បទវិភាគ៖ការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលសមុទ្រគឺជាអំពើហឹង្សា

2023-09-07 10:52:51
ប្រភព:កាសែតប្រជាជនដេលី

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រដ្ឋាភិបាលជប៉ុនបានព្រងើយកន្តើយចំពោះផលប្រយោជន៍សាធារណៈ ហើយបានដាក់ចេញជាឯកតោភាគីនូវការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រដើម្បីបំពេញផលប្រយោជន៍ផ្ទាល់ខ្លួន ដែលត្រូវបានប្រឆាំង និងរិះគន់យ៉ាងខ្លាំងពីប្រជាជនក្នុងប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ។ ភាគីនានាទទូចឱ្យរដ្ឋាភិបាលជប៉ុនកែតម្រូវការសម្រេចចិត្តខុសរបស់ខ្លួន ហើយបញ្ឈប់ជាបន្ទាន់នូវការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រ។ គួរឱ្យបញ្ជាក់ថា ប្រទេស​ពាក់ព័ន្ធ​បាន​សម្តែង​ថា​នឹង​បង្កើន​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​ផលិតផល​ជលផល​ដែល​នាំចូល​ពី​ជប៉ុន។

"ជប៉ុនកំពុងរុញខ្លួនក្លាយជា 'ចុងចោទអន្តរជាតិ'ដែលបំពុលបរិស្ថានសមុទ្រ និងបំផ្លាញបរិស្ថាន និងអេកូឡូស៊ីពិភពលោក "

នៅថ្ងៃទី២៤ខែសីហា ក្រុមហ៊ុនTokyo Electric Power Company(TEPCO) ដែលជាប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បានចាប់ផ្តើមបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាជនមកពីគ្រប់វិស័យក្នុងប្រទេសជប៉ុនបានបន្តធ្វើបាតុកម្មតវ៉ា។ នៅថ្ងៃទី២៤ មានប្រជាពលរដ្ឋចំនួនប្រមាណ ៤០០នាក់មកពីគ្រប់កន្លែងក្នុងប្រទេសជប៉ុនបានប្រជុំគ្នានៅជិតទីស្នាក់ការកណ្តាលរបស់ TEPCO ដើម្បីប្រឆាំងយ៉ាងខ្លាំងចំពោះការចាប់ផ្តើមប្រតិបត្តិការបញ្ចេញទឹកបំពុលនុយក្លេអ៊ែរ Fukushima នៅថ្ងៃដដែល។

លោកជំទាវ Fukushima Mizuhoប្រធានគណបក្សសង្គមប្រជាធិបតេយ្យរបស់ប្រទេសជប៉ុនបានមានប្រសាសន៍ថា "នៅពេលដែលសារធាតុវិទ្យុសកម្មត្រូវបានបង្ហូរចូលទៅក្នុងសមុទ្រ យើងមិនអាចធ្វើការប្រមូលបានមកវិញនោះទេ ការ​បញ្ចេញ​ទឹក​កខ្វក់​នុយក្លេអ៊ែរ​ចូល​សមុទ្រ​គឺ​ជា​អំពើហឹង្សា"។

បុគ្គលិកជលផល និងប្រជាពលរដ្ឋនៅក្នុងស្រុក Fukushimaនិងតំបន់ពាក់ព័ន្ធបានគ្រោងនឹងប្តឹងរដ្ឋាភិបាលជប៉ុន និង TEPCO នៅតុលាការ។ ភាគីដើមបណ្តឹងនឹងដាក់ពាក្យបណ្តឹងដំបូងរបស់ខ្លួនទៅកាន់តុលាការស្រុក Fukushima នៅថ្ងៃទី៨ខែកញ្ញា។ មេធាវីជប៉ុនឈ្មោះ ហៃទូស្យូងយីបាននិយាយនៅពេលគាត់ចូលរួមក្នុងការប្រជុំជាសាធារណៈថា "ការ​បញ្ចេញ​ទឹក​កខ្វក់​នុយក្លេអ៊ែរ​ចូល​សមុទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​គឺ​ជា​ការ​បំពាន​ជាក់ស្តែង​ចំពោះ​ច្បាប់​អន្តរជាតិ និង​ច្បាប់​ក្នុងប្រទេសជប៉ុន។ លោកបានថ្លែងថា នៅពេលដែលមានជម្រើសនៃការចោលសំរាមប្រកបដោយសុវត្ថិភាពផ្សេងទៀត រដ្ឋាភិបាលជប៉ុនបានជ្រើសរើសផែនការបញ្ចេញទឹកសមុទ្រដែលមិនបានបញ្ជាក់សុវត្ថិភាព ដែលបំពានយ៉ាងច្បាស់លើ "គោលការណ៍ការពារហានិភ័យ" ដែលជាគោលការណ៍ស្នូលមួយនៃច្បាប់បរិស្ថានអន្តរជាតិ។

"នេះគឺជាការបង្កហេតុដល់មនុស្សជាតិ និងការប្រកាសសង្រ្គាមលើប្រជាជាតិនានានៃតំបន់ប៉ាស៊ីហ្វិក"

លោក Geng Shuang តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃទី ២៥ ថា រដ្ឋាភិបាលជប៉ុនសម្រេចជាឯកតោភាគី និងបង្ខំបញ្ចេញទឹកដែលបំពុលដោយនុយក្លេអ៊ែរទៅក្នុងសមុទ្រ ធ្វើឲ្យបង្កគ្រោះថ្នាក់លើកទី ២ ដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាប្រជាជនលើពិភពលោក។

លោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូងបាននិយាយថា "ប្រទេសជប៉ុនបានឆ្លងកាត់បន្ទាត់ព្រំដែនដែលមិនអាចគ្រប់គ្រងបាន។ នេះគឺជាការបង្កហេតុដល់មនុស្សជាតិ និងការប្រកាសសង្រ្គាមលើប្រជាជាតិនានានៃតំបន់ប៉ាស៊ីហ្វិក។ កាលពីមុន ប្រទេសជប៉ុនបានប្រើដាវ និងកាំភ្លើងដើម្បីឈ្លានពាន និងសម្លាប់ ក្នុងន័យផលប្រយោជន៍ផ្ទាល់ខ្លួន ហើយឥឡូវនេះ វាកំពុងព្យាយាមប្រព្រឹត្តឧក្រិដ្ឋកម្មបំផ្លាញបរិស្ថាននៅប៉ាស៊ីហ្វិកជាថ្មីម្តងទៀត។"

កាសែត «The Hankyoreh»របស់ប្រទេសកូរ៉េខាងត្បូងបានបោះពុម្ពផ្សាយអត្ថបទវិចារណកថាថា ប្រវត្តិសាស្ត្រនឹងចងចាំថ្ងៃដែលរដ្ឋាភិបាលជប៉ុនមិនអើពើនឹងកង្វល់របស់ប្រជាជននៃប្រទេសខ្លួន និងប្រទេសជិតខាង ហើយបានបង្ខំឱ្យបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ នេះគឺជាគ្រោះមហន្តរាយបរិស្ថានដែលមិនធ្លាប់មានក្នុងមានប្រវត្តិសាស្ត្រមក។ «Korea Daily»របស់ប្រទេសកូរ៉េខាងត្បូងក៏បានចុះផ្សាយអត្ថបទវិចារណកថាថា ទន្ទឹមនឹងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រក្លាយជាការពិត ក្តីបារម្ភរបស់ប្រជាជនកូរ៉េខាងត្បូងនឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៤ ដោយថ្កោលទោសយ៉ាងដាច់អហង្ការរបស់ប្រទេសជប៉ុនចំពោះការបាញ់បញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi  និងបាននិយាយថា នេះជាទង្វើដែលបំផ្លាញបរិស្ថានអេកូឡូស៊ីរបស់ផែនដី និងគំរាមកំហែងដល់ការរស់រានមានជីវិតរបស់មនុស្ស ហើយព្រមានថា ផលវិបាកមហន្តរាយទាំងអស់ដែលបណ្តាលមកពីការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រគួរតែទទួលដោយភាគីជប៉ុនទាំងស្រុង។

​"នេះ​ជា​ទង្វើ​អាក្រក់បំផុត​ដែល​បង្កើត​គំរូ​អាក្រក់ដំបូងគេ"

គេហទំព័ររបស់អគ្គនាយកដ្ឋានសេវាត្រួតពិនិត្យសត្វ និងរុក្ខជាតិរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៤ ថា អគ្គនាយកដ្ឋាននេះយល់ស្របជាមួយប្រទេសជាច្រើន ហើយមានការព្រួយបារម្ភអំពីហានិភ័យសុវត្ថិភាពចំណីអាហារ និងផ្សេងទៀត ដែលប្រទេសជប៉ុនអាចបង្កឡើងដោយការបញ្ចោញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

នៅថ្ងៃទី២៦នេះ លោក លឺឆាយ​​ លឺវ៉ូ អគ្គលេខាធិការរងនៃអគ្គនាយកដ្ឋានត្រួតពិនិត្យ និងគ្រប់គ្រងចំណីអាហារ និងឱសថថៃ((FDA)បាននិយាយថា ប្រទេសថៃសម្រេចពង្រឹងវិធានការត្រួតពិនិត្យសុវត្ថិភាពសម្រាប់អាហារសមុទ្រដែលនាំចូលពីប្រទេសជប៉ុន ហើយទំហំគំរូសម្រាប់ការត្រួតពិនិត្យបានកើនឡើងទ្វេដង។​ គយ និងផ្នែកត្រួតពិនិត្យផលិតផលពាក់ព័ន្ធបានរៀបចំរួចរាល់ហើយ។

លោកជំទាវ Steffi Lemkeរដ្ឋមន្ត្រីក្រសួងបរិស្ថាន អភិរក្សធម្មជាតិ សុវត្ថិភាពនុយក្លេអ៊ែរ និងការពារអតិថិជនអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៤ដោយបញ្ជាក់ថា លោកជំទាវមានការរិះគន់យ៉ាងខ្លាំងចំពោះការបញ្ចេញសារធាតុវិទ្យុសកម្មបន្ថែមទៅក្នុងមហាសមុទ្រ។

"ជប៉ុន យើងខឹងខ្លាំងណាស់!" "បញ្ឈប់ការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ!" "ការពារមហាសមុទ្រប៉ាស៊ីហ្វិក ការពារកូនចៅរបស់យើង!" នៅថ្ងៃទី២៥ប្រជាជនហ្វីជីរាប់រយនាក់បានស្រែកពាក្យស្លោកហើយដើរតាមផ្លូវដើម្បីតវ៉ាយ៉ាងខ្លាំងចំពោះជនជាតិជប៉ុន។ ពួកគេតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុនចំពោះការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រ និងអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការ ដើម្បីបញ្ឈប់អាកប្បកិរិយាអាក្រក់របស់ប្រទេសជប៉ុននិងការពារបរិស្ថានវិទ្យានៃមហាសមុទ្រប៉ាស៊ីហ្វិក និងសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយ។

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ការរីករាលដាលនៃទឹកកខ្វក់នុយក្លេអ៊ែរក្នុងមហាសមុទ្រនឹងប៉ះពាល់ដល់បរិស្ថានអេកូឡូស៊ីសមុទ្រ ធ្វើឱ្យខូចដល់ការអភិវឌ្ឍវិស័យជលផល និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ រដ្ឋាភិបាលជប៉ុនគួរតែចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងការសម្រេចចិត្ត ឬស្វែងរកដំណោះស្រាយសមស្របជាងនេះ ជំនួសឱ្យការបដិសេធដោយអាត្មានិយម។

លោក Antonio S Lopez អគ្គនិពន្ធនាយកនៃ «Asia Business Weekly»របស់ប្រទេសហ្វីលីពីន បានប្រាប់អ្នកកាសែតថា "ការបញ្ចោញទឹកកខ្វក់នុយក្លេអ៊ែររបស់ជប៉ុនទៅក្នុងសមុទ្រគឺជា​ទង្វើ​អាក្រក់​ណាស់​ដែល​បង្កើត​គំរូ​អាក្រក់ដំបូងគេ" ៕

អ្នកសារព័ត៌មាន ៖ Yue Linwei   Wang Hui   Guo Ziyun   Ma Fei   Xiao Xinxin   Chen Xiaowei   Zhao Yipu

អ្នកបកប្រែ ៖ Shen Yan

បទវិភាគ៖ការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលសមុទ្រគឺជាអំពើហឹង្សា