បទវិភាគ៖តើគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" ជាការបង្កើត "អន្ទាក់បំណុល" ឬជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ?

2023-08-09 16:05:33
ប្រភព:CRI

ឆ្នាំ២០២៣ នេះជាខួប ១០ ឆ្នាំនៃការលើកឡើងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនក្នុងគោលបំណងជ្រោងទង់អភិវឌ្ឍន៍ដោយសន្តិភាព អភិវឌ្ឍយ៉ាងសកម្មនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ព្រមទាំងរួមគ្នាកសាងសហគមន៍ផលប្រយោជន៍រួម សហគមន៍ជោគវាសនារួម និងសហគមន៍ទំនួលខុសត្រូវរួមដែលមានទំនុកចិត្តខាងនយោបាយទៅវិញទៅមក ធ្វើសមាហរណកម្មសេដ្ឋកិច្ច និងមានភាពបរិយាប័ន្នផ្នែកវប្បធម៌។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះគឺឈរលើមូលដ្ឋាននៃផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណ និងផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវសមុទ្របុរាណ។ ក្នុងនោះ ផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណត្រូវបានបង្កើតឡើងកាលពីជាង ២ ពាន់ឆ្នាំមុន មានប្រភពចេញពីក្រុងស៊ីអានប្រទេសចិនឆ្លងកាត់ប្រទេសជាច្រើននៅអាស៊ីកណ្តាល និងអាស៊ីបូព៌ារហូតទៅដល់ឧបទ្វីបអ៊ីតាលីនាសម័យបុរាណ ដែលមានប្រវែងសរុប ៦៤៤០ គីឡូម៉ែត្រ។ ចំណែកឯផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវទឹកបុរាណវិញក៏មានអាយុកាលជាង ២ ពាន់ឆ្នាំដែរ ដោយផ្តើមដំណើរពីទីក្រុងកំពង់ផែមួយចំនួនរបស់ប្រទេសចិនដូចជាក្វាំងចូវ ឈាន់ចូវ នីងប៉ និងយ៉ាងចូវជាដើមទៅកាន់សមុទ្រអារ៉ាប់ រហូតដល់ឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិក។

គិតត្រឹមចុងខែមិថុនាឆ្នាំ២០២៣ នេះ មានប្រទេសចំនួន ១៥២ និងអង្គការអន្តរជាតិចំនួន ៣២ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ចំនួនជាង ២០០ ឯកសារជាមួយប្រទេសចិន ដែលសបង្ហាញថាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បានក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុតនៅលើពិភពលោក។

១០ ឆ្នាំកន្លងមកនេះ ការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» រវាងប្រទេសចិនជាមួយប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ទទួលបានសមិទ្ធផលយ៉ាងធំធេង។ តាមរបាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា ការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» បានញ៉ាំងឱ្យទំហំពាណិជ្ជកម្មនៃភាគីចូលរួមកើនឡើង ៤,១% ការបណ្តាក់ទុនពីបរទេសកើនឡើង ៥% និងធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( GDP ) នៃប្រទេសមានចំណូលទាបកើនឡើង ៣,៤%។ របាយការណ៍ឱ្យដឹងទៀតថា អនុបាតនៃ GDP របស់អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី និងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានកើនឡើង ៣,៦% នៃទំហំ GDP សរុបរបស់ពិភពលោកក្នុងចន្លោះពីឆ្នាំ ២០១២-២០២១ ដោយសារទទួលបានអំណោយផលពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»។ តាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក គិតត្រឹមឆ្នាំ ២០៣០ ការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» នឹងហុចផលសេដ្ឋកិច្ចទំហំ ១,៦ ទ្រីលានដុល្លារអាមេរិកសម្រាប់ពិភពលោកជារៀងរាល់ឆ្នាំ ដែលត្រូវជា ១,៣% នៃទំហំ GDP របស់ពិភពលោក ពិសេសក្នុងចន្លោះឆ្នាំ ២០១៥-២០៣០ នឹងមានជនក្រីក្រ ៧,៦ លាននាក់ចេញផុតពីភាពក្រីក្រដាច់ខាត និង ៣២ លាននាក់ចេញផុតពីភាពក្រីក្រមធ្យមដោយសារការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»។

ប៉ុន្តែទោះបីជាមានសមិទ្ធផលជាក់ស្តែងដែលបង្ហាញថាកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់និងផ្លូវ» បាននាំមកនូវផលប្រយោជន៍ឈ្នះ-ឈ្នះក្តី ក៏នៅតែមានអ្នកច្រណែនឈ្នានីសហើយលាបពណ៌គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ថាជាការបង្កើត «អន្ទាក់បំណុល» ឬជាការធ្វើអនុត្តរភាពក្នុងតំបន់ទៅវិញ។ អ្វីដែលគួរឱ្យអស់សំណើចគឺថា ប្រទេសដែលបាននិយាយឆ្ការដៃឆ្ការជើងចំពោះគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បែរជាបានរិះរកមធ្យមបាយ ដើម្បីដាក់ចេញយុទ្ធសាស្ត្រដែលមានខ្លឹមសារប្រហាក់ប្រហែលនឹងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ទៅវិញ ពោលគឺឃើញអ្នកដទៃធ្វើចោទថាអ៊ីចេះថាអ៊ីចុះ ដល់ខ្លួនឯងធ្វើដូចគ្នាបែរជាថាដើម្បីប្រយោជន៍រួម។

តើគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជា «អន្ទាក់បំណុល» ឬជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ? ចម្លើយយើងអាចរកឃើញតាមរយៈការថ្លែងមតិរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិនិងថ្នាក់ដឹកនាំនៃប្រទេសនានាដែលបានចូលរួមការកសាង «ខ្សែក្រវាត់និងផ្លូវ» ជាមួយប្រទេសចិន ជាពិសេសថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាដែលជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលទទួលបានផលប្រយោជន៍ជាក់ស្តែងជាច្រើនពីគំនិតផ្តួចផ្តើមនេះបានរំលេចជាច្រើនលើកច្រើនសាពីសមិទ្ធផលដែលទទួលបានពីការចូលរួមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជាមិនមានការស្ទាក់ស្ទើរជាមួយការគាំទ្រគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់និងផ្លូវ» នោះទេ គំនិតផ្តួចផ្តើមនេះទាក់ទិនជាមួយការអភិវឌ្ឍដោយមិនទុកប្រទេសណាមួយជាសត្រូវទេ ហើយក៏មិនរារាំងការអភិវឌ្ឍរបស់ប្រទេសណាមួយនោះដែរ ប៉ុន្ដែផ្ទុយទៅវិញបានផ្ដល់នូវផលប្រយោជន៍សម្រាប់យើង។ ជាក់ស្ដែងកិច្ចព្រមព្រៀងអាស៊ាន-ចិនបានផ្ដល់ផលប្រយោជន៍ធំណាស់សម្រាប់បណ្ដាប្រទេសអាស៊ាន ប្រទេសអាស៊ាននាំចូលទៅក្នុងប្រទេសចិនច្រើនជាងចិននាំចូលមកក្នុងបណ្ដាប្រទេសអាស៊ានទៅទៀត។ នេះក៏កើតចេញពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន ដែលបានផ្ដល់ផលប្រយោជន៍សម្រាប់បណ្ដាប្រទេសអាស៊ាន។

ជាការពិតណាស់ អ្វីដែលយើងមើលឃើញនឹងភ្នែកគឺទោះនៅក្នុងកាលៈទេសៈណាក្តី ក៏មិនដែលឃើញប្រទេសចិនលើកឡើងពីគំនិតគាំពារនិយម អញនិយម ឬចិនជាអាទិភាពនោះទេ ពោលគឺមានតែលើកឡើងពីគំនិតផ្តួចផ្តើមដើម្បីជាប្រយោជន៍រួមរបស់មនុស្សជាតិ តួយ៉ាងដូចជាគំនិតផ្តើមផ្តួច «ខ្សែក្រវាត់និងផ្លូវ» គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលជាដើម ទាំងនេះជាការគិតគូរជាទូទៅពីកិច្ចសហប្រតិបត្តិការអន្តរជាតិដែលមិនមែនគិតគូរពីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ ថ្នាក់ដឹកនាំចិនតែងលើកឡើងថា ចិនរីករាយចែករំលែកកាលានុវត្តភាពនៃការអភិវឌ្ឍរបស់ខ្លួនជាមួយប្រទេសនានាលើពិភពលោក ដើម្បីវិបុលភាពនិងការអភិវឌ្ឍរួម។

ប្រសិនជាចិនដាក់ចេញគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គឺដើម្បីបង្កើតអន្ទាក់បំណុលឬធ្វើអនុត្តរភាពក្នុងតំបន់មែន ចុះហេតុអ្វីបានជាមានប្រទេសរហូតដល់ទៅ ១៥២ លើពិភពលោកដែលមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន? ហេតុនេះមានតែប្រទេសដែលច្រណែនឈ្នានីស និងមានចិត្តចង្អៀតចង្អល់ប៉ុណ្ណោះដែលអង្គុយនៅមិនសុខហើយតែងតែលាបពណ៌មួលបង្កាច់ថាបែបនេះបែបនោះ សឹងតែញុះញង់បំផ្លិចបំផ្លាញទៀតផង។

សុភាសិតចិនមួយឃ្លាពោលថា «មនុស្សច្រើនថែមឧស ភ្លើងនឹងឆេះកាន់តែខ្លាំង» ពោលគឺការរួមកម្លាំងគ្នាធ្វើរឿងអ្វីមួយ វានឹងឆាប់សម្រេចបានជោគជ័យ។ យើងជឿជាក់ថា ក្រោមការរួមសហការគ្នារបស់បណ្តាប្រទេសនានា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»នឹងកាន់តែធំធាត់ឡើងនិងចាស់ទុំឡើង ហើយក្នុងអំឡុងពេល ១០ ឆ្នាំខាងមុខនឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃបណ្តាប្រទេសពាក់ព័ន្ធជាក់ជាពុំខាន៕

បទវិភាគ៖តើគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" ជាការបង្កើត "អន្ទាក់បំណុល" ឬជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ?