បទវិភាគ៖ប្រទេសអាមេរិកឡាទីនអាចកែប្រែជោគវាសនាប្រវត្តិសាស្រ្តរបស់ខ្លួនដែល"ស្និទ្ធនឹងអាមេរិកលោក"

2023-04-19 18:09:39
ប្រភព:CRI

"លោកស្រី Laura J.Richardson មេបញ្ជាការនៃបញ្ជាការដ្ឋានភាគខាងត្បូងនៃកងទ័ពសហរដ្ឋអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅអាហ្សង់ទីនបានជួនសន្ទនាជាមួយមន្ត្រីអាហ្សង់ទីន ប៉ុន្តែអ្វីដែលពួកគេបានលើកឡើង គឺ ឥទ្ធិពលរបស់ចិននៅតំបន់អាមេរិកឡាទីន "។ កាលពីថ្ងៃទី ១៧ ខែមេសា តាមម៉ោងក្នុងតំបន់ ប្រព័ន្ធសារព័ត៌មមានអាហ្សង់ទីនបានវាយតម្លៃដូចពោលខាងលើចំពោះកិច្ចសន្ទនារវាងអាមេរិកនិងអាហ្សង់ទីនដែលធ្វើឡើងនាថ្ងៃដដែលនោះ 

មិនត្រឹមតែលោកស្រី Laura J.Richardson ប៉ុណ្ណោះទេ ពេលថ្មីៗកន្លងទៅនេះ មន្ត្រីអាមេរិកជាច្រើនរូបបានធ្វើដំណើរទៅកាន់ប្រទេសអាហ្សង់ទីនជាញឹកញាប់ ។ "សហរដ្ឋអាមេរិកកំពុងព្យាយាមបន្សាបទំនាក់ទំនងរវាងចិននិងអាហ្សង់ទីន"។កាសែត《Pagina 12》របស់អាហ្សង់ទីនបានវាយតម្លៃដូចពោលខាងលើចំពោះគោលបំណងនៃដំណើរទស្សនកិច្ចនៅអាហ្សង់ទីនជាញឹកញាប់របស់មន្ត្រីជាន់ខ្ពស់អាមេរិក ។ ដោយឡែកតាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានផ្សេងទៀតបានឱ្យដឹងថា សហរដ្ឋអាមេរិកប្រហែលជាតាមដានយ៉ាងដិតដល់នូវកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិននៅតំបន់អាមេរិកឡាទីន ជាពិសេសគឺ កិច្ចសហប្រតិបត្តិការជាមួយអាហ្សង់ទីន ។

ហេតុអ្វីបានជាអាមេរិកធ្វើអ៊ីចឹង ? តាមការវិភាគរបស់ប្រព័ន្ធសារព័ត៌មានអាហ្សង់ទីនបានឱ្យដឹងថា បន្ទាប់ពីបានឡើងកាន់មុខតំណែង លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានពង្រឹងគោលនយោបាយស្តីពីការដាក់សម្ពាធនិងទប់ស្កាត់ប្រទេសចិនរបស់រដ្ឋាភិបាលអាណត្តិមុន ហើយលោកមិនចង់មើលឃើញការអភិវឌ្ឍរបស់ចិននៅតំបន់អាមេរិកឡាទីន ឬនៅទូទាំងពិភពលោកឡើយ ។ អាហ្សង់ទីនគឺជាប្រទេសធំក្នុងតំបន់អាមេរិកឡាទីន ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងអាហ្សង់ទីនមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ។ កាលពីខែកុម្ភៈ ឆ្នាំ ២០២២ អាហ្សង់ទីនបានក្លាយជាប្រទេសធំនៃអាមេរិកឡាទីនដំបូងគេបង្អស់ដែលបានចូលរួមគំនិតផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវ"ជាផ្លូវការ ។ នេះគឺជាកិច្ចសហប្រតិបតិ្តការជាក់ស្តែងដែលគោរពគ្នាទៅវិញទៅមក ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះរវាងប្រទេសកំពុងអភិវឌ្ឍន៍ ។ ប៉ុន្តែតាមទស្សនៈរបស់អាមេរិក កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្សង់ទីន បានប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួននិងគំរាមកំហែងដល់អនុត្តរភាពរបស់ខ្លួន ដូច្នេះ អាមេរិកបានប្រើមធ្យោបាយគ្រប់បែបយ៉ាងដើម្បីរារាំងនិងបំផ្លិចបំផ្លាញកិច្ចសហប្រតិបត្តិការបែបនេះ ។

"សហរដ្ឋអាមេរិកមិនបានដកការគំរាមកំហែងចេញពីអាហ្សង់ទីននោះទេ ។" ការវាយតម្លៃរបស់ប្រព័ន្ធសារព័ត៌មានអាហ្សង់ទីនបានបង្ហាញពីមូលហេតុមួយទៀត ពោលគឺ "លទ្ធិ Monroe "នៅតែបង្ករឿងហេតុដដែល ។ សហរដ្ឋអាមេរិកធ្លាប់ជ្រោងទង់"លទ្ធិ Monroe "ដើម្បីចាត់ទុកតំបន់អាមេរិកឡាទីនជា"ទីធ្លាខាងក្រោយផ្ទះ"របស់ខ្លួនក្នុងរយៈពេលជាយូរ ។ ក្នុងអំឡុងពេល ២០០ ឆ្នាំកន្លងមក ពីការឆក់យកដីធ្លីរបស់ប្រទេសអាមេរិកឡាទីនដើម្បីអភិវឌ្ឍប្រទេសខ្លួនឯងដល់ការក្តាប់ជាប់និងគ្រប់គ្រងសសៃឈានមនៃសេដ្ឋកិច្ចរបស់ប្រទេសការ៉ាប៊ីនតាមរយៈក្រុមហ៊ុនពហុជាតិ រហូតដល់ការធ្វើឱ្យប្រទេសអាមេរិកឡាទីននិងប្រទេសការ៉ាប៊ីនក្លាយជារដ្ឋចំណុះរបស់ខ្លួនតាមរយៈមធ្យោបាយគ្រប់បែបយ៉ាង ដូចជា ជ្រៀតជ្រែកដោយកម្លាំងអាវុធជាដើម អាចនិយាយបានថា សហរដ្ឋអាមេរិកបានប្រព្រឹតិ្តទង្វើអាក្រក់និងបទឧក្រិដ្ឋយ៉ាងច្រើននៅតំបន់អាមេរិកឡាទីននិងប្រទេសការ៉ាប៊ីន ។

បច្ចុប្បន្ននេះ ប្រទេសអាមេរិកឡាទីនរំពឹងចង់បានសាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ហើយសំឡេងដែលទាមទារចង់បានភាពឯករាជ្យម្ចាស់ការកាន់តែខ្លាំងឡើងៗ ។ កាលពីខែមិថុនា ឆ្នាំ ២០២២ កិច្ចប្រជុំកំពូលអាមេរិកឡាទីនលើកទី ៩ ដែលរៀបចំដោយអាមេរិករងការធ្វើពហិការយ៉ាងទូលំទូលាយពីសំណាក់ប្រទេសអាមេរិកឡាទីន វាបានក្លាយជាកិច្ចប្រជុំលើកមួយដែលមានមេដឹកនាំតិចតួចបំផុតចូលរួម ។ កាលពីខែមករាឆ្នាំនេះ កិច្ចប្រជុំកំពូលលើកទី ៧ នៃសហគមន៍រួមនៃប្រទេសអាមេរិកឡាទីននិងតំបន់ការ៉ាប៊ីនបានចេញផ្សាយ《សេចក្តីប្រកាសក្រុង Buenos Aires》ដោយបានឈានដល់គំនិតឯកភាពរួមស្តីពីការប្រឆាំងយ៉ាងដាច់ខាតនូវការជ្រៀតជ្រែកពីបរទេសនិងអនុត្តរភាពនិយម ។

រឿងដែលកំពុងកើតឡើងនៅតំបន់អាមេរិកឡាទីននាពេលបច្ចុប្បន្ននេះ កំពុងបញ្ជាក់ពីទស្សនៈរបស់ប្រព័ន្ធសារព័ត៌មានអាហ្សង់ទីនពោលថា៖"ក្នុងបរិបទដែលប្រទេសទីផ្សារងើបឡើងថ្មីកំពុងខិតខំអភិវឌ្ឍ ប្រទេសអាមេរិកឡាទីនអាចកែប្រែជោគវាសនាប្រវត្តិសាស្រ្តរបស់ខ្លួនដែល"ស្និទ្ធនឹងអាមេរិកលោក" ៕

បទវិភាគ៖ប្រទេសអាមេរិកឡាទីនអាចកែប្រែជោគវាសនាប្រវត្តិសាស្រ្តរបស់ខ្លួនដែល"ស្និទ្ធនឹងអាមេរិកលោក"