បទវិភាគ៖ប្រទេសជាច្រើននៅលើពិភពលោកមានសុទិដ្ឋិនិយមចំពោះការធ្វើអន្តរជាតូបនីយកម្មប្រាក់យាន់ចិន

2023-07-04 17:28:08
ប្រភព:CRI

ថ្ងៃទី៣០ ខែ មិថុនា តាមម៉ោងក្នុងតំបន់ ប្រទេសអាហ្សង់ទីនបានសងប្រាក់បំណុលរបស់IMFចំនួន២ពាន់៧រយលានដុល្លារអាមេរិកដែលផុតកាលបរិច្ឆេទនៅថ្ងៃដដែលដោយប្រើប្រាស់សិទ្ធិដកប្រាក់ជាពិសេសនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងវិធីទូទាត់ដោយប្រាក់យាន់ចិន។ នេះជាលើកដំបូងដែលប្រទេសអាហ្សង់ទីនសងប្រាក់បំណុលតាមរយៈប្រាក់យាន់ចិន។

តាំងពីឆ្នាំនេះមក កិច្ចសហប្រតិបតិ្តការផ្នែកហិរញ្ញវត្ថុរវាងចិននិងអាហ្សង់ទីនបានពន្លឿនល្បឿនឥតឈប់ឈរ ដូចជានៅខែមេសា អាហ្សង់ទីនបាននាំចូលទំនិញពីប្រទេសចិនតាមរយៈការទូទាត់ដោយប្រាក់យាន់ចិន នៅដើមខែមិថុនា អាហ្សង់ទីននិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយវត្ថុដែលមានទំហំ១៣ម៉ឺនលានប្រាក់យាន់ចិន  បន្ទាប់មក គណៈកម្មការមូលបត្រជាតិអាហ្សង់ទីនបានអនុម័តឱ្យទីផ្សារក្នុងតំបន់ដាក់ចេញផលិតផលមូលបត្រដែលទូទាត់ដោយប្រាក់យាន់ចិន ។ល។  វិធានការណ៍មួយចំនួននេះមានន័យថា កិច្ចសហប្រតិបតិ្តការផ្នែកហិរញ្ញវត្ថុរវាងចិននិងអាហ្សង់ទីនបានឈានចូលផ្លូវល្បឿនលឿន។

ប៉ុន្មានឆ្នាំកន្លងមក ប្រទេសអាហ្សង់ទីនបានប្រឈមនឹងបញ្ហាកង្វះខាតដុល្លារអាមេរិកជានិច្ច។ នៅចុងឆ្នាំ២០២២ ទំហំប្រាក់បំណុលបរទេសរបស់អាហ្សង់ទីនបានកើនឡើងដល់២៧៦.៧ពាន់លានដុល្លារអាមេរិក ប៉ុន្តែ រូបិយប័ណ្ណបម្រុងរបស់អាហ្សង់ទីនមានតែ៤៤.៦ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ដូច្នេះ ការបន្ថែមការទូទាត់តាមរយៈប្រាក់យាន់ចិន អាចជួយអាហ្សង់ទីនសន្សំសំចៃដុល្លារអាមេរិកយ៉ាងច្រើននិងកាត់បន្ថយកម្លាំងសម្ពាធពីរូបិយប័ណ្ណបម្រុង ក៏ដូចជារក្សាកម្លាំងភាពរស់រវើករបស់សេដ្ឋកិច្ចផងដែរ។

តាមស្ថិតិឱ្យដឹងថា នៅខែមេសានិងខែឧសភាឆ្នាំនេះ ទំហំការនាំចូលដែលអាហ្សង់ទីនទូទាត់ដោយប្រាក់យាន់ចិនក្នុងពីរខែនេះ ត្រូវជា១៩ភាគរយនៃទំហំនាំចូលសរុប។ តាមការប៉ាន់ប្រមាណចាប់ពីខែឧសភាឆ្នាំនេះតទៅអាហ្សង់ទីននឹងប្រើប្រាស់ប្រាក់យាន់ចិន ត្រូវជាពី៧៩០លានដល់១០០០លានដុល្លារអាមេរិក ទូទាត់ទំនិញនាំចូលពីប្រទេសចិន។ ក្នុងសភាពការណ៍ដែលអាហ្សង់ទីនខ្វះខាតដុល្លារអាមេរិក ការទូទាត់ការនាំចូលទំនិញដោយប្រាក់យាន់ចិនអាចធានាដល់ការនាំចូលទំនិញចិនទៅកាន់អាហ្សង់ទីន ការសងប្រាក់បំណុលដោយប្រាក់យាន់ចិនអាចឱ្យអាហ្សង់ទីនចៀសវាងរំលោភបំពានកិច្ចសន្យាបំណុលរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងបង្កើនជំនឿចិត្តចំពោះទីផ្សារ។

ក្រៅពីនេះ ធនាគារកណ្តាលអាហ្សង់ទីនបានដាក់បញ្ចូលប្រាក់យាន់ចិនក្នុងប្រព័ន្ធធនាគារប្រទេសខ្លួនដែលមិនធ្លាប់មានពីមុន ពោលគឺអនុម័តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអាហ្សង់ទីនបើកគណនីប្រាក់យាន់ចិននិងអាចទូទាត់ប័ណ្ណបំណុលដោយប្រាក់យាន់ចិនជាដើម ប្រការទាំងនេះអាចជំរុញសហគ្រាសទុនចិនពង្រីកការបណ្តាក់ទុននៅអាហ្សង់ទីន ជួយសហគ្រាសកាត់បន្ថយដើមទុននៃការរួមបញ្ចូលទុននិងប្រកបអាជីវកម្ម ក៏ដូចជាជំរុញការអភិវឌ្ឍរបស់សហគ្រាសនៅក្នុងតំបន់ ដូច្នេះប្រការទាំងនេះមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយ។

បើសម្លឹងមើលឱ្យវែងឆ្ងាយ ចិននិងអាហ្សង់ទីនបង្កើនកិច្ចសហប្រតិបតិ្តការផ្នែកហិរញ្ញវត្ថុ មានអត្ថន័យមិនត្រឹមតែទ្វេភាគីប៉ុណ្ណោះទេ ។ ក្នុងរយៈពេលជាយូរមកហើយ អាហ្សង់ទីនបានជួបប្រទះបញ្ហាប្រាក់បំណុលបរទេសរហូត កត្តានេះគឺមិនកាត់ផ្ដាច់ពីអនុត្តរភាពរបស់ដុល្លារអាមេរិកនោះទេ ។ កាលពីឆ្នាំ២០១៦ ដុល្លារអាមេរិកបានបន្ថែមការប្រាក់ឥតឈប់ឈរ បណ្តាលឱ្យប្រាក់ទុនរត់ចេញពីអាហ្សង់ទីននិងរូបិយវត្ថុអាហ្សង់ទីនធ្លាក់ថ្លៃយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ អាហ្សង់ទីនមានតែខ្ចីប្រាក់ពីIMFដោយខានមិនបាន។ ប៉ុន្តែការនេះហាក់ដូចជាបើក "ប្រអប់វេទមន្ត Pandora" បណ្តាលឱ្យអាហ្សង់ទីនធ្លាក់ចូលអន្លង់ជ្រៅនៃបំណុល។ ការកាត់បន្ថយការពឹងផ្អែកទៅលើដុល្លារអាមេរិកជាជំហានដ៏សំខាន់មួយរបស់អាហ្សង់ទីនដើម្បីបំបែកអនុត្តរភាពដុល្លារអាមេរិក។

បច្ចុប្បន្ននេះ ក្រោមការជំរុញពីប្រេស៊ីលនិងអាហ្សង់ទីនជាដើម ប្រទេសអាមេរិកឡាទីនផ្សេងទៀតក៏បាននាំគ្នាលើកឡើងពីគំនិត “ការកាត់បន្ថយដុល្លារអាមេរិក”។ ដូចអត្ថបទក្រោមចំណងជើងថា «អនុវត្តរភាពដុល្លារអាមេរិកមានភាពរង្គោះរង្គើរួចហើយ»ដែលប្រព័ន្ធសារព័ត៌មានរបស់អេស្ប៉ាញបានចេញផ្សាយនោះ បានព្យាករណ៏ថា ឋានៈដឹកនាំនិងអនុត្តរភាពរបស់ដុល្លារអាមេរិកនៅទូទាំងពិភពលោកមិនមែនមិនអាចធ្វើឱ្យរង្គោះរង្គើនោះទេ៕

បទវិភាគ៖ប្រទេសជាច្រើននៅលើពិភពលោកមានសុទិដ្ឋិនិយមចំពោះការធ្វើអន្តរជាតូបនីយកម្មប្រាក់យាន់ចិន