បទវិភាគ៖ជា"ហានិភ័យ"ឬមួយក៏"ឱកាស" ? សហគមន៍អន្តរជាតិនឹងធ្វើការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ខ្លួន
មួយរយៈកាលចុងក្រោយនេះ "ការលុបបំបាត់ហានិភ័យ"បានជំនួស"ការផ្តាច់ទំនាក់ទំនង"ដែលបានក្លាយជា"ពាក្យពេញនិយម"ថ្មីមួយរបស់អ្នកនយោបាយអាមេរិកមួយចំនួនសម្រាប់ពិគ្រោះពិភាក្សាអំពីគោលនយោបាយចំពោះប្រទេសចិន ។
ហេតុអ្វីបានជា"ការលុបបំបាត់ហានិភ័យ"ស្រាប់តែមានមានភាពពេញនិយម ? សូមបញ្ជាក់ថា ការរៀបរាប់បែបនេះត្រូវបានប្រើប្រាស់មុនគេបង្អស់ដោយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប ។ លោកស្រីបានលើកឡើងថា "ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន" គឺមិនអាចធ្វើទៅរួចទេ ហើយក៏មិនសមស្របនឹងផលប្រយោជន៍របស់អឺរ៉ុបផងដែរ ។ នេះគឺជាមូលហេតុដែលយើងគួរតែផ្តោតលើ"ការលុបបំបាត់ហានិភ័យ" តែមិនមែន"ផ្តាច់ទំនាក់ទំនង"នោះទេ ។
បន្ទាប់ពីគំនិតនេះត្រូវលើកឡើងមិនជាយូរប៉ុន្មាន សហរដ្ឋអាមេរិកក៏បានទទួលយកនិងឃោសនាបំប៉ោងការរៀបរាប់បែបនេះយ៉ាងឆាប់រហ័ស ។ ពីលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដល់លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ពីលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកដល់លោក Jake Sullivan ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិសុទ្ធតែបានសង្កត់ធ្ងន់លើ"ការលុបបំបាត់ហានិភ័យ"ចំពោះប្រទេសចិនក្នុងកាលៈទេសៈផ្សេងៗគ្នា ។ ពី"ការផ្តាច់ទំនាក់ទំនង"ដល់"ការលុបបំបាត់ហានិភ័យ" មួយផ្នែក វាបានបង្ហាញឱ្យឃើញថា អឺរ៉ុបបានកែសម្រួលទិសដៅគោលនយោបាយរបស់ខ្លួនដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍របស់អឺរ៉ុប ហើយលែងដើរតាមជាមួយអាមេរិកនិងមិនចង់"ផ្តាច់ទំនាក់ទនង"ជាមួយប្រទេសចិនទេ ។ មួយផ្នែកទៀត មជ្ឈដ្ឋាននយោបាយអាមេរិកក៏បានត្រាប់តាមនិងប្រើប្រាស់ការរៀបរាប់បែបនេះក្នុងពេលឆាប់ៗវាបានបញ្ជាក់ដែរថា ពួកគេសម្គាល់ឃើញថា គោលនយោបាយស្តីពី"ការផ្តាច់ទំនាក់ទំនង"លែងមានប្រសិទ្ធភាពរួចហើយ ចាំបាច់ត្រូវស្វែងរកវិធីថ្មី ។
គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ពិតមែនតែសហរដ្ឋអាមេរិកនិយាយបានតែមាត់ថា មិនចង់ធ្វើ"សង្រ្គាមត្រជាក់ថ្មី"ជាមួយប្រទេសចិនក៏ដោយ ក៏ប៉ុន្តែអាមេរិកបានជំរុញ"ការផ្តាច់ទំនាក់ទំនង"ជាមួយប្រទេសចិននៅគ្រប់ទីកន្លែង ។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកមិនត្រឹមតែប្រើប្រាស់ពាក្យសម្តីធ្ងន់ៗប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ខិតបង្ខំប្រទេសផ្សេងទៀតឱ្យចូលរួម"ក្រុមប្រឆាំងចិន"របស់ខ្លួន ។ យ៉ាងណាមិញ ស្របពេលដែលសហរដ្ឋអាមេរិកកាន់តែធ្វើទាំងផ្គើនទាំងបំពាន សំឡេងប្រឆាំងរបស់សហគមន៍អន្តរជាតិក៏បានបន្លឺឡើងកាន់តែខ្លាំងឡើងៗផងដែរ ។ ដោយឡែកទង្វើដែលដាក់សម្ពាធនិងទប់ស្កាត់ប្រទេសចិនព្រមទាំងបំផ្លាញដល់ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចបែបនេះ ក៏បានរងការរិះគន់ពីសំណាក់សម្ព័ន្ធមិត្តមួយចំនួនផងដែរ ។ តាមការគណនារបស់របាយការណ៍សិក្សាស្រាវជ្រាវមួយរបស់ធនាគារគំនិតអូទ្រីសបានបង្ហាញថា ប្រសិនបើ"ផ្តាច់ទំនាក់ទំនង"ជាមួយប្រទេសចិន នោះផលិតផលក្នុងស្រុកសរុប(GDP)ក្នុងមួយឆ្នាំរបស់អាល្លឺម៉ង់នឹងធ្លាក់ចុះ ២ ភាគរយដែលស្មើនឹងការខាតបង់ចំនួន ៦០ ពាន់លានអឺរ៉ូ ។ លោក Emmanuel Macron ប្រធានាធិបតីបារាំងបានថ្លែងថា ភាគីទាំងពីរអឺរ៉ុបនិងចិនគួរតែធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីជៀសវាងកុំឱ្យធ្លាក់ចូលក្នុងអន្ទាក់នៃ"ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់" ។
ខណៈពេល"ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់"ជាមួយចិនធ្វើមិនរួច គឺគាប់ជួនជាខណៈពេលដែលអឺរ៉ុបបានលើកឡើងនូវគំនិតស្តីពី"ការលុបបំបាត់ហានិភ័យ" ដូច្នេះសហរដ្ឋអាមេរិកហាក់ដូចជាទទួលបានឱកាសថ្មី ព្រមទាំងប្រញាប់ប្រញាល់ប្តូរលេសថ្មីដើម្បីបន្តទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ។
អាចនិយាយបានថា ចេតនាអាក្រក់របស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ណាស់ ។ មួយផ្នែក សហរដ្ឋអាមេរិកប៉ុនប៉ងប្រើគំនិតថ្មីស្តីពី"ការលុបបំបាត់ហានិភ័យ"ដើម្បីបម្រះចេញពីភាពលំបាកខាងវោហារសាស្រ្ត ក៏ដូចជាលួងចិត្តរបស់អ្នកដែលទាមទារឱ្យផ្លាស់ប្តូរគោលនយោបាយស្តីពី"ការផ្តាច់ទំនាក់ទំនង" ។ កាសែត«ញូវយ៉កថែមស៍»បានចុះផ្សាយបទអត្ថាធិប្បាយថា ការប្រើប្រាស់ពាក្យ"លុបបំបាត់ហានិភ័យ" មានភាពទន់ភ្លន់ជាង និងមិនសូវមានភាពរឹងចចេសដូចមុន។ មួយផ្នែកទៀត សហរដ្ឋអាមេរិកបានមួលបង្កាច់ប្រទេសចិនថា ជា"ហានិភ័យ" ក្នុងន័យបំភាន់ភ្នែកមហាជន ដើម្បីលេងកលល្បិចចាស់ៗជាថ្មីម្តងទៀត ពោលគឺចង់ជំរុញ"ការផ្ដាច់ទំនាក់ទំនងនិងខ្សែសង្វាក់"ជាមួយប្រទេសចិន។
បន្ទាប់ពីបានពិនិត្យពិភាក្សាមួយរយៈពេល កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានចុះហេត្ថលេខាលើបទបញ្ជាប្រតិបត្តិស្តីពីយន្តការត្រួតពិនិត្យចំពោះការបណ្តាក់ទុនវិនិយោគនៅក្រៅប្រទេស ដោយបានដាក់កំហិតចំពោះសហគ្រាសអាមេរិកដែលបណ្តាក់ទុនវិនិយោគនៅប្រទេសចិនក្នុងវិស័យវត្ថុពាក់កណ្តាលចម្លងនិងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មានកង់ទិចនិងភាពវៃឆ្លាតសិប្បនិម្មិត ។ នេះគឺជា"ការផ្ដាច់ទំនាក់ទំនងនិងខ្សែសង្វាក់"ក្នុងវិស័យបណ្តាក់ទុនក្រោមលេសថា"លុបបំបាត់ហានិភ័យ" ។
មួយផ្នែក អ្នកនយោបាយអាមេរិកបានឃោសនាបំប៉ោងយ៉ាងគឃ្លើននូវអ្វីដែលហៅថា "ការលុបបំបាត់ហានិភ័យ"ចំពោះប្រទេសចិន មួយផ្នែកទៀត អ្នកទទួលខុសត្រូវជាន់ខ្ពស់នៃសហគ្រាសពហុជាតិជាច្រើន ដូចជា Apple JP MorganChase GeneralMotors Tesla Citigroup និង SIEMENS ជាដើមបាននាំគ្នាទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ។ លោក Elon Musk នាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla របស់ប្រទេសអាមេរិកបានថ្លែងយ៉ាងច្បាស់ថា ក្រុមហ៊ុន Tesla ប្រឆាំងនឹង"ការផ្ដាច់ទំនាក់ទំនងនិងខ្សែសង្វាក់" ហើយបានធ្វើការប្រៀបប្រដូចយ៉ាងរស់រវើកថា "សហរដ្ឋអាមេរិកនិងចិនមានផលប្រយោជន៍រួម ដូចជាកូនភ្លោះដែលមិនអាចបំបែកខ្លូនចេញពីគ្នាបានអ៊ីចឹង "។
តើអ្វីជាហានិភ័យរបស់ប្រទេសចិន ? តាមពិតទៅ ប្រទេសចិនមិនមែនជាប្រភពហានិភ័យនោះទេ ។
សូមបញ្ជាក់ថា ប្រទេសចិនគឺជា"ម៉ាស៊ីនលំនឹង"និងជា"ក្បាលម៉ាស៊ីន"នៃកំណើនសេដ្ឋកិច្ចពិភពលោក ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានឈានដល់ ៣៨,៦ ភាគរយ ហើយសមាមាត្រនិងអត្រារួមចំណែកនៃឧស្សាហកម្មផលិតកម្មរបស់ចិនបានច្រើនជាងចំនួនសរុបនៃប្រទេសចំនួន ៦ ដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់និងជប៉ុនជាដើម ។
លើសពីនេះទៅទៀត ប្រទេសចិនគឺជាទីផ្សារធំទីពីរលើពិភពលោកទាំងមូលនិងជាប្រទេសធំបំផុតខាងពាណិជ្ជកម្មទំនិញនិងពាណិជ្ជកម្មសេវាកម្ម ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតនៃប្រទេសនិងតំបន់ចំនួនជាង ១៤០ ផងដែរ ។
ប្រទេសចិនបានលើកឡើងពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ។ ក្នុងរយៈពេល១០ឆ្នាំបន្ទាប់ពីប្រទេសចិនលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមួយប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ ដែលបានជំរុញឱ្យមានការវិនិយោគលើសពី ១ ទ្រីលានដុល្លារអាមេរិក ។
ក្នុងក្រសែភ្នែករបស់សហគ្រាសពហុជាតិទាំងនេះ បើនិយាយចំពោះប្រទេសភាគច្រើន អ្វីដែលប្រទេសចិនបានផ្តល់ជូនពិភពលោក គឺជាឱកាស តែមិនមែនបញ្ហាប្រឈមទេ គឺជាស្ថិរភាព តែមិនមែនភាពរង្គោះរង្គើទេ គឺជាការធានា មិនមែនហានិភ័យនោះឡើយ ។
ខ្ញុំគិតថា "ការលុបបំបាត់ហានិភ័យ"ចំពោះប្រទេសចិនទើបជាហានិភ័យដ៏ពិតប្រាកដ ៕
អ្នកបកប្រែ:魏伟