បទវិភាគ៖មហាសមុទ្រប៉ាស៊ីហ្វិកមិនមែនជាទីលានចាក់សំរាមរបស់ជប៉ុននោះទេ

2023-04-24 17:40:14
ប្រភព:CRI

ថ្ងៃទី២២ ខែមេសា ជាទិវាភពផែនដីរបស់ពិភពលោក ហើយក៏ជាទិវាច្បាប់ពិភពលោក ។ សមាគមសង្គមស៊ីវិលនិងអង្គការការពារបរិស្ថានជាច្រើននៅទូទាំងពិភពលោក បានរៀបចំធ្វើសកម្មភាព ដើម្បីលើកការប្រឆាំងតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលជប៉ុនអំពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ ។ នាពេលថ្មីៗកន្លងទៅនេះ អង្គការសន្តិភាពបៃតងក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍ ដោយរិះគន់ថា សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនអំពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ បានល្មើសនឹងច្បាប់អន្តរជាតិ ដូចជា « អនុសញ្ញាច្បាប់មហាសមុទ្ររបស់អង្គការសហប្រជាជាតិ»ជាដើម ក៏ដូចជាចោទប្រកាន់ជប៉ុនថា មិនបានអនុវត្តកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនអំពីការវាយតម្លៃផលប៉ះពាល់ចំពោះបរិស្ថាន ។

ចាប់តាំងពីរដ្ឋាភិបាលជប៉ុនប្រកាសថានឹងបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រកាលពី២ឆ្នាំមុនមក ស្នូរសំរែកប្រឆាំងតវ៉ានិងចោទជាមន្ទិលសង្ស័យកាន់តែលាន់ឮខ្ទរខ្ទារ  ។ ប៉ុន្តែ ប្រឈមនឹងការប្រឆាំងពីសហគមន៍អន្តរជាតិ ក្នុងបរិបទដែលអង្គការថាមពលបរមាណូអន្តរជាតិមិនទាន់ប្រកាសរបាយការណ៍វាយតម្លៃ រដ្ឋាភិបាលជប៉ុននៅតែទទូចជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រដដែល ។

នៅឆ្នាំ២០២២ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូបានទទួលស្គាល់ថា បច្ចេកទេសនាពេលបច្ចុប្បន្ននេះ មិនអាចកាត់ចោលសារធាតុវិទ្យុសកម្មជាច្រើនក្នុងទឹកសំណល់នុយក្លែអ៊ែរដូចជាសារធាតុTritium ជាដើម ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលប្រទេសបារាំងចេញផ្សាយបានបង្ហាញថា សារធាតុTritium នឹងបំពុលប្រព័ន្ធDNAនិងកំណើតរបស់សត្វក្នុងសមុទ្រ ។ ការសិក្សាស្រាវជ្រាវជាច្រើនសុទ្ធតែបានបង្ហាញថា ល្គឹកណាដែលទឹកសំណល់នុយក្លេអ៊ែរត្រូវបង្ហូរទៅក្នុងសមុទ្រ     នោះសារធាតុវិទ្យុសកម្មទាំងនេះនឹងបំពុលបរិស្ថានសមុទ្រ ព្រមនិងឆ្លងនិងសន្សំទុកតាមរយៈខ្សែសង្វាក់ចំណីអាហារ ទីបំផុតនឹងបំផ្លាញដល់សុខភាពរបស់មនុស្ស និងអេកូបរិស្ថាន ។

តាមពិតទៅ  អំពីបញ្ហាថា តើត្រូវចាត់ចែងទឹកសំណល់នុយក្លេអ៊ែរយ៉ាងច្រើនតាមរបៀបណា ជប៉ុនក៏មានផែនការផ្សេងទៀតផងដែរ ។ ឧទាហរណ៍ដូចជា ចាក់ក្នុងក្រោមដី បង្ហូរតាមរយៈចំហាយនិងអ៊ីដ្រូសែន ឬកប់នៅក្រោមដី ។ ប៉ុន្តែដើម្បីសន្សំលុយ រដ្ឋាភិបាលជប៉ុនសម្រេចចិត្តបង្ហូរទៅក្នុងសមុទ្រតែម្តង ព្រមទាំងអះអាងថា ការចាត់ចែងទឹកសំណល់នុយក្លេអ៊ែរបែបនេះ “គឺមានសុវត្ថិភាពណាស់ ” តែរងការចោទជាមន្ទិលសង្ស័យនិងរិះគន់ជាទូទៅ ។

អ្នកប្រើបណ្តញអ៊ីនធឺណែតរបស់ជប៉ុនបានខមិនថា នៅកាលពីមុន រាល់លើកដែលកើតមានគ្រោះមហន្តរាយសាធារណៈដ៏ធ្ងន់ធ្ងរ រដ្ឋាភិបាលជប៉ុនសុទ្ធតែអះអាងសាចុះសាឡើងថា គ្មានបញ្ហាខាងសន្តិសុខទេ ប៉ុន្តែទីបំផុត អ្នកដែលបានរងគ្រោះសុទ្ធតែជាប្រជាជន “តើប្រជាជនអាចជឿពាក្យសំដីរបស់ពួកគេទៀត ?” បណ្តាភាគីនានាឯកភាពគ្នាថា ក្នុងសភាពការណ៍មិនបានប្រើប្រាស់មធ្យោបាយចាត់ចែងទឹកសំណល់នុយក្លេអ៊ែរអស់ពីសមត្ថភាព និងមិនបានធ្វើកិច្ចពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយប្រទេសជិតខាង  រដ្ឋាភិបាលជប៉ុនក៏បានជំរុញការងារបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រដោយឯកតោភាគី គឺចង់បង្វែរហានិភ័យដែលមិនអាចប៉ាន់ប្រមាណបានទៅឱ្យមនុស្សជាតិទាំងមូល ទង្វើបែបនេះគួរឱ្យអ្នកផងទាំងពួងខកចិត្តណាស់ ។

ប្រធានបទនៃទិវាភពផែនដីពិភពលោកឆ្នាំនេះ គឺ “វិនិយោគភពផ្កាយរបស់យើង” ។ អង្គការសហប្រជាជាតិបង្ហោះសារតាមវេបសាយផ្លូវការរបស់ខ្លួន ដោយអំពាវនាវឱ្យពិភពលោកទាំងមូលបង្កើតសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំនិងនិរន្តរភាព ។ ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ មិនមែនជារឿងផ្ទាល់ខ្លួនរបស់ជប៉ុនទេ នេះគឺជា “រឿងសាធារណៈ”ដែលពាក់ព័ន្ធដល់ការអភិវឌ្ឍជានិរន្តរភាពរបស់មនុស្សជាតិទាំងមូល ។ ជប៉ុនគួរតែចាត់ចែងទឹកសំណល់នុយក្លេអ៊ែរតាមមធ្យោបាយសន្តិសុខពិតប្រាកដ  ដោយឈរលើចក្ខុវិស័យសត្យានុម័តនិងវិទ្យាសាស្ត្រ ។ មុនពេលភាគីពាក់ព័ន្ធដែលមានផលប្រយោជន៍ទាំងអស់ បញ្ជាក់ពីសន្តិសុខនៃផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ជប៉ុនមិនត្រូវធ្វើសកម្មភាពតាមតែទំនើងចិត្តទេ ៕

បទវិភាគ៖មហាសមុទ្រប៉ាស៊ីហ្វិកមិនមែនជាទីលានចាក់សំរាមរបស់ជប៉ុននោះទេ