បទវិភាគ៖មានមិត្តភក្តិដូចអាមេរិកអ៊ីចឹង តើអ្នកណានៅត្រូវការសត្រូវទៀត?

2023-04-13 17:43:06
ប្រភព:CRI

“មានមិត្តភក្តិដូចអាមេរិកអ៊ីចឹង តើអ្នកណានៅត្រូវការសត្រូវទៀត?” ពាក្យសំដីរបស់លោក Donald Tusk អតីតប្រធានក្រុមប្រឹក្សាអឺរ៉ុបនេះ ត្រូវបានបញ្ជាក់ម្តងទៀតតាមរយៈហេតុការណ៍បែកធ្លាយការសម្ងាត់ថ្មីបំផុតរបស់អាមេរិក ។

ចាប់ពីដើមខែមីនាឬពេលមុននេះ នៅតាមបណ្តាញអ៊ីនធឺណែត ក៏បានចាប់ផ្តើមលេចចេញជាបន្តបន្ទាប់នូវឯកសារព័ត៌មានចារកម្មយោធាដែលមានភាពសម្ងាត់កម្រិតខ្ពស់របស់អាមេរិក ។ ឯកសារទាំងនេះមានចំនួនយ៉ាងច្រើន ប្រហែលមានចំនួនជាង១០០ច្បាប់ ហើយមានខ្លឹមសារគួរឱ្យអ្នកផងភ្ញាក់ផ្អើល ដែលពាក់ព័ន្ធនឹងករណីជាច្រើន ដូចជារដ្ឋាភិបាលអាមេរិកលូកដៃចូលការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនយ៉ាងស៊ីជម្រៅ ការលួចស្តាប់និងឃ្លាំមើលយ៉ាងដិតដល់ចំពោះមន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែន កូរ៉េខាងត្បូងនិងអ៊ីស្រាអែលជាដើម ។ ឆ្លងតាមរយៈការផ្សព្វផ្សាយអស់រយៈពេលជាងមួយខែ ពិភពលោកទាំងមូលសុទ្ធតែដឹង“ហេតុការណ៍បែកធ្លាយការសម្ងាត់”របស់មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកហើយដែលបានក្លាយជាហេតុការណ៍ដ៏ធ្ងន់ធ្ងរជាងគេគិតតាំងពីរហេតុការណ៍បែកធ្លាយការសម្ងាត់របស់ Wikileaks កាលពីឆ្នាំ២០១៣មក ។

ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក អាមេរិកលួចស្តាប់យកការណ៍ពីសម័្ពន្ធមិត្តក្នុងកម្រិតដូចគ្នា  នេះជាការសម្ងាត់ដែលបើកចំហរ ប៉ុន្តែការបែកធ្លាយជាថ្មីបំផុតលើកនេះ ក៏ធ្វើឱ្យសម័្ពន្ធមិត្តទាំងឡាយរបស់អាមេរិកឈឺចាប់យ៉ាងខ្លាំង ។ ឧទាហរណ៍ដូចជា ក្នុងឯកសារមានខ្លឹមសារលម្អិតជាច្រើនអំពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងនោះក៏បូករួមទាំងផែនការធ្វើប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែននៅរដូវផ្ការីក និងសភាពការណ៍ដែលប្រទេសលោកខាងលិចជួយអ៊ុយក្រែនដាក់ពង្រាយកងទ័ព ប្រគល់អាវុធនិងកងកម្លាំងជាដើម ។ ព្រមពេលជាមួយគ្នានេះ ឯកសារបានបង្ហាញថា អាមេរិកបានឃ្លាំមើលដោយគ្រប់ជ្រុងជ្រោយចំពោះលោក Zelensky ប្រធានាធិបតីអ៊ុយក្រែន ។ ប្រព័ន្ធសារព័ត៌មានអាមេរិក CNN បានដកស្រង់ពាក្យសំដីរបស់មនុស្សជំនិតរបស់លោក Zelensky ថា អ៊ុយក្រែនអន់ចិត្តនិងខឹងសម្បារចំពោះការបែកធ្លាយព័ត៌មាននេះ ។ ក្រៅពីនេះ កំណែទម្រង់ប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីស្រាអែល និងកិច្ចពិគ្រោះពិភាក្សាដោយសម្ងាត់របស់មន្ត្រីកូរ៉េខាងត្បូងអំពីបញ្ហាថាតើត្រូវផ្តល់អាវុធប្រល័យលោកដល់អ៊ុយក្រែនឬអត់ សុទ្ធតែស្ថិតក្នុងក្របខ័ណ្ឌឃ្លាំមើលរបស់អាមេរិកផងដែរ ។

បើមើលពីព័ត៌មានទាំងនេះអាចឃើញថា អាមេរិកបានលូកដៃចូលយ៉ាងស៊ីជម្រៅក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ព្រមទាំងចង់ក្តាប់ជាប់និន្នាការវិវឌ្ឍរីកចម្រើន អាមេរិកមិនជឿទុកចិត្តលើប្រទេសណាមួយឡើយ ក្នុងនោះក៏បូករួមទាំងសម័្ពន្ធមិត្តផងដែរ ។ មិនថាអ្នកដឹកនាំរបស់ប្រទេសជាសម័្ពន្ធមិត្ត ឬក៏ការវិវឌ្ឍរីកចម្រើននៃការប្រយុទ្ធ សុទ្ធតែជាកូនអុកលើក្តារអុករបស់អនុត្តរភាពអាមេរិក ។

ប្រឈមនឹងសម័្ពន្ធមិត្តដែលមិនស្តាប់បង្គាប់ ដោយសារអាមេរិកមានគំនិតអាត្មានិយមថា ខ្លួនត្រូវមាន “សុវត្ថិភាពដាច់ខាត” បានជាគម្រោងដោះស្រាយរបស់អាមេរិក គឺបង្កើនការគ្រប់គ្រងចំពោះសម័្ពន្ធមិត្តពីឬគល់ និងប្រុងប្រយ័ត្នរាល់ទង្វើរបស់ពួកគេគ្រប់ពេលវេលា រហូតដល់គ្រប់គ្រងបាននូវចំណុចខ្សោយរបស់ពួកគេ ដើម្បីឱ្យ “ឧបករណ៍”សម្រាប់គាំពារអនុត្តរភាពទាំងនេះស្តាប់បង្គាប់ឱ្យបានល្អ ។ ដូច្នេះ ការលួចស្តាប់និងឃ្លាំមើលបានក្លាយទៅជា "មធ្យោបាយដ៏ចាំបាច់"ម្យ៉ាងជាសន្សឹមៗ ។ ក្រៅពីនេះ ការលួចស្តាប់ក៏ក្លាយជាមធ្យោបាយម្យ៉ាងរបស់អាមេរិកដែលប៉ុនប៉ងគ្រប់គ្រងពិភពលោក និងឆក់យកផលប្រយោជន៍នៅទូទាំងពិភពលោកផងដែរ ។

យ៉ាងណាមិញ កាំបិតដ៏មុតស្រួចរបស់អាមេរិកដែលចាក់ទៅកាន់សម័្ពន្ធមិត្ត មិនមែនមានតែវិធីលួចស្តាប់ប៉ុណ្ណឹងទេ ? ការពិតជាក់ស្តែងបានបញ្ជាក់ថា នៅចំពោះមុខអាមេរិកដែលជាប្រទេសមានភាពប្រាកដនិយមនិងចាត់ទុកខ្លួនឯងជាអាទិភាព កប៉ាល់មិត្តភាពមិនអាចធន់នឹងរលកបោកបក់ឡើយ៕

បទវិភាគ៖មានមិត្តភក្តិដូចអាមេរិកអ៊ីចឹង តើអ្នកណានៅត្រូវការសត្រូវទៀត?