បទវិភាគ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបង្កើនឧត្តមភាពសេដ្ឋកិច្ចកម្ពុជា

2023-10-16 19:08:56
ប្រភព:Lanmei Party(LMP)

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានទីតាំងស្ថិតនៅក្នុងស្រុកសូទ្រនិគមភាគខាងកើតនៃខេត្តសៀមរាបប្រទេសកម្ពុជាដែលមានទំហំ៧០០ហិកតានិងអាចទទួលអ្នកដំណើរបាន៧លាននាក់ក្នុងមួយឆ្នាំ។ បន្ទាប់ពីការហោះហើរសាកល្បងដោយជោគជ័យ អាកាសយានដ្ឋាននេះបានត្រៀមខ្លួនជាស្រេចសម្រាប់ការដំណើរការលើកដំបូងចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នេះតទៅ។

អាកាសយានដ្ឋាននេះនឹងក្លាយជាកម្លាំងស្រូបទាញដ៏មហិមា សម្រាប់ជំរុញល្បឿនសេដ្ឋកិច្ចប្រទេសកម្ពុជា ដោយផ្តោតលើវិស័យទេសចរណ៍ តាមព័ត៌មានផ្សព្វផ្សាយពីសារព័ត៌មាន FreshNewsនៃប្រទេសកម្ពុជា ជាក់ស្តែងក្នុងរយៈពេល ៦ ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ​កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសបានចំនួនជាង ២,៤៨លាននាក់ កើនឡើង២៧០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន ២៤​ ៧២៥ កើនឡើង ១៤៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងក្លាយជាទីតាំងដ៏មានសក្តានុពល សម្រាប់ជំរុញទាំងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងការអភិរក្សប្រាសាទបុរាណស្របតាមគោលការណ៍របស់អង្គការយូណេស្កូ (UNESCO) ផងដែរ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលសម្រាប់បង្កើនល្បឿននៃកិច្ចសហប្រតិបត្តិការអន្តរជាតិដែលមិនត្រឹមសម្រាប់វិស័យធុរកិច្ច វិនិយោគ និងទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងចូលរួមនៅក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សដោយអាចផ្តល់ជាទីតាំងសម្រាប់ការហ្វឹកហាត់លើជំនាញបើកយន្តហោះ។

អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរដែលជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏រស់រវើកនេះនឹងជួយពន្លឿនចក្ខុវិស័យ និងទស្សនទានរបស់កម្ពុជាក្នុងការពង្រឹងនិងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសពីប្រទេសកម្ពុជាទៅកាន់តំបន់ឆ្ងាយៗនិងក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យមនិងធំ ដូចជា Airbus 350 Airbus 330 ឬ Being 787-900 ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបពេលបច្ចុប្បន្ន ពុំអាចទទួលបាន ដោយសារទីតាំងស្ថិតនៅជិតតំបន់បេតិកភណ្ឌអន្តរជាតិអង្គរ។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះនឹងចូលរួមចំណែកផងដែរដល់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែងប្រកបដោយចីរភាព ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាននិងពិភពលោក។

  

អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរបានដាក់ដំណើរការលើកដំបូងស្របពេលដែលវេទិកាកំពូល "ខ្សែក្រវាត់ និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣ ត្រូវបានរៀបចំប្រព្រឹត្តទៅ ដែលនេះជាសក្ខីភាពដែលមិនអាចប្រកែកបានពីមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសយើងទាំងពីរក្រោមការបន្ស៊ីគ្នានៃគោលនយោបាយបញ្ចកោណ និងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"។ បន្ថែមពីលើនេះ ប្រទេសយើងទាំងពីរកម្ពុជានិងចិនកំពុងជំរុញល្បឿននៅក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិក្នុងយុគសម័យថ្មី។

ជារួម អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរបានចូលរួមចំណែកមិនត្រឹមក្នុងក្របខណ្ឌទ្វេភាគីនៃកិច្ចសហប្រតិបត្តិការ ៦៥ ឆ្នាំនៃចំណងការទូតរវាងកម្ពុជានិងចិន និងខួប ១០ ឆ្នាំនៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈគ្រប់វិស័យពាក់ព័ន្ធរួមទាំងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាតាមរយៈកំណើនការងារ ហើយអាកាសយានដ្ឋាននេះនឹងគាំទ្រដល់បេសកកម្មអភិរក្សបេតិកភណ្ឌមនុស្សជាតិ និងជំរុញបៃតងភាពស្របតាមការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិទៀតផង៕ 

ដោយលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

បទវិភាគ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបង្កើនឧត្តមភាពសេដ្ឋកិច្ចកម្ពុជា