បទវិភាគ៖សេដ្ឋកិច្ចរបស់ចិននៅតែមានភាពធន់និងសក្តានុពលយ៉ាងខ្លាំងក្លាដដែល
"នាពេលបច្ចុប្បន្ននេះ សហគ្រាសរបស់ចិនពាក់ព័ន្ធនឹងកាហ្វេបានលើសពី ១៨ ម៉ឺនសហគ្រាស។ ដោយឡែកទីផ្សារផលិតផលកាហ្វេនៅប្រទេសចិននឹងរក្សានិន្នាការកើនឡើងយ៉ាងខ្លាំងក្លានាពេលអនាគត"។ វេបសាយនៃទីភ្នាក់ងារសារព័ត៌មាន Sputnik រុស្ស៊ីបានចេញផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះដោយបានរាយការណ៍អំពីភាពរស់រវើកយ៉ាងខ្លាំងក្លារបស់ទីផ្សារផលិតផលកាហ្វេនៅប្រទេសចិន។
នេះគឺជាគំរូដ៏រស់រវើកមួយនៃទីផ្សារប្រើប្រាស់របស់ចិនដែលបាននិងកំពុងស្តារឡើងវិញជាបន្តបន្ទាប់។ យោងតាមទិន្នន័យសេដ្ឋកិច្ចដែលចេញផ្សាយដោយរដ្ឋាភិបាលចិនកាលពីថ្ងៃទី ១៥ ខែសីហាបានបង្ហាញថា សេដ្ឋកិច្ចជាតិចិនបានបន្តស្តារឡើងវិញ ក្នុងនោះការប្រើប្រាស់ខាងសេវាកម្មទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ រយៈពេល ៧ ខែដំបូងក្នុងឆ្នាំ២០២៣ ទំហំលក់រាយទំនិញនៃវិស័យសេវាកម្មបានកើនឡើង ២០,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ អាស្រ័យលើការធ្វើទេសចរណ៍ក្នុងវិស្សមកាលធំ សកម្មភាពវប្បធម៌ កីឡា និងកម្សាន្ត បានជម្រុញឱ្យការប្រើប្រាស់ខាងសេវាកម្មពាក់ព័ន្ធកើនឡើងយ៉ាងឆាប់បង្គួរ។ ព្រមពេលជាមួយគ្នានេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិនបានកើនឡើង ៧,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។
ការប្រើប្រាស់គឺជាក្បាលម៉ាស៊ីនគន្លឹះនៃកំណើនសេដ្ឋកិច្ច។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចសកលខ្វះកម្លាំងស្តារឡើងវិញ។ ទីផ្សារប្រើប្រាស់របស់ចិនបាននិងកំពុងស្តារឡើងវិញជាបន្តបន្ទាប់ តើវានឹងនាំមកនូវឱកាសអ្វីខ្លះដល់ពិភពលោក?
គួររំលឹកថា នៅកាលពីមុន ទម្រង់នៃការប្រើប្រាស់របស់ចិនបានចាត់ទុកការប្រើប្រាស់ទំនិញជាចម្បង ប៉ុន្តែបច្ចុប្បន្ននេះ វាបានប្រែទៅជាទាំងការប្រើប្រាស់ខាងទំនិញ និងសេវាកម្មសុទ្ធតែជាចម្បងជាសន្សឹមៗ។ ក្នុងចំណាយខាងការប្រើប្រាស់គិតជាមធ្យមសម្រាប់មនុស្សម្នាក់របស់ប្រជាជនចិន សមាមាត្រនៃការប្រើប្រាស់ខាងសេវាកម្មបានលើសពី ៤០ ភាគរយ។ ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍ និងការលើកកម្ពស់លំដាប់ថ្នាក់នៃរចនាសម្ព័ន្ធរបស់ការប្រើប្រាស់បែបនេះបានផ្តល់លំហអភិវឌ្ឍន៍ថ្មីដល់សហគ្រាសពហុជាតិ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ《សេចក្តីណែនាំស្តីពីការធ្វើឱ្យមានសុក្រឹតភាពនូវបរិយាកាសវិនិយោគសម្រាប់ពាណិជ្ជករបរទេស និងការបង្កើនកម្លាំងទាក់ទាញការវិនិយោគរបស់ពាណិជ្ជករបរទេស》ដែលតម្រូវឱ្យរៀបចំផែនការកាន់តែប្រសើរឡើងអំពីស្ថានការណ៍ទូទៅទាំងក្នុងស្រុកនិងអន្តរជាតិដើម្បីបង្កើតបរិយាកាសធុរកិច្ចលំដាប់ខ្ពស់ដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម ពង្រីកយ៉ាងពេញលេញនូវឧត្តមភាពនៃទីផ្សារដែលមានទ្រង់ទ្រាយធំសម្បើមរបស់ប្រទេសចិន ក៏ដូចជាកៀរគរនិងប្រើប្រាស់ទុនវិនិយោគនៃពាណិជ្ជករបរទេសឱ្យកាន់តែខ្លាំងក្លានិងកាន់តែមានប្រសិទ្ធភាពដើម្បីរួមចំណែកដល់ការជំរុញការបើកចំហប្រកបដោយកម្រិតខ្ពស់ចំពោះក្រៅប្រទេស និងកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។
ក្រៅពីនេះ ប្រសិនបើចង់ស្តារឡើងវិញនិងពង្រីកការប្រើប្រាស់ នោះ ក៏ចាំបាច់ត្រូវផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយគុណភាពល្អដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ដែលមានភាពប្រសើរឡើងជាបន្តបន្ទាប់។ដោយឡែកការផ្តល់ផលិតផលនិងសេវាកម្មប្រកបដោយគុណភាពល្អមុខជានឹងជំរុញកម្លាំងចលករច្នៃប្រឌិតថ្មីកាន់តែខ្លាំងឡើងៗជាក់ជាមិនខាន។ ពេលថ្មីៗនេះ តាមការផ្សាយដំណឹងនៃវេបសាយកាសែត «Nihon Keizai Shimbun» របស់ជប៉ុនបានឱ្យដឹងថា នៅឆ្នាំ២០២២ ថវិកាសរុបសម្រាប់សិក្សាស្រាវជ្រាវនៃក្រុមហ៊ុនដែលចុះបញ្ជីក្នុងទីផ្សារមូលបត្ររបស់ចិនមានចំនួន ១៦៤១៩០០ លានយាន់ប្រាក់ចិន ដែលបានកើនឡើងប្រហែល ១,៦ ដងក្នុងរយៈពេល ៥ ឆ្នាំ។
បច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកមានភាពច្របូកច្របល់ ប៉ុន្តែគោលនយោបាយរបស់ប្រទេសចិនបាននិងកំពុងរក្សាស្ថិរភាព និងនិរន្តរភាព គឺផ្តល់បរិយាកាសអភិវឌ្ឍន៍កាន់តែទុកចិត្តបានដល់ដើមទុនបរទេសនៅក្នុងប្រទេសចិន។ សូមយកការប្រើប្រាស់ជាឧទាហរណ៍ ពីសន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើកាលពីចុងឆ្នាំ ២០២២ បានសង្កត់ធ្ងន់ថា "ត្រូវតម្កល់ទុកការស្តារឡើងវិញ និងការពង្រីកការប្រើប្រាស់ជាអាទិភាព" ដល់ការដាក់ចេញនូវវិធានការមួយចំនួននៅឆ្នាំនេះ ដើម្បីជំរុញយ៉ាងពេញទំហឹងនូវការប្រើប្រាស់ គោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសចិនបាននាំមកនូវភាពប្រាកដប្រជាដល់ពិភពលោក ហើយប្រសិទ្ធភាពនៃគោលនយោបាយក៏បានលេចឡើងជាបន្តបន្ទាប់ផងដែរ។
នាពេលបច្ចុប្បន្ននេះ បរិយាកាសអន្តរជាតិនៅតែមានភាពស្មុគ្រស្មាញនិងតឹងរ៉ឹងដដែល ប៉ុន្តែប្រទេសចិនមិនដែលលាក់លាមនូវបញ្ហាប្រឈមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឡើយ។ ទោះយ៉ាងនេះក្តី ក៏និន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរមិនបានកែប្រែដែរ ហើយវានៅតែមានភាពធន់និងសក្តានុពលយ៉ាងខ្លាំងក្លាដដែល៕