បទវិភាគ៖មហាសមុទ្រប៉ាស៊ីហ្វិកមិនមែនជាទីកន្លែងធ្វើពិសោធន៍នុយក្លេអ៊ែរនិងថ្នូរសម្រាប់ធ្វើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៃប្រទេសមួយចំនួនតូចនោះទេ
ពេលវេលាដែលអង្គការថាមពលបរិមាណូអន្តរជាតិចេញផ្សាយរបាយការណ៍វាយតម្លៃ ចំពោះបញ្ហាបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ទៅក្នុងសមុទ្របានកន្លងផុតទៅជិតមួយសប្តាហ៍ហើយ។ ក្នុងអំឡុងពេលនេះ សំឡេងប្រឆាំងផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុនរបស់សហគមន៍អន្តរជាតិដូចជាប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិក ហ្វីលីពីន ឥណ្ឌូណេស៊ី អាហ្វ្រិកខាងត្បូង ប៉េរូ ចិននិងកូរ៉េខាងត្បូងជាដើមបានលាន់ឮជាប់មិនដាច់។ ប៉ុន្តែបើប្រៀបធៀបនឹងសំឡេងប្រឆាំងទាំងនេះ ទង្វើរបស់សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចគឺជាការយកចិត្តទុកដាក់របស់មនុស្សទូទៅ។
បន្ទាប់ពីអង្គការថាមពលបរិមាណូអន្តរជាតិចេញផ្សាយរបាយការណ៍វាយតម្លៃ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយសម្តែង “ការស្វាគមន៍” ហើយអ្នកនយោបាយប៉ែកខាងលិចភាគច្រើនបានរក្សាភាពស្ងៀមស្ងាត់ចំពោះការវិវាទជុំវិញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន។ ឧទាហរណ៍ដូចជា ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចមួយចំនួនបានឃោសនាបំប៉ោងយ៉ាងគឃ្លើនពីការបកស្រាយរបស់ភាគីជប៉ុននិងអង្គការ IAEA ដោយប្រើពាក្យ “ទឹកចាត់ចែងនុយក្លេអ៊ែរ” តែមិនមែន“ទឹកសំណល់នុយក្លេអ៊ែរ” ហើយក៏មិនសូវដកស្រង់សំឡេងប្រឆាំងរបស់សហគមន៍អន្តរជាតិនោះដែរ។
តាមការសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្ររបស់អាល្លឺម៉ង់ឱ្យដឹងថា ដោយសារនៅតាមឆ្នេរសមុទ្រក្រុង Fukushima មានចរន្តសមុទ្រដ៏ខ្លាំងបំផុតលើពិភពលោក ដូច្នេះ សារធាតុវិទ្យុសកម្មនឹងរីកសាយភាយដល់តំបន់ជាងពាក់កណ្តាលនៃមហាសមុទ្រប៉ាស៊ីហ្វិកក្នុងរយៈពេល ៥៧ ថ្ងៃបន្ទាប់ពីបង្ហូរទឹកសំណល់នុយក្លេអ៊ែរ។ ក្នុងរយៈពេល៣០ឆ្នាំនិងរយៈពេលកាន់តែយូរ សារធាតុវិទ្យុសកម្មទាំងនេះនឹងត្រូវបង្ហូរទៅក្នុងសមុទ្រឥតឈប់ឈរ នេះមិនត្រឹមតែនឹងបំផ្លាញបរិស្ថានអេកូឡូស៊ីនៃសមុទ្រប៉ុណ្ណោះទេ ថែមទាំងក៏នឹងមានផលវិបាកដល់សុខភាពអាយុជីវិតរបស់មនុស្សជាតិផងដែរ។
បំណាច់ជាបែបនេះ តើហេតុអ្វីបានជាប្រទេសប៉ែកខាងលិចមួយចំនួនសម្តែង “ការទុកចិត្ត”ចំពោះទឹកសំណល់នុយក្លេអ៊ែររបស់ជប៉ុន? បើនិយាយអំពីមូលហេតុ គឺពាក់ព័ន្ធនឹង “ប្រវត្តិសាស្ត្រខ្មៅងងឹត”និងភាពអាត្មានិយមជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ។
សូមយកសហរដ្ឋអាមេរិកជាឧទាហរណ៍។ តាមការផ្សាយដំណឹងនៃកាសែត 《Los Angeles Times 》ឱ្យដឹងថា នៅទស្សវត្សរ៍ឆ្នាំ៤០និង៥០នៃសតវត្សរ៍មុន សហរដ្ឋអាមេរិកបានធ្វើពិសោធន៍នុយក្លេអ៊ែរចំនួន៦៧លើកនៅប្រជុំកោះ Marshall ដែលនាំមកនូវគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដល់ប្រជាជនក្នុងតំបន់។ គិតមកទល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមិនបានផ្តោតការយកចិត្តទុកដាក់ចំពោះឧក្រិដ្ឋកម្មរបស់ខ្លួនទាល់តែសោះ ហើយការសងថ្លៃជំងឺចិត្តក៏មិនគ្រប់គ្រាន់ដែរ ដែលធ្វើឱ្យទូទាំងពិភពលោកមានការខឹងសម្បាយ៉ាងខ្លាំង។
បន្ទាប់ពីផ្ទុះឧប្បត្តិហេតុនុយក្លេអ៊ែរនៅ Fukushima កាលពីឆ្នាំ ២០១១ ជប៉ុននិងអាមេរិកបានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីការរួមគ្នាដោះស្រាយហេតុការណ៍នុយក្លេអ៊ែរនិងការស្តារឡើងវិញបន្ទាប់ពីហេតុការណ៍នេះជាដើម។ ឆ្លងតាមរយៈកម្លាំងរបស់អាមេរិក ជប៉ុនទទូលបានការគាំទ្រចំពោះការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រលើឆាកមតិអន្តរជាតិ រីឯសហរដ្ឋអាមេរិកវិញក៏ឆ្លៀតឱកាសនេះដើម្បីគាំពារអនុត្តរភាពយោធានៅជប៉ុន ក៏ដូចជាបន្ថែមមធ្យោបាយសម្រាប់គ្រប់គ្រងជប៉ុន។ ពួកគេមិនដែលយកចិត្តទុកដាក់ទាល់តែសោះចំពោះការបង់តម្លៃយ៉ាងណារបស់ប្រទេសផ្សេងទៀតចំពោះផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន។
រដ្ឋាភិបាលជប៉ុនគួរតែស្តាប់សំឡេងយុត្តិធម៌របស់ភាគីនានា បញ្ឈប់អនុវត្តផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រភ្លាម កុំជាប់ជំពាក់បំណុលថ្មីទៀតខណៈមិនទាន់សងបំណុលចាស់វិញ។ ប្រទេសប៉ែកខាងលិចដែលរក្សាភាពស្ងៀមស្ងាត់ទាំងនោះ ក៏មិនត្រូវក្លាយជាអ្នកសមគំនិតជាមួយផែនការនេះដែរ៕