បទវិភាគ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនាំមកនូវកាលានុវត្តភាពហាក់ដូច "ការហោះហើរលើផ្ទៃមេឃ"
នៅថ្ងៃទី១៦ ខែតុលា យន្តហោះដឹកអ្នកដំណើរដំបូងបានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៃប្រទេសកម្ពុជាដែលជានិមិត្តសញ្ញានៃការដំណើរការររបស់អាកាសយានដ្ឋានថ្មីនេះ។
ក្នុងនាមជាគម្រោងសំខាន់នៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្មចិន-កម្ពុជានិងជាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា ការសាងសង់ និងចាប់ដំណើរការនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម។ អាកាសយានដ្ឋានមុខជានឹងអាចនាំមកនូវកាលានុវត្តភាពហាក់ដូច"ការហោះហើរលើផ្ទៃមេឃ"សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ មន្ត្រីរាជការ អ្នកជំនាញការ អ្នកប្រកបអាជីពទេសចរណ៍ និងយុវជនដែលបន្តការសិក្សានៅក្រៅប្រទេស។ល។ សុទ្ធតែមានការរំពឹងទុកយ៉ាងល្អប្រសើរអំពីការអភិវឌ្ឍនៃអាកាសយានដ្ឋានថ្មីនាពេលអនាគត។
លោក ថុងម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីកម្ពុជា
នៅឆ្នាំ២០១៣ ប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ហើយប្រទេសកម្ពុជាបានក្លាយជាប្រទេសដំបូងគេដែលចូលរួមគាំទ្រគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានអនុវត្តគម្រោង "ខ្សែក្រវាត់ និងផ្លូវ" ជាច្រើននៅប្រទេសកម្ពុជា ដែលបានចូលរួមចំណែកក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា។ ជាការពិតណាស់ គម្រោងទាំងនេះបានជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ប្រទេសកម្ពុជា និងចិនបានក្លាយជាគំរូនៃការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" និងសហគមន៍វាសនារួមមនុស្សជាតិដែលប្រកបដោយគុណភាពខ្ពស់។
ខ្ញុំតែងតែចាប់អារម្មណ៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តយូណាននៃប្រទេសចិន។ នៅឆ្នាំនេះ ខ្ញុំបានទៅក្រុងគុនមីងនៃខេត្តយូណាន ដើម្បីធ្វើការផ្លាស់ប្តូរជាមួយអ្នកជំនាញការដែលមកពីធនាគារខួរក្បាលនៃខេត្តយូណានអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងខេត្តយូណានឱ្យកាន់តែស៊ីជម្រៅ។ ដូច្នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលធ្វើវិនិយោគដោយក្រុមហ៊ុនខេត្តយូណាននោះ គឺជាគម្រោងមួយដែលខ្ញុំចាប់អារម្មណ៍ជាយូរមកហើយ។ ការចាប់ដំណើរការនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានធ្វើឱ្យខ្ញុំ និងមិត្តភក្តិចិនរបស់ខ្ញុំរំភើបណាស់! តាមគំនិតរបស់ខ្ញុំ អាកាសយានដ្ឋានអន្តរជាតិដែលបានសាងសង់ថ្មីៗនេះ នឹងក្លាយជាច្រកសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ និងវិនិយោគ។ អាកាសយានដ្ឋាននេះគឺជាគម្រោងវិនិយោគដ៏ត្រឹមត្រូវដែលធ្វើឡើងដោយប្រទេសកម្ពុជា និងចិន។ នេះគឺស្របតាមផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងចិន។ ទន្ទឹមនឹងនេះដែរ វាបានលើកកម្ពស់ការត្រៀមលក្ខណៈរបស់ប្រទេសកម្ពុជា ដែលនឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក កាំង យូរីកូជំនួយការប្រធានសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា
ការដាក់ដំណើរការលើកដំបូងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៃប្រទេសកម្ពុជា គឺជាព័ត៌មានដ៏គួរឱ្យរំភើប និងត្រេកអរក្រៃលែងសម្រាប់ប្រជាជនកម្ពុជា និងចិន។ ជាយូរមកហើយ ភាគីទាំងពីរកម្ពុជា និងចិនបានរួមចំណែកយ៉ាងច្រើនក្នុងការសាងសង់អាកាសយានដ្ឋាននេះ ទាំងលើវិស័យទុនវិនិយោគ ធនធានមនុស្ស និងពលកម្ម។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ យើងបានពុះពារគ្រប់ឧបសគ្គ ជំរុញការអនុវត្តគម្រោងនេះ និងបានផ្តល់នូវឱកាសការងារដ៏មានតម្លៃសម្រាប់ប្រជាជនកម្ពុជាក្នុងតំបន់។
នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងចាត់វិធានការនានា ដើម្បីជំរុញការស្តារឡើងវិញនូវវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ។ យើងអាចឃើញថា ជាមួយនឹងការបញ្ចប់ការសាងសង់អាកាសយានដ្ឋានថ្មីនេះ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទដែលពាក់ព័ន្ធនឹងអាកាសយានដ្ឋានថ្មី កំពុងត្រូវបានកែលម្អជាបន្តបន្ទាប់។ ក្រៅពីភ្ញៀវទេសចរបរទេស ប្រជាជនកម្ពុជាក្នុងតំបន់ក៏អាចទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីគម្រោងអាកាសយានដ្ឋានថ្មីនេះផងដែរ។ ខេត្តសៀមរាប គឺជាដែនដីដែលមានប្រវត្តិសាស្ត្រយូរលង់ និងវប្បធម៌ក្រាស់ក្រែល។ ប្រាសាទអង្គរវត្តគឺជាទិសដៅមួយដែលកំពុងទាក់ទាញភ្ញៀវទេសចរនៅទូទាំងពិភពលោកធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការងើបឡើងវិញនៃទេសចរណ៍កម្ពុជា ដែលនឹងអាចនាំមកនូវភ្ញៀវទេសចរ និងឱកាសវិនិយោគកាន់តែច្រើនឡើងៗ។ ខ្ញុំជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរក៏នឹងជំរុញការអភិវឌ្ឍនៃទីក្រុងជុំវិញ ក៏ដូចជាការអភិវឌ្ឍនៃប្រទេសកម្ពុជាទាំងមូលនាពេលអនាគត។
លោក ផាន ចេងកុក អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនទេសចរណ៍ វើសលដ៍ អិចប្រេស ប្រទេសកម្ពុជា
ក្រុមហ៊ុនទេសចរណ៍ វើសលដ៍ អិចប្រេស ប្រទេសកម្ពុជា ត្រូវបានបង្កើតនៅក្នុងឆ្នាំ១៩៩៩។ ចាប់តាំងពីការបង្កើតសាខានៅខេត្តសៀមរាបក្នុងឆ្នាំ២០០១មក ខ្ញុំក៏បានចូលបម្រើការងារក្នុងក្រុមហ៊ុននេះ។ ក្នុងរយៈពេលជាង ២០ ឆ្នាំដែលខ្ញុំធ្វើការក្នុងក្រុមហ៊ុននេះ ខ្ញុំបានឃើញការរីកចម្រើនរបស់ក្រុមហ៊ុន ហើយក៏បានជួបប្រទះនឹងការកើនឡើង និងធ្លាក់ចុះនៃវិស័យទេសចរណ៍នៅខេត្តសៀមរាប។ ប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនាពេលនេះ គឺជាដំណឹងគួរជាទីរំភើបសម្រាប់អ្នកប្រកបអាជីពទេសចរណ៍នៅក្នុងតំបន់។
កាលពីមុន ដោយសារតែយន្តហោះដឹកអ្នកដំណើរធំៗមិនអាចចុះចតនៅខេត្តសៀមរាប អ្នកដំណើរអន្តរជាតិភាគច្រើន ពិសេសគឺអ្នកដំណើរមកពីប្រទេសអឺរ៉ុប និងអាមេរិកត្រូវប្តូរយន្តហោះនៅរាជធានីភ្នំពេញ ឬនៅប្រទេសជិតខាង ដើម្បីធ្វើដំណើរមកកាន់ខេត្តសៀមរាប ដែលបង្កឱ្យមានការរអាក់រអួលដល់អ្នកដំណើរមួយចំនួន។ ការដាក់ឱ្យដំណើរការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើឱ្យយន្តហោះខ្នាតធំ និងមធ្យមអាចហោះឡើង និងចុះចតនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្រោយពីការបើកជើងហោះហើរត្រង់នៃប្រទេសជាច្រើន វានឹងអាចនាំភ្ញៀវទេសចរអន្តរជាតិឱ្យបានកាន់តែច្រើនមកដើរលេងប្រទេសកម្ពុជា និងជំរុញដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
ខេត្តសៀមរាបគឺជាខេត្តទេសចរណ៍ដ៏សំខាន់នៃប្រទេសកម្ពុជា។ ការអភិវឌ្ឍវិស័យទេសចរណ៍មិនគ្រាន់តែអាចជំរុញការអភិវឌ្ឍវិស័យសេវាកម្មប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងនឹងជំរុញការអភិវឌ្ឍសិប្បកម្ម និងកសិកម្មទៀតផង ហើយផ្តល់ឱកាសការងារដល់ប្រជាជន បង្កើនប្រាក់ចំណូលរបស់ប្រជាជន និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនក្នុងតំបន់។
នៅចុងបញ្ចប់ ខ្ញុំសូមសម្តែងនូវការស្វាគមន៍ជូនចំពោះមិត្តភក្តិចិន សូមស្វាគមន៍មកដើរលេង និងធ្វើវិនិយោគនៅខេត្តសៀមរាប។ យើងនឹងរីករាយជាមួយសម្រស់អង្គរស្វែងរកឱកាសអភិវឌ្ឍន៍ និងចែករំលែកសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ។
កញ្ញា ងិន មករា យុវតីខ្មែរ
នៅខែកក្កដា ឆ្នាំនេះ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងឧស្សាហម្ម និងពាណិជ្ជកម្មនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកទេសគុនមីង ខេត្តយូណាននៃប្រទេសចិន ហើយវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្នុងនាមជាអ្នកទទួលអាហារូបករណ៍ពីក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន(ខេមបូឌា) ឯ.ក(ខាងក្រោមហៅកាត់ថា "ក្រុមហ៊ុនអង្គរ") ក្រោយពីខ្ញុំបានទទួលដំណឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិរបស់ក្រុមហ៊ុនអង្គរត្រូវបានបើកដំណើរការលើកដំបូង ខ្ញុំ និងគ្រួសាររបស់ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ សម្រាប់ខ្ញុំ ជំនួយរបស់ក្រុមហ៊ុនអង្គរបានកែប្រែវាសនារបស់ខ្ញុំ ហើយធ្វើឱ្យខ្ញុំមានក្តីក្លាហាន និងកម្លាំងទៅស្វែងរកក្តីសុបិនក្នុងការសិក្សានៅប្រទេសចិន។
ចាប់តាំងពីឆ្នាំ២០១៩មក ក្រុមហ៊ុនអង្គរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកទេសគុនមីងដើម្បីផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ជាពិសេសនិស្សិតឆ្នើមដែលមកពីគ្រួសារក្រីក្រ ដើម្បីជួយឱ្យពួកគេទៅបន្តការសិក្សានៅក្រុងគុនមីង។ គិតមកដល់ពេលនេះ មាននិស្សិតកម្ពុជា ២១ នាក់ដែលបានទទួលនូវអាហារូបករណ៍ពីក្រុមហ៊ុនអង្គរ បានបញ្ចប់ការសិក្សារបស់ពួកគេនៅក្នុងប្រទេសចិន។
ខ្ញុំមានសំណាងណាស់ដែលធ្លាប់បានទៅទស្សនាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ។ នៅពេលនោះ អាកាសយានដ្ឋាននៅតែស្ថិតក្នុងដំណាក់កាលសាងសង់។ ស៊ុមដែកខ្ពស់ និងរចនាសម្ព័ន្ធដ៏អស្ចារ្យបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនៅពេលនោះ។ ខ្ញុំជឿជាក់ថា អាកាសយានដ្ឋាននេះនឹងនាំអ្នកដំណើរកាន់តែច្រើនមកដើរលេងនៅខេត្តសៀមរាប ជួយឱ្យមនុស្សកាន់តែយល់ដឹងពីប្រទេសកម្ពុជាដ៏ស្រស់ស្អាត ហើយស្គាល់ប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងម្ហូបអាហារដ៏ឆ្ងាញ់ពិសារបស់កម្ពុជា ព្រមទាំងផ្តល់ឱកាសការងារកាន់តែច្រើន និងអនាគតកាន់តែល្អប្រសើរដល់ប្រជាជនខ្មែរ៕
អ្នកសារព័ត៌មាន ៖ Shen Yan Li Zha
អ្នកបកប្រែ ៖ Li Xuanzhi