដោយមកពីថ្លៃដើមទាបបំផុត ។ រីឯជប៉ុនធ្វើបែបនេះ តើល្មើសនឹងច្បាប់អន្តរជាតិពាក់ព័ន្ធឬអត់ តើនឹងបំផ្លិចបំផ្លាញដល់បរិស្ថានសមុទ្រនិងសុខភាពអាយុជីវិតរបស់មនុស្សជាតិឬអត់ គឺ មិនស្ថិតក្នុងការគិតពិចារណារបស់ពួកគេនោះទេ ។ ប្រសិនបើជប៉ុនចចេសជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ នោះ សហគមន៍អន្តរជាតិគួរតែធ្វើប្រតិបតិ្តការរួមដើម្បីគាំពារផលប្រយោជន៍រួមតាមរយៈមធ្យោបាយផ្លូវច្បាប់ ៕