ការសង្កេត|ឥស្សរជនបរទេសមកបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ តើហេតុអ្វីពួកគេមកប្រទេសចិន?

2023-04-12 10:48:51
ប្រភព:គេហទំព័រCCTV

ថ្មីៗនេះ ឯកឧត្តម Pedro Sánchez Pérez-Castejón នាយករដ្ឋមន្ត្រីអេស្ប៉ាញ ឯកឧត្តម Dato' Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង និងលោកជំទាវ Ursula von der Leyen​​ ប្រធានគណៈកម្មការអឺរ៉ុប បានមកបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់។

អ្នកអត្ថាធិប្បាយមួយចំនួនជឿថា ទន្ទឹមនឹងវិបត្តិជាច្រើនដូចជា វិបត្តិសន្តិសុខ វិបត្តិសេដ្ឋកិច្ច និងភាពវឹកវរផ្នែកនយោបាយកើតឡើង ភាគីអឺរ៉ុបយល់ថាកិច្ចសហប្រតិបត្តិការ និងការសន្ទនារវាងចិន និងសហភាពអឺរ៉ុបគឺមានភាពចាំបាច់។គេហទំព័រនៃកាសែត «El Mundo» របស់អេស្ប៉ាញផ្តល់ទស្សនៈថា ប្រទេសចិនមានការចាប់អារម្មណ៍និងមានគោលបំណងក្នុងការទាក់ទងប្រទេសទាំងអស់ និងស្វាគមន៍មេដឹកនាំគ្រប់ប្រទេសមកបំពេញទស្សនកិច្ចនៅប្រទេសចិន។ ឥឡូវនេះ ផ្លូវទាំងអស់សុទ្ធតែនាំពួកគេទៅដល់ទីក្រុងប៉េកាំង។

ឥស្សរជនបរទេសមកបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ តើហេតុអ្វីពួកគេមកប្រទេសចិន?

ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងទទួលផលយកប្រយោជន៍ទៅវិញទៅមក

ឯកឧត្តម លូ សាយា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយកាសែត «Nouvelles D'Europe» ថា តាមស្ថិតិថ្មីបំផុតពីភាគីបារាំងបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងចិន និងបារាំងបានលើសពី ១០០ ពាន់លានអឺរ៉ូជាលើកដំបូងក្នុងឆ្នាំ២០២២ កើនឡើង ១៤,៦%  បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដែលបង្ហាញពីសន្ទុះដ៏ខ្លាំងក្លា។ ពីយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងពាណិជ្ជកម្មដល់ទំនាក់ទំនងរវាងប្រជាជនលើវិស័យវប្បធម៌ ប្រទេសទាំងពីររៀបចំផែនការអភិវឌ្ឍទំនាក់ទំនងនាពេលអនាគតគ្រប់ជ្រុងជ្រោយ ដែលបើកចេញនូវទស្សនវិស័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការចិន-បារាំង។

នៅថ្ងៃទី៣១ខែមីនា ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិនជាផ្លូវការ ហើយឯកឧត្តមបានមានប្រសាសន៍ថា "ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំលើភាពធន់នៃសេដ្ឋកិច្ចចិន ហើយខ្ញុំជឿជាក់ថាសេដ្ឋកិច្ចចិននឹងបន្តអភិវឌ្ឍបានល្អជាបន្តបន្ទាប់ ប្រទេសជិតខាងដូចជាសិង្ហបុរីទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយចិន"។

នៅថ្ងៃទី១ ខែមេសា ឯកឧត្តម​Dato' Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ចប់ដោយជោគជ័យនូវដំណើរបំពេញទស្សនកិច្ចរយៈពេលបួនថ្ងៃនៅប្រទេសចិន។ សម្រាប់ដំណើរបំពេញទស្សនកិច្ចនេះ កាសែត «Sin Chew Daily» បានផ្សព្វផ្សាយព័ត៌មានថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ការវិនិយោគពីប្រទេសចិនតែមួយគឺនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី។

ដំណើរ​ទស្សន​កិច្ច​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​ច្រើន​នៅ​ប្រទេស​ចិន​បាន​បញ្ជាក់​ថា ប្រទេសចិន​ដើរ​តួនាទីដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ស្ទុះ​ងើបឡើងវិញនៃ​សេដ្ឋកិច្ច​ពិភពលោក និង​ក្នុង​តំបន់។ ប្រឈមនឹងតម្រូវការសកលទន់ខ្សោយ ពិភពលោករំពឹងថាទីផ្សារដ៏ធំបំផុតរបស់ប្រទេសចិន និងការអភិវឌ្ឍដែលមានគុណភាពខ្ពស់អាចបង្កើតឱកាសកាន់តែច្រើន។

ដើម្បីកសាងទំនាក់ទំនងទ្វេភាគីដែលមានការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ

ក្នុងអំឡុងសកម្មភាពការទូតជាញឹកញាប់នាពេលថ្មីៗនេះ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន និងថ្នាក់ដឹកនាំបរទេសមិនត្រឹមតែបាននិយាយអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានលើកឡើងអំពីប្រធានបទដ៏កាន់តែទូលំទូលាយផងដែរ គឺទំនាក់ទំនងទ្វេភាគី និងស្វ័យភាពជាយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនេះដែរ ប្រទេសចិនក៏គោរព និងគាំទ្រជម្រើសឯករាជ្យសម្រាប់ផ្លូវអភិវឌ្ឍន៍ដែលធ្វើឡើងដោយប្រជាជននៃប្រទេសផ្សេងៗ។

នៅពេលជួបជាមួយ ឯកឧត្តម Pedro Sánchez Pérez-Castejón នាយករដ្ឋមន្ត្រីអេស្ប៉ាញ ឯកឧត្តម ស៊ី ជីនភីង​បានមានប្រសាសន៍ថា ចង់អភិវឌ្ឍន៍ទំនាក់ទំនងចិន-អឺរ៉ុបអោយល្អនោះ អឺរ៉ុបត្រូវប្រកាន់ខ្ជាប់នូវស្វ័យភាពជាយុទ្ធសាស្ត្រ។ ​ឯកឧត្តម ស៊ី ជីនភីង សង្ឃឹម​ថា អេ​ស្ប៉ា​ញ​នឹង​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​សហភាព​អឺរ៉ុប។

នៅក្នុងជំនួបជាមួយលោកជំទាវ Ursula von der Leyen ​ប្រធានគណៈកម្មការអឺរ៉ុបឯកឧត្តម ស៊ី ជីនភីង​បានសង្កត់ធ្ងន់ថា យើងត្រូវគោរពសិទ្ធិរបស់ប្រជាជននៃប្រទេសទាំងអស់ក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍របស់ខ្លួនដោយឯករាជ្យ។ ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងចិន និងប្រទេសណាមួយមិនផ្តោតលើ មិនពឹងផ្អែកលើ និងជាកម្មវត្ថុរបស់ភាគីទីបីទេ។

ប្រសិនបើយើងចង់សម្រេចបាន"ស្វ័យភាពជាយុទ្ធសាស្ត្រ"ជាក់ស្តែង យើងត្រូវតែកម្ចាត់និចលភាពនៃការរាំរាំងជាមួយអ្នកដទៃ ហើយធ្វើជាម្ចាស់គ្រប់គ្រងលើខ្លួនយើង។ អ្នកជំនាញខ្លះជឿជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់ឯកឧត្តម Emmanuel Macron គឺជាការឆ្លើយតបដ៏ខ្លាំងក្លាមួយចំពោះគោលនយោបាយដែលគេហៅថា "បំបែកបំបាក់អោយដាច់ចេញ" របស់សហរដ្ឋអាមេរិក។

ដើម្បីពិភពលោកកាន់តែមានសន្តិភាព និងស្ថិរភាព

តួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងការដោះស្រាយនយោបាយវិបត្តិអ៊ុយក្រែនត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយថ្នាក់ដឹកនាំនៃប្រទេសជាច្រើន។

នាថ្ងៃទី៦ ខែមេសា នៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់បានប្រកាសថា ទំនាក់ទំនងការទូតនឹងត្រូវបានស្តារឡើងវិញដោយមានប្រសិទ្ធិភាពចាប់ពីពេលនេះតទៅ។ ប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ពួតដៃគ្នាបង្កើតសន្តិភាព ស្តារឡើងវិញជាជំហានតូចៗមួយ ក៏ប៉ុន្តែនេះក៏ជាជំហានដ៏ធំមួយសម្រាប់មនុស្សជាតិក្នុងការជម្នះជម្លោះ និងសម្រេចបាននូវការផ្សះផ្សាគ្នា។

រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ងបានកោតសរសើរចំពោះការទទួលខុសត្រូវរបស់ប្រទេសចិនដែលជាប្រទេសសំខាន់មួយ ហើយបានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់កិច្ចប្រជុំដ៏សំខាន់រវាងភាគីទាំងពីរ។ ពួកគេបានសម្តែងថា នឹងជំរុញការអនុវត្ត"កិច្ចព្រមព្រៀងទីក្រុងប៉េកាំង" បន្តកែសម្រួលទំនាក់ទំនងទ្វេភាគី និងរួមគ្នារក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

ការផ្លាស់ប្តូរនៃពិភពលោក ពេលវេលា និងប្រវត្តិសាស្រ្តកំពុងកើតឡើងតាមរបៀបដែលមិនធ្លាប់កើតមានពីមុនមក។ ប្រទេសចិននៅក្នុងយុគសម័យថ្មីដែលបន្តធ្វើការរួមចំណែកថ្មី នឹងនាំមកនូវឱកាសថ្មី និងកម្លាំងចលករកាន់តែខ្លាំងសម្រាប់ទូទាំងពិភពលោក៕

អ្នកបកប្រែ ៖Shen Yan

ការសង្កេត|ឥស្សរជនបរទេសមកបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ តើហេតុអ្វីពួកគេមកប្រទេសចិន?