បទវិភាគ៖គោលនយោបាយការទូតដោយសន្តិភាពរបស់ចិនទទួលបានការទទួលស្គាល់ជាទូទៅពីសំណាក់ប្រទេសកាន់តែច្រើនឡើងៗ

2023-04-21 11:55:45
ប្រភព:CRI

ពេលថ្មីៗកន្លងទៅនេះ រូបថតមួយសន្លឹកដែលថតដោយទីភ្នាក់ងារសារព័ត៌មាន AFP បារាំងបានត្រូវផ្សព្វផ្សាយតៗគ្នាតាមបណ្តាញទំនាក់ទំនងសង្គមសកល ។ កញ្ចក់កាមេរ៉ានៃទីភ្នាក់ងារសារព័ត៌មាន AFP បារាំងបានបង្ហាញឱ្យឃើញថា ប្រធានាធិបតីបារាំងទទួលបានពិធីបដិសណ្ឋារកិច្ចកម្រិតខ្ពស់នៅប្រទេសចិន ។ ប៉ុន្តែមូលហេតុមួយទៀតដែលបណ្តាលឱ្យរូបថតនេះមានភាពពេញនិយមគឺ ឱកាសបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់លោក Emmanuel Macron ព្រមទាំងលទ្ធផលជាផ្លែផ្កាដែលដំណើរទស្សនកិច្ចរបស់លោកទទួលបាននោះ ។

នេះគឺលើកទីបីហើយដែលលោក Emmanuel Macronទៅបំពេញទស្សនកិច្ចនៅប្រទេសចិនគិតតាំងពីលោកឡើងកាន់មុខតំណែងជាប្រធានាធិបតីបារាំង ។ ក្នុងអំឡុងពេលពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមេសា លោកប្រធានរដ្ឋចិន Xi Jinping និងលោក Emmanuel Macron បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅនិងប្រកបដោយគុណភាពខ្ពស់នៅក្រុងប៉េកាំងនិងក្រុង Guangzhou ភាគីទាំងពីរបានបង្កើនការយល់ដឹងនិងការជឿទុកចិត្តគ្នា ដែលបានកំណត់យ៉ាងជាក់លាក់នូវទិសដៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងលើផ្ទៃអន្តរជាតិរវាងប្រទេសទាំងពីរចិននិងបារាំងតទៅថ្ងៃក្រោយ ។

រីឯមុនពេលលោក Emmanuel Macron បំពេញទស្សនកិច្ចនៅប្រទេសចិន ការទូតចិនក៏ទទួលបានសមិទ្ធផលដែលគួរឱ្យពិភពលោកចាប់អារម្មណ៍មួយហើយមួយទៀត ៖ កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០២៣ ភាគីទាំងបីចិន អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមនៅក្រុងប៉េកាំងដោយប្រកាសថា អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ឯកភាពគ្នាក្នុងការរៀបចំទំនាក់ទំនងការទូតជាថ្មីឡើងវិញ ។ ក្នុងនាមជាប្រទេសមជ្ឈិមបូព៌ាធំទាំងពីរដែលមានទំនាក់ទំនងប្រកួតប្រជែងនិងបដិបក្ខគ្នាជាយូរមកហើយ អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់អាចឈានដល់ការផ្សះផ្សាក្រោមការសម្របសម្រួលរបស់ចិនគឺមានការលំបាកក្រៃលែង ។ កាលពីថ្ងៃទី២៦ខែមីនា ចិននិងហុងឌូរ៉ាសបានចុះហត្ថលេខាលើ《សេចក្តីប្រកាសរួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋហុងឌូរ៉ាសស្តីពីការបង្កើតទំនាក់ទំនងការទូត》 ។ រដ្ឋាភិបាលប្រទេសទាំងពីរសម្រេចចិត្តថា នឹងទទួលស្គាល់គ្នាទៅវិញទៅមកព្រមទាំងបង្កើតទំនាក់ទំនងការទូតថ្នាក់ឯកអគ្គរដ្ឋទូតចាប់ពីថ្ងៃចុះហត្ថលេខាលើសេចក្តីប្រកាសរួមតទៅ ។ ហើយទន្ទឹមនឹងការដែលប្រទេសទាំងពីរអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់មានទំនាក់ទំនងជាប្រក្រតីឡើងវិញ ដំណើរសន្តិភាពយេម៉ែនក៏ទទួលឱកាសដ៏សំខាន់ផងដែរ ។ កាលពីថ្ងៃទី៨ខែមេសា គណៈប្រតិភូអារ៉ាប៊ីសាអូឌីត-អូម៉ង់អញ្ជើញទៅដល់ក្រុងសាណា រដ្ឋធានីយេម៉ែន នឹងធ្វើការចរចាឈប់បាញ់គ្នាជាមួយកងកម្លាំងប្រដាប់អាវុធ Houthi តាមការគ្រោងទុក។ល។

ក្រោមការសម្របសម្រួលរបស់ចិន អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ដែលត្រូវបានផ្តាច់ទំនាក់ទំនងអស់រយៈពេល៧ឆ្នាំបានឆ្ពោះទៅរកការផ្សះផ្សាគ្នា ។ បន្ទាប់មក ការប្រាស្រ័យទាក់ទងរវាងប្រទេសមជ្ឈិមបូព៌ាកាន់តែច្រើនឡើងៗ ហើយនិន្នាការបន្ធូរបន្ថយទំនាក់ទំនងក៏កើនឡើងយ៉ាងច្បាស់លាស់ផងដែរ ។ ប៉ុន្តែឥឡូវនេះ មានប្រទេសមួយចំនួនតូចបានអង្គុយមិនសុខហើយ ។

ពេលថ្មីៗកន្លងទៅនេះ លោក William Joseph Burns ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក(CIA)បានធ្វើដំណើរតាមយន្តហោះទៅកាន់អារ៉ាប៊ីសាអូឌីតដោយសម្ងាត់ ។ តាមអត្ថបទនៃកាសែត《The Wall Street Journal》បានចុះផ្សាយឱ្យដឹងថា លោក William Joseph Burns បានសម្តែង “ការអស់សង្ឃឹម”និង “ភ្ញាក់ផ្អើល”ចំពោះការដែលអារ៉ាប៊ីសាអូឌីតរៀបចំឡើងវិញទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ក្រោមការសម្របសម្រួលរបស់ចិននិងអារ៉ាប៊ីសាអូឌីតមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយស៊ីរីជាដើម ហើយរំលឹកឡើងវិញថា អ៊ីរ៉ង់និងស៊ីរីនៅតែស្ថិតក្នុងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដដែល ។

ប៉ុន្តែយុគសម័យដែលអ្វីៗសុទ្ធតែសម្រេចដោយអាមេរិកបានបញ្ចប់ហើយ ។ តាមបណ្តាញទំនាក់ទំនងសង្គម អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតរបស់ប្រទេសនានាលើពិភពលោកបាននាំគ្នាសើចចំអកដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតរបស់លោក William Joseph Burns ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក(CIA) 

លោក abo abdulellah អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតនៃអារ៉ាប៊ីសាអូឌីតបានខមិនថា មានតែពួកយើងរក្សាភាពបដិបក្ខគ្នាជាមួយប្រទេសដទៃទៀត ទើបសហរដ្ឋអាមេរិកមិនខកចិត្តមែនទេ?រដ្ឋាភិបាលអាមេរិកចាំបាច់ត្រូវដឹងថា សេចក្តីសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីតមិនពឹងផ្អែកទៅលើអ្នកណាទាំងអស់ទេ ។ លោក Jamal Abdo អ្នកបរើប្រាស់បណ្តាញអ៊ីនធើណេតក៏បាននិយាយត្រង់ៗថា “យុគសម័យផ្តាច់ការដោយអាមេរិកបានបញ្ចប់ហើយ” ។

បច្ចុប្បន្ននេះ ប្រទេសប៉ែកខាងលិចមួយចំនួនតូចនៅតែឃោសនាបំប៉ោងពី “ឧត្តមភាពខាងអរិយធម៌” ផ្សព្វផ្សាយពីគំនិតស្តីពីការតម្កល់ទុកខ្លួនឯងជាអាទិភាព នេះគ្រាន់តែនឹងរារាំងដំណើររីកចម្រើនរបស់អរិយធម៌មនុស្សជាតិនិងដំណើរធ្វើទំនើបកម្មតែប៉ុណ្ណោះ ។ ការប្រកាន់ខ្ជាប់សមភាព ការរៀនសូត្រពីគ្នា កិច្ចសន្ទនា និងភាពបរិយាប័ន្នខាងអរិយធម៌ ផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិទាំងមូលដែលប្រកបដោយសន្តិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យនិងសេរីភាព វាមានអំណោយផលដល់ការជំរុញអរិយធម៌ពិភពលោកឱ្យរីកចម្រើនទៅកាន់ទិសដៅប្រកបដោយតុល្យភាព វិជ្ជមាន និងភាពសុចរិត ក៏ដូចជាកាន់តែមានអំណោយផលដល់ការដោះស្រាយបញ្ហាគ្រប់បែបយ៉ាងដែលមនុស្សជាតិបានជួបប្រទះ ។ បច្ចុប្បន្ននេះ គោលនយោបាយការទូតដោយសន្តិភាពរបស់ចិនទទួលបានការទទួលស្គាល់ជាទូទៅពីសំណាក់ប្រទេសកាន់តែច្រើនឡើងៗ នៅពេលអនាគត ចិននឹងបន្តធ្វើជាអ្នកជំរុញសន្តិសុខនិងស្ថិរភាពនិងជាអ្នកធ្វើកិច្ចសហប្រតិបត្តិការដើម្បីទទួលបានការអភិវឌ្ឍនិងវិបុលភាពនៃពិភពលោក ៕

បទវិភាគ៖គោលនយោបាយការទូតដោយសន្តិភាពរបស់ចិនទទួលបានការទទួលស្គាល់ជាទូទៅពីសំណាក់ប្រទេសកាន់តែច្រើនឡើងៗ