បទវិភាគ៖សេដ្ឋកិច្ចចិនកំពុងទទួលបានទំនុកចិត្តកាន់តែច្រើនពីសំណាក់សហគមន៍អន្តរជាតិ

2023-06-13 17:17:23
ប្រភព:CRI

នៅពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហគ្រាសពហុជាតិជាច្រើន ដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន JP MorganChase និងក្រុមហ៊ុន GeneralMotors ជាដើមបាននាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិន អង្គការអន្តរជាតិជាច្រើនបានជំរុញនូវសន្ទុះមួយទៀតគឺ ការដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិន ។

បន្ទាប់ពីអង្គការសហប្រជាជាតិនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារពិភពលោកនិងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OECD)ក៏បានដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិនផងដែរ ។ ហេតុនេះហើយ សេដ្ឋកិច្ចចិនកំពុងទទួលបានទំនុកចិត្តកាន់តែច្រើនពីសំណាក់សហគមន៍អន្តរជាតិ ។

កាលពីថ្ងៃទី ៧ ខែមិថុនា តាមម៉ោងក្នុងតំបន់ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OECD)បានចេញផ្សាយ«របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក»ថ្មីបំផុតដោយដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិនម្តងទៀត ដែលបានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៣ និង ២០២៤ ដល់ទៅ ៥,៤ ភាគរយនិង ៥,១ ភាគរយដោយឡែកពីគ្នា ។ របាយការណ៍នេះបានសម្គាល់ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនបាននិងកំពុងជំរុញសកម្មភាពសេដ្ឋកិច្ចសកល ។

«របាយការណ៍ស្តីពីទស្សនទានសេដ្ឋកិច្ចសកល»ថ្មីបំផុតដែលធនាគារពិភពលោកចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះក៏បានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនផងដែរដែលសម្រួលដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៣ ចំនួន ១,៣ ភាគរយ ។ ធនាគារពិភពលោកបានលើកឡើងថា នៅដើមឆ្នាំ ២០២៣ ដោយសារតម្រូវការដែលទទួលការរឹតបន្តឹងក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ ១៩ ត្រូវបានបញ្ចេញថែមមួយកម្រិតទៀតហើយបានជំរុញការប្រើប្រាស់ បានជាកំណើនសេដ្ឋកិច្ចរបស់ចិនបាននិងកំពុងស្តារឡើងវិញយ៉ាងខ្លាំងក្លា ។ ជាពិសេសគឺ កំណើននៃការចំណាយខាងសេវាកម្ម តាមការប៉ាន់ប្រមាណ ល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៣ នឹងងើបឡើងវិញរហូតដល់ ៥,៦ ភាគរយ ។

នៅពេលមុននេះ អង្គការសហប្រជាជាតិនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)សុទ្ធតែបានដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិន ។

អង្គការសហប្រជាជាតិ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារពិភពលោកនិងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OECD)បាននាំគ្នាបង្ហាញពីសុទិដ្ឋិនិយមចំពោះអនាគតនៃកំណើនសេដ្ឋកិច្ចរបស់ចិនតាមរយៈសកម្មភាពដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ច ។

ការប៉ាន់ប្រមាណរបស់អង្គការអន្តរជាតិទាំង ៤ នេះចំពោះអត្រាកំណើននៃសេដ្ឋកិច្ចរបស់ចិន សុទ្ធតែខ្ពស់ជាងគោលដៅតាមការប៉ាន់ប្រមាណប្រហែល ៥ ភាគរយដែលបានកំណត់ក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិន ។

នៅថ្ងៃដដែលដែលអង្គការ OECD បានសម្រួលដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន អគ្គនាយកដ្ឋានគយចិនបានចេញផ្សាយទិន្នន័យនាំចេញនាំចូលរបស់ប្រទេសចិនក្នុងរយៈពេលពីខែមករាដល់ខែឧសភាឆ្នាំនេះដោយបានបង្ហាញឱ្យឃើញថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ទំហំពាណិជ្ជកម្មខាងការនាំចេញនាំចូលសរុបរបស់ចិនមានចំនួន ១៦,៧៧ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៤,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ក្នុងនោះ ការនាំចេញមានចំនួន ៩,៦២ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៨,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ឯការនាំចូលមានចំនួន ៧,១៥ ទី្រលានយាន់ប្រាក់ចិន ដែលបានកើនឡើង ០,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ប្រឈមមុខនឹងការសាកល្បងដែលតម្រូវការក្រៅប្រទេសត្រូវបានកាត់បន្ថយ ភាពធន់នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបានលេចឡើងជាបន្តបន្ទាប់ ក៏ដូចជារចនាសម្ព័ន្ធនៃទំហំនាំចេញផែ្នកពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបន្តបានត្រូវកែលម្អជាបន្តបន្ទាប់ ហើយទីផ្សារងើបឡើងថ្មីកំពុងក្លាយជាចំណុចកំណើនថ្មីសម្រាប់ជំរុញពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។

នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី«Entreprendre»របស់បារាំងបានផ្សាយដំណឹងថា ទោះបីជាហានិភ័យនៃមុខរបរធនាគារនិងការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងនៃអឺរ៉ុបនិងអាមេរិកបានបង្កើនសម្ពាធនៃការធ្លាក់ចុះរបស់សេដ្ឋកិច្ចសកលក៏ដោយ ក៏ប៉ុន្តែការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ចិននៅតែមានកត្តាដ៏មានអំណោយផលជាច្រើន ពោលគឺ ទីមួយ តម្រូវការនៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ចិន ដូចជាអាស៊ានជាដើមបានរក្សាភាពនឹងនរ ទីពីរ រចនាសម្ព័នក្នុងតំបន់និងរចនាសម្ព័នផលិតផលនៃការនាំចេញរបស់ចិនមានភាពសមហេតុផលពីមួយថ្ងៃទៅមួយថ្ងៃ ទីបី ទំនាក់ទំនងទៅមករវាងបុគ្គលិកកាន់តែមានភាពងាយស្រួលនិងការឆ្នៃប្រឌិតថ្មីផ្នែកពាណិជ្ជកម្មមានភាពស៊ីជម្រៅជាបន្តបន្ទាប់ដែលនឹងនាំមកនូវកម្លាំងចលករកាន់តែច្រើនសម្រាប់ជំរុញពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។

នាពេលបច្ចុប្បន្ននេះ សហគ្រាសមកពីប្រទេសអឺរ៉ុបមួយចំនួនដែលបូករួមទាំងប្រទេសអាល្លឺម៉ង់ផងដែរនៅតែស្វែងរកការប្រាស្រ័យទាក់ទងគ្នាជាមួយសហគ្រាសចិនដដែល ។ តាមការផ្សាយដំណឹងរបស់វេបសាយ"Hungary Today" នាពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេសនិងសេដ្ឋកិច្ចចំពោះបរទេសនៃហុងគ្រីបានអះអាងថា លោកតែងតែបានទទួលសំណើរពីក្រុមហ៊ុនអឺរ៉ុបឱ្យនាំចូលផលិតផលរបស់ចិន ។ តាមការផ្សាយដំណឹងនៃទីភ្នាក់សារព័ត៌មាន Reuters ឱ្យដឹងថា លោកស្រី Belén Garijo ប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបតិ្តនៃក្រុមហ៊ុន Merck KgaA របស់អាល្លឺម៉ង់បានអះអាងនាពេលថ្មីៗកន្លងទៅនេះថា ការផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិននឹងបង់តម្លៃខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។

ពេលថ្មីៗកន្លងទៅនេះ លោក Zhu Haibin សេដ្ឋវិទូកំពូលនៃក្រុមហ៊ុន JP Morgan Chase ប្រចាំនៅប្រទេសចិនបានលើកឡើងក្នុងសនិ្នសីទសារព័ត៌មានរបស់កិច្ចប្រជុំកំពូលសកលនៅប្រទេសចិននៃក្រុមហ៊ុន JP Morgan Chase ឆ្នាំ ២០២៣ ថា ក្រុមហ៊ុននេះប៉ាន់ប្រមាណថា ល្បឿនកំណើននៃសេដ្ឋកិច្ចចិននៅឆ្នាំ ២០២៣ គឺប្រហែល ៥,៩ ភាគរយ ហើយមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ។

ហេតុអ្វីបានជាសហគ្រាសបរទេសមានទំនុកចិត្តក្នុងការពង្រីកទំហំបណ្តាក់ទុននៅប្រទេសចិន ?

មួយផ្នែកគឺ អង្គការអន្តរជាតិជាច្រើនបានដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិន មួយផែ្នកទៀតគឺ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហគ្រាសបរទេសជាច្រើនបាននាំគ្នាបំពេញទស្សនកិច្ចនៅប្រទេសចិនដែលផ្តល់ទំនុកចិត្តដល់ទីផ្សារចិន ។

ពេលថ្មីៗកន្លងទៅនេះ លោក Elon Reeve Musk នាយកប្រតិបតិ្តរបស់ក្រុមហ៊ុនរថយន្ត Tesla បានបង្ហាញអាកប្បកិរិយាយ៉ាងសកម្មមួយចំនួនក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិនថា "ក្រុមហ៊ុន Tesla ប្រឆាំងនឹង'ការផ្តាច់ទំនាក់ទំនង' ហើយរីករាយបន្តពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសចិនដើម្បីរួមគ្នាចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិន " លោកបាន"កោតសរសើរចំពោះភាពរស់រវើកនិងសក្ដានុពលនៃការអភិវឌ្ឍរបស់ចិន ក៏ដូចជាពោរពេញទៅដោយជំនឿចិត្តចំពោះទីផ្សារចិន ហើយរីករាយបន្តធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក" ។

សូមបញ្ជាក់ថា ការពង្រីកទំហំបណ្តាក់ទុនមិនមែនគ្រាន់តែជានិយាយបានតែមាត់ប៉ុណ្ណោះទេ ថែមទាំងក៏មានសកម្មភាពជាក់ស្តែងផងដែរ ។ កាលពីខែមេសា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន Tesla បានប្រកាសថា គ្រោងនឹងសាងសង់រោងចក្រទំនើបផុតលេខនៅទីក្រុងសៀងហៃ ។ តាមការផ្សាយដំណឹងឱ្យដឹងថា រោងចក្រនឹងមានផែនការផលិតអាគុយផ្ទុកថាមពលពាណិជ្ជកម្មខ្នាតធំរបស់ក្រុមហ៊ុន Tesla ឈ្មោះ Megapack ។ រោងចក្រនេះគ្រោងនឹងបើកការដ្ឋាននៅត្រីមាសទី ៣ ឆ្នាំ ២០២៣ ហើយនឹងដាក់ឱ្យដំណើរការនៅត្រីមាសទីពីរ ឆ្នាំ ២០២៤ ខាងមុខ ។

គួររំលឹកថា យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃក្រុមហ៊ុន Tesla បរិមាណផលិតពេញមួយឆ្នាំនៃរោងចក្រនៅសៀងហៃរបស់ក្រុមហ៊ុន Tesla មានដល់ ៧ សែន ១ ម៉ឺនគ្រឿងនៅឆ្នាំ ២០២២ ដែលលើសពីពាក់កណ្តាលនៃបរិមាណផលិតទូទាំងពិភពលោក ។ ចាប់ពីខែមករាដល់ខែមេសា ឆ្នាំ ២០២៣ ក្រុមហ៊ុន Tesla បានផលិតរថយន្តលើសពី ១ សែន ៧ ម៉ឺនគ្រឿងនៅទីផ្សារចិនដែលបានកើនឡើង ៦១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ។ អ្នកវិភាគបានលើកឡើងថា ទោះបីជាក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិនបាននាំគ្នាងើបឡើង ហើយការប្រកួតប្រជែងក្នុងទីផ្សារកាន់តែខ្លាំងឡើងពីថ្ងៃមួយទៅថ្ងៃមួយក៏ដោយ ក៏ប៉ុន្តែទីផ្សារចិននៅតែមានសារសំខាន់ណាស់ចំពោះក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនយក្សក្នុងមុខរបរមួយនេះ ។

លោក Laxman Narasimhan នាយកប្រតិបតិ្តរបស់ក្រុមហ៊ុន Starbucks Global បានលើកឡើងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលថ្មីៗកន្លងទៅនេះថា ក្រុមហ៊ុន Starbucks បានកំណត់គោលដៅបើកហាងលក់កាហ្វេចំនួន ៩០០០ កន្លែងនៅឆ្នាំ ២០២៥ ខាងមុខ ហើយនឹងបន្តបណ្តាក់ទុននៅប្រទេសចិនតទៅទៀត ។ នាពេលអនាគត ប្រទេសចិននឹងក្លាយជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុន Starbucks លើទូទាំងពិភពលោក ។

តាមទិន្នន័យបានបង្ហាញថា ពីខែមករាដល់ខែមេសា ឆ្នាំនេះ ចិនបានប្រើប្រាស់ជាក់ស្តែងនូវទុនបរទេសសរុបជិត ៥ សែនលានយាន់ប្រាក់ចិនដែលបានកើនឡើង ២,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។

យោងតាម«របាយការណ៍សិក្សាស្រាវជ្រាវនិងពិនិត្យអង្កេតអំពីបរិយាកាសប្រកបអាជីវកម្មនៅប្រទេសចិនរបស់ទុនបរទេសនៅត្រីមាសទី ១ ឆ្នាំ ២០២៣»ដែលចេញផ្សាយដោយសមាគមជំរុញពាណិជ្ជកម្មចិនកាលពីចុងខែឧសភាបានបង្ហាញឱ្យឃើញថា សហគ្រាសទុនបរទេសដែលចូលរួមផ្តល់បទសម្ភាសន៍ចំនួនលើសពី ៨០ ភាគរយប៉ាន់ប្រមាណថា អត្រាផលកម្រៃនៃការវិនិយោគនៅប្រទេសចិននឹងស្មើគ្នាឬកើនឡើងនៅឆ្នាំនេះ ចំណែកឯសហគ្រាសដែលចូលរួមផ្តល់បទសម្ភាសន៍ចំនួន ៩០ ភាគរយប៉ាន់ប្រមាណថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រាក់ចំណេញនៃការវិនិយោគនៅប្រទេសចិននឹងស្មើគ្នាឬកើនឡើង ។

អង្គការនិងស្ថាប័នអន្តរជាតិជាច្រើន ដូចជា អង្គការសហប្រជាជាតិ ធនាគារពិភពលោកនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ជាដើមបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិននៅឆ្នាំនេះ ប្រការនេះបានបង្ហាញយ៉ាងពេញលេញនូវជំនឿចិត្តរបស់សហគមន៍អន្តរជាតិចំពោះអនាគតអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ។ សេដ្ឋកិច្ចចិននឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនដើម្បីរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក៕

បទវិភាគ៖សេដ្ឋកិច្ចចិនកំពុងទទួលបានទំនុកចិត្តកាន់តែច្រើនពីសំណាក់សហគមន៍អន្តរជាតិ