បទវិភាគ៖ការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិន និងហុងឌូរ៉ាសអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរទាំងពេលបច្ចុប្បន្ន និងពេលអនាគតដ៏វែងឆ្ងាយ

2023-06-15 15:55:31
ប្រភព:CRI


«ទំនាក់ទំនងរវាងប្រទេសចិននិងហុងឌូរ៉ាសនឹងឈានចូលដំណាក់កាលប្រវត្តិសាស្ត្រថ្មី!» នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៣ តាមម៉ោងក្រុងប៉េកាំងវេបសាយនិងប្រព័ន្ធសារព័ត៌មានធំៗរបស់ប្រទេសហុងឌូរ៉ាបាននាំគ្នាចេញផ្សាយឃ្លានេះ។ប្រព័ន្ធសារព័ត៌មានរបស់ហុងឌូរ៉ាស់ក៏បានលើកឡើងជាពិសេសថា ការដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"នឹងនាំមកនូវ"ឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសខ្លួនដើម្បីតភ្ជាប់ជាមួយទីផ្សារកាន់តែទូលំទូលាយ"។

សូមបញ្ជាក់ថា ហុងឌូរ៉ាសគឺជាប្រទេសដ៏សំខាន់មួយនៅទ្វីបអាមេរិកកណ្តាលហើយក៏ជា"មិត្តថ្មី"របស់ប្រទេសចិនផងដែរ។កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣ នេះប្រទេសចិននិងហុងឌូរ៉ាសបានបង្កើតទំនាក់ទំនងផ្លូវទូតដោយឈរលើគោលការណ៍ចិនតែមួយហើយហុងឌូរ៉ាសបានក្លាយជាប្រទេសទី ១៨២ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន។កាលពីថ្ងៃទី ១២ ខែមិថុនា នេះខណៈពេលដែល លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Iris Xiomara Castro Sarmiento ប្រធានាធិបតីហុងឌូរ៉ាសដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិនលោកបាន"វាយតម្លៃខ្ពស់"ចំពោះលោស្រីដែលបានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រនិងបង្ហាញពីឆន្ទៈនយោបាយដ៏រឹងមាំ។ឥស្សរជនអង្កេតការណ៍បានលើកឡើងថា ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងហុងឌូរ៉ាសព្រម និងកិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរគឺ"មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ" ដែលនឹងនាំមកនូវអនាគតដ៏ភ្លឺស្វាងដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ប្រការដែលគួរឱ្យលើកឡើងនោះគឺប្រទេសចិន និងហុងឌូរ៉ាសបានបង្កើតទំនាក់ទំនងការទូតដោយឈរលើគោលការណ៍ចិនតែមួយហើយនេះក៏ជាបុរេលក្ខខណ្ឌ និងជាមូលដ្ឋាននយោបាយសម្រាប់អភិវឌ្ឍទំនាក់ទំនងរវាងភាគីទាំងពីរផងដែរ។ក្នុងកិច្ចជំនួបជាមួយលោកស្រី Iris Xiomara Castro Sarmiento លើកនេះលោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ម្តងទៀតពីគោលការណ៍ចិនតែមួយ។ដោយឡែកលោកស្រីប្រធានាធិបតី Iris Xiomara Castro Sarmiento បានសន្យាថា ភាគីហុងឌូរ៉ាសគាំទ្រយ៉ាងមុតមាំព្រមនិងគោរពគោលការណ៍ចិនតែមួយក៏ដូចជាគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមប្រទេសជាតិទាំងស្រុង។ប្រការនេះជាការបញ្ជាក់ជាថ្មីម្តងទៀតថា គោលការណ៍ចិនតែមួយដែលត្រូវបានបញ្ជាក់ក្នុងសេចក្ដីសម្រេចលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពី ឆ្នាំ១៩៧១ បានក្លាយជាគំនិតឯកភាពរួមជាទូទៅនៃសហគមន៍អន្តរជាតិ។

យោងតាមទិន្នន័យស្ថិតិនៃអគ្គនាយកដ្ឋានគយចិនបានបង្ហាញឱ្យឃើញថា ៤ ខែដើមឆ្នាំ២០២៣ ហុងឌូរ៉ាសបានក្លាយជាប្រទេសជាប្រភពនាំចេញទៅកាន់ប្រទេសចិនដែលមានកំណើនស្ថិតនៅលេខរៀង ៣ ខាងមុខពោលគឺបានកើនឡើង ២០៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ២០២២។ជាពិសេសគឺបន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងឆាប់រហ័ស។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោកស្រីប្រធានាធិបតី Iris Xiomara Castro Sarmiento ភាគីហុងឌូរ៉ាសបានដាក់ពាក្យស្នើសុំជាផ្លូវការដើម្បីចូលរួមធនាគារអភិវឌ្ឍន៍ថ្មីភាគីទាំងពីរបានឯកភាពគ្នាថា នឹងចាប់ដំណើរការការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រៅពីនេះភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់ និងផ្លូវ"ជាដើមក៏ដូចជាបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមដើម្បីប្រមូលផ្តុំគំនិតឯកភាពរួម។ល។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិនលោកស្រីប្រធានាធិបតី Iris Xiomara Castro Sarmiento បានវាយតម្លៃខ្ពស់ចំពោះទស្សនៈស្តីពីសហគមន៍រួមវាសនានៃមនុស្សជាតិ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយប្រទេសចិនហើយបានបង្ហាញពីឆន្ទៈចូលរួមយ៉ាងសកម្ម។ប្រទេសចិននិងហុងឌូរ៉ាសសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ការដែលភាគីទាំងពីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនិងគាំទ្រពហុភាគីនិយមយ៉ាងពិតប្រាកដមិនត្រឹមតែនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីនប៉ុណ្ណោះទេថែមទាំងក៏នឹងគាំពារឱ្យបានកាន់តែល្អនូវផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក៏ដូចជាសមភាព និងយុត្តិធម៌អន្តរជាតិផងដែរ។

សំដៅចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងប្រទេសចិន និងហុងឌូរ៉ាសគ្រប់មជ្ឈដ្ឋាននៃប្រទេសហុងឌូរ៉ាសពោរពេញទៅដោយក្តីរំពឹងទុក។សមាជិកគណៈប្រតិភូហុងឌូរ៉ាស់ជាច្រើននាក់ដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលមុននេះមិនយូរជាប៉ុន្មានបានថ្លែងថា រីករាយធ្វើជាមិត្តល្អរបស់ប្រជាជនចិនជារៀងរហូត។ឈរលើគោលការណ៍ចិនតែមួយប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងដ៏មេត្រីភាពរវាងចិននិងហុងឌូរ៉ាសយ៉ាងមុតមាំមិនងាករេគាំទ្រយ៉ាងមុតមាំនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃហុងឌូរ៉ាសក្នុងន័យទទួលបានសមិទ្ធផលសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើនដើម្បីបញ្ជាក់ថា ការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិន និងហុងឌូរ៉ាសអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរទាំងពេលបច្ចុប្បន្ននិងពេលអនាគតដ៏វែងឆ្ងាយ៕

បទវិភាគ៖ការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិន និងហុងឌូរ៉ាសអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរទាំងពេលបច្ចុប្បន្ន និងពេលអនាគតដ៏វែងឆ្ងាយ