បទវិភាគ៖"ចក្រភពដុល្លារ"កំពុងដួលរលំ

2023-04-24 17:38:44
ប្រភព:CRI

"រាល់ពេលយប់  ខ្ញុំតែងគិតពីបញ្ហាមួយ  គឺថាហេតុអ្វីបានជាប្រទេសទាំងអស់សុទ្ធតែប្រើប្រាក់ដុល្លារអាមេរិកសម្រាប់ការទូទាត់? ហេតុអ្វីបានជាវាមិនអាចជាប្រាក់យាន់ចិនឬរូបិយវត្ថុផ្សេងទៀត?ហេតុអ្វីបានជាប្រទេសBRICSមិនអាចប្រើរូបិយវត្ថុរបស់ប្រទេសខ្លួនសម្រាប់ការទូទាត់?” នៅពេលមុននេះមិនជាយូរប៉ុន្មាន  សុន្ទរកថារបស់លោកLulaប្រធានាធិបតីប្រេស៊ីលដែលបានថ្លែងនៅទីស្នាក់ការទូទៅនៃធនាគារអភិវឌ្ឍន៍ថ្មីប្រទេសBRICSដែលស្ថិតនៅក្នុងទីក្រុងសៀងហៃ  បានធ្វើឱ្យមានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីមជ្ឈដ្ឋានខាងក្រៅ។

ក្នុងមួយរយៈពេលកន្លងមកនេះ  រលកនៃការឈប់ប្រើប្រាក់ដុល្លារអាមេរិកបានបក់បោកនៅគ្រប់ជ្រុងនៃពិភពលោកដោយភ្លាមៗ។ នៅថ្ងៃទី១៦ខែមីនា  ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន និងធនាគារជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានឈានដល់កិច្ចសហប្រតិបត្តិការឥណទានតាមប្រាក់យាន់ចិនជាលើកដំបូង។ នៅថ្ងៃទី២៩ខែមីនា រដ្ឋាភិបាលប្រេស៊ីលបានប្រកាសថា ប្រេស៊ីលនឹងប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសខ្លួនសម្រាប់ការទូទាត់ជាមួយប្រទេសចិន។ នៅថ្ងៃទី៣១ខែមីនា  អាស៊ានបានអនុម័តពីផែនការទូទាត់ពាណិជ្ជកម្មតាមរូបិយវត្ថុរបស់ប្រទេសខ្លួន ដើម្បីពង្រឹងការប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសខ្លួន  ក៏ដូចជាកាត់បន្ថយការពឹងផ្អែកលើរូបិយវត្ថុអន្តរជាតិសំខាន់ៗដែលចាត់ទុកប្រាក់ដុល្លារអាមេរិកជាសំខាន់ក្នុងពាណិជ្ជកម្មនិងការវិនិយោគឆ្លងដែន។ នៅថ្ងៃទី៤ខែមេសា លោកAnwarនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានស្នើឱ្យបង្កើត"អង្គការមូលនិធិរូបិយវត្ថុអាស៊ី"ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលកន្លងទៅថ្មីៗនេះ។ល។    មិនថាអាមេរិកឡាទីន ដែលត្រូវបានចាត់ទុកថាជា"ទីធ្លាខាងក្រោយផ្ទះ"របស់អាមេរិក   ឬប្រទេសរុស្ស៊ីនិងអ៊ីរ៉ង់ដែលត្រូវបានគាបសង្កត់ដោយអាមេរិក  ឬមហាអំណាចថាមពលនៅមជ្ឈិមបូព៌ា  ព្រមនិងប្រទេសអាស៊ានដែលចង់បង្កើតគំរូខាងកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់  ហើយសូម្បីតែប្រទេសអឺរ៉ុបដូចជាប្រទេសបារាំងជាដើមក៏ដោយ    ក្នុងរយៈពេលថ្មីៗនេះ  ក៏សុទ្ធតែនាំគ្នាប្រកាសផែនការឬចាត់វិធានការដើម្បីស្វែងរកការទូទាត់ខាងពាណិជ្ជកម្មតាមរូបិយវត្ថុក្រៅពីប្រាក់ដុល្លារអាមេរិក។ចំពោះការនេះ វេបសាយ"Business Insider"អាមេរិកបានស្រែកថា"ឋានៈជាអធិរាជនៃប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មពិភពលោកកំពុងប្រឈមមុខនឹងការសាកល្បងដ៏ធ្ងន់ធ្ងរ"។

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ  ប្រាក់ដុល្លារអាមេរិកបានដើរតួនាទីដឹកនាំផ្ដាច់ការក្នុងពាណិជ្ជកម្មនិងទុនបម្រុងទុកលើពិភពលោក។ ហេតុអ្វីបានជាមានប្រទេសកាន់តែច្រើនកំពុងស្វែងរករូបិយវត្ថុជំនួសប្រាក់ដុល្លារអាមេរិក?

ទីមួយ  ពិភពលោកទាំងមូលបាត់បង់ទំនុកចិត្តចំពោះអនុត្តរភាពហិរញ្ញវត្ថុរបស់អាមេរិក។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ  បញ្ហាអតិផរណារបស់អាមេរិកបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង។ អាមេរិកបានអនុវត្តដោយខុសច្បាប់នូវអនុត្តរភាពនៃប្រាក់ដុល្លារអាមេរិក ហើយប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់យ៉ាងកម្រោល។  ទង្វើដែលមិនទទួលខុសត្រូវបែបនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អត្រាប្តូរប្រាក់និងសេដ្ឋកិច្ចរបស់ប្រទេសនានាលើពិភពលោក។ ប្រទេសនានាលើពិភពលោកដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ បាននាំគ្នាសម្គាល់ឃើញថា   ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសន្តិសុខផ្ទាល់ខ្លួន   ពួកគេចាំបាច់ឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។ យោងតាមការផ្សាយដំណឹងនៃស្ថានីយទូរទស្សន៍RussiaTodayTVនៅថ្ងៃទី៨ខែមេសាឱ្យដឹងថា  តាមទិន្នន័យស្ថិតិថ្មីបំផុតដែលចេញផ្សាយដោយប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកបានបង្ហាញឱ្យឃើញថា  ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២៩ខែមីនា  អតិថិជនបានដកប្រាក់ជិត៤៩៩ពាន់លានដុល្លារអាមេរិកពីប្រព័ន្ធធនាគារអាមេរិក។ តាមការផ្សាយដំណឹងឱ្យដឹងថា  នេះគឺជាការរត់ចេញរបស់អ្នកវិនិយោគដ៏ធំបំផុតមួយលើកចាប់តាំងពីឆ្នាំ១៩៧៣មក។ ប្រាក់បញ្ញើសរុបរបស់អាមេរិកបានធ្លាក់ចុះមកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេលមួយឆ្នាំកន្លះមក។ លើសពីនេះទៀត  ដើម្បីឆ្លើយតបនឹងការដំឡើងអត្រាការប្រាក់របស់អាមេរិក  ធនាគារកណ្តាលនៃប្រទេសនានាលើពិភពលោកបាននាំគ្នាលក់ប័ណ្ណបំណុលអាមេរិកបន្ទាប់ពីប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់នៅឆ្នាំ២០២២មក។ នេះហើយក៏ជាលើកទីមួយដែរដែលប្រទេសកាន់ប័ណ្ណបំណុលអាមេរិកសំខាន់ៗចំនួនលើសពី៥០ភាគរយបានកាត់បន្ថយប័ណ្ណបំណុលអាមេរិកក្នុងវដ្តដំឡើងអត្រាការប្រាក់របស់អាមេរិក គិតតាំងពីរយៈពេល២០ឆ្នាំចុងក្រោយមក ។

ទីពីរ  អាមេរិកតែងតែ "ប្រើប្រាក់ដុល្លារអាមេរិកទៅជាអាវុធ"។  ប្រាក់ដុល្លារអាមេរិកបានក្លាយជាឧបករណ៍របស់អាមេរិកក្នុងការដាក់សម្ពាធឬគាបសង្កត់លើប្រទេសដទៃ។ បន្ទាប់ពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះឡើង អាមេរិកបានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុមួយចំនួនលើប្រទេសរុស្ស៊ី ដែលបូករួមទាំងការបណ្តេញប្រទេសរុស្ស៊ីចេញពីប្រព័ន្ធទូទាត់ពាណិជ្ជកម្មSWIFTនិងការបង្កករូបិយប័ណបម្រុងរបស់ធនាគារកណ្តាលរុស្ស៊ីដែលមានទឹកប្រាក់ជាង៦០០ពាន់លានដុល្លារអាមេរិក។  នេះមិនត្រឹមតែធ្វើឱ្យប្រទេសដែលមានទំនាក់ទំនងដ៏តានតឹងជាមួយអាមេរិកបារម្ភចិត្តតែប៉ុណ្ណោះទេ  ថែមទាំងក៏ធ្វើឱ្យសម្ព័ន្ធមិត្តរបស់អាមេរិកដែល"ត្រូវធ្វើបាប"ជាញឹកញយ មិនសុខចិត្តផងដែរ។ ប្រាក់ដុល្លារអាមេរិកលែងមានសុវត្ថិភាពនិងគួរឱ្យទុកចិត្តទៀតហើយ  ការដែលប្រទេសនានាចាប់ផ្តើមស្វែងរករូបិយវត្ថុជំនួសដើម្បីរំដោះខ្លួនចេញពីការគ្រប់គ្រងដោយប្រាក់ដុល្លារអាមេរិក គឺជានិន្នាការទូទៅ។

លើសពីនេះទៀត  ការងើបឡើងនៃបណ្តាប្រទេសទីផ្សារដែលកំពុងរីកចម្រើនថ្មីបាននាំមកនូវនិម្មាបនកម្មពហុប៉ូល។ ឆ្លងតាមរយៈការអភិវឌ្ឍជាច្រើនទសវត្សរ៍ ប្រទេសទីផ្សារកំពុងរីកចម្រើនថ្មីដែលបូករួមទាំងប្រទេសចិនផងដែរ បានក្លាយជាចំណុចកំណើនថ្មីនៃសេដ្ឋកិច្ចពិភពលោក។ យោងតាមការប៉ាន់ប្រមាណថ្មីបំផុតរបស់IMF ឱ្យដឹងថា  នៅឆ្នាំ២០២២ ល្បឿនកំណើនGDPនៃទីផ្សារកំពុងរីកចម្រើនថ្មីនិងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានឈានដល់៣.៩ភាគរយដែលខ្ពស់ជាងល្បឿនកំណើនសេដ្ឋកិច្ចពិភពលោកដែលមាន៣.២ភាគរយនិងល្បឿនកំណើនសេដ្ឋកិច្ចនៃអង្គភាពរីកលូតលាស់ដែលមាន២.៤ភាគរយ។ការងើបឡើងនៃទីផ្សារកំពុងរីកចម្រើនថ្មីក៏មុខជានឹងនាំមកនូវការធ្វើពិពិធកម្មហិរញ្ញវត្ថុអន្តរជាតិផងដែរ។

នៅក្នុងពិភពលោកដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ  ប្រទេសចិនដែលមានទីផ្សារដ៏ធំធេងនិងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងច្រើនឆ្នាំ  ទទួលបានការពេញនិយមកាន់តែខ្លាំងឡើងពីអ្នកវិនិយោគរបស់ប្រទេសនានាលើពិភពលោក។ នៅពេលដែលប្រាក់ដុល្លារអាមេរិកលែងមានសុវត្ថិភាពនិងមិនអាចជឿទុកចិត្តបាន  ប្រព័ន្ធទូទាត់ប្រាក់យាន់ចិនឆ្លងដែន(CIPS)ដែលប្រទេសចិនបានរៀបចំអស់រយៈពេលជាង១០ឆ្នាំនេះ បានក្លាយជាជម្រើសមួយទៀតសម្រាប់ប្រទេសនានាក្នុងការបម្រះខ្លួនចេញពីការគ្រប់គ្រងដោយប្រាក់ដុល្លារអាមេរិក។ នាពេលបច្ចុប្បន្ន  ប្រទេសជាង៣០លើពិភពលោកបានប្រកាសថានឹងប្រើប្រាក់យាន់ចិនជារូបិយវត្ថុទូទាត់ពាណិជ្ជកម្មឆ្លងដែន។ ប្រទេសជាង៦០បានប្រកាសថា ដាក់បញ្ចូលប្រាក់យាន់ចិនទៅក្នុងមូលនិធិទ្រព្យសម្បត្តិជាតិរបស់ពួកគេ។ តួលេខទាំងនេះសុទ្ធតែបង្ហាញថា  ឥទ្ធិពលអន្តរជាតិនៃប្រាក់យាន់ចិនកំពុងកើនឡើងជាលំដាប់។ ទន្ទឹមនឹងពេលនេះ  វាក៏បង្ហាញឱ្យឃើញពីផ្នែកមួយទៀតថា បណ្តាប្រទេសលើពិភពលោកបានរងទុក្ខជាយូរណាស់មកហើយពីអនុត្តរភាពប្រាក់ដុល្លារអាមេរិក   មិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះទេ  ហើយកំពុងត្រូវបានបោះបង់ចោលពីប្រទេសកាន់តែច្រើនឡើងៗ៕

បទវិភាគ៖"ចក្រភពដុល្លារ"កំពុងដួលរលំ