បទវិភាគ៖តំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែជាវេទិកាអភិវឌ្ឍន៍ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជានិច្ច

2023-11-20 12:11:15
ប្រភព:CRI

ឆ្នាំនេះគឺជាខួបទី ៣០ នៃការបើកធ្វើកិច្ចប្រជុំក្រៅផ្លូវការលើកទីមួយនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។ មនុស្សជាច្រើនសុទ្ធតែគិតពិចារណាថា តើត្រូវបង្កើត"៣០ឆ្នាំមាស"បន្ទាប់មួយទៀតនៃការអភិវឌ្ឍរបស់អាស៊ីប៉ាស៊ីហ្វិកដោយរបៀបណា ? កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលបានធ្វើឡើងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអំពាវនាវឱ្យបណ្តាភាគីនានាពួតដៃគ្នាដើម្បីជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចកំណើនអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ហើយបានសន្យាថា ប្រទេសចិននឹងផ្តល់កាលានុវត្តភាពថ្មីដល់ការជំរុញឱ្យសម្រេចបាននូវការធ្វើទំនើបកម្មនៃបណ្តាប្រទេសនានាលើពិភពលោកតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ក៏ដូចជាបានផ្តល់ចម្លើយរបស់ប្រទេសចិន ។

សូមក្រឡេកទៅមើលការអភិវឌ្ឍរបស់អាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះសិន ។ កម្រិតពន្ធគយគិតជាមធ្យមនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះពី ១៧ ភាគរយមកនៅត្រឹម ៥ ភាគរយ អត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចសកលមានចំនួនដល់ទៅ ៧០ ភាគរយ ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើងចំនួនបួនដង ហើយចំនួនប្រជាជន ១ ពាន់លាននាក់បានបម្រះខ្លួនចេញផុតពីភាពក្រីក្រដោយជោគជ័យ ។ល។ វាបានបង្កើត"អច្ឆរិយអាស៊ីប៉ាស៊ីហ្វិក"ដែលគួរឱ្យកត់សម្គាល់ ។

នៅពីក្រោយអច្ឆរិយនៃការអភិវឌ្ឍបែបនេះមានពាក្យគន្លឹះចំនួនពីរ មួយគឺ "មធ្យោបាយដ៏សំខាន់" ក្នុងនាមជាវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់ អង្គការ APEC បានជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃអាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដែលបានជួយជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកក្លាយជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ។ មួយទៀតគឺ "បំណងដើម"។ អង្គការ APEC បានបង្កើតឡើងក្នុងបរិបទដែលសង្គ្រាមត្រជាក់បានបញ្ចប់មិនជាយូរប៉ុន្មាននិងការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចបានក្លាយជាចរន្តយុគសម័យបន្តិចម្តងៗ ឆ្លងតាមរយៈការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចក្នុងតំបន់និងការធ្វើសមាហរណកម្ម អង្គការ APEC បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកនិងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយបានលើកឡើងកម្មវត្ថុនិងគោលដៅមួយចំនួនដូចជាបង្កើនប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានភាពបើកទូលាយនិងកាត់បន្ថយរបាំងនៃពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ជាដើម ។

រយៈពេល ៣០ ឆ្នាំបានកន្លងផុតទៅហើយ ពិភពលោកបានកើតមានបម្រែបម្រួលយ៉ាងខ្លាំង ។ អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាខ្សែក្រវាត់កំណើនដែលមានភាពរស់រវើកបំផុតនៃសេដ្ឋកិច្ចពិភពលោករួចហើយ ប៉ុន្តែស្របពេលជាមួយគ្នានេះ វាបាននិងកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន ដូចជា ភាពផ្ទុយពីការធ្វើសកលភាវូបនីយកម្ម ការអភិវឌ្ឍដោយអតុល្យភាព ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយនិងបម្រែបម្រួលអាកាសធាតុជាដើម ។ ប្រទេសធំមួយចំនួនតូចបាននិងកំពុងញុះញង់ឱ្យ"ផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់"និងធ្វើបដិបក្ខគ្នាជាក្រុមនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានបង្កជាការរំខាននិងការបំផ្លិចបំផ្លាញដល់ការអភិវឌ្ឍក្នុងតំបន់ ។ ក្នុងបរិបទបែបនេះ លោកប្រធានរដ្ឋចិន Xi Jinping បានផ្តួចផ្តើមក្នុងកិច្ចប្រជុំកំពូលនៃអង្គការ APEC លើកនេះថា គួរ"ប្រកាន់ខ្ជាប់បំណងដើម សាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការ ក៏ដូចជាពួតដៃគ្នាជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចកំណើនអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់" ដែលមានភាពស៊ីសង្វាក់គ្នាជាមួយគោលដៅរបស់អង្គការ APEC និងសម្របទៅតាមចរន្តអភិវឌ្ឍន៍នៃយុគសម័យ ហើយក៏កាន់តែឆ្លុះបញ្ចាំងពីសំឡេងរួមរបស់ប្រជាជនក្នុងតំបន់ផងដែរ ។

ការសម្រេចបាននូវ"កំណើនប្រកបដោយគុណភាពខ្ពស់"នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវការកិច្ចសហប្រតិបត្តិការដោយស៊ីសង្វាក់គ្នា ជាពិសេសគឺ ប្រទេសធំៗគួរតែរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួននិងដើរតួនាទីជាគំរូក្នុងការគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជារួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល ។ ពេលថ្មីៗនេះ កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកនៅសាន់ហ្វ្រាន់ស៊ីស្កូបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ បានបំពេញបន្ថែមភាពប្រាកដប្រជានិងលើកកម្ពស់ភាពនឹងនរដល់ពិភពលោកដែលបាននិងកំពុងឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ ។

តាំងពីដើមមក បំណងដើមរបស់ប្រទេសចិនស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកមិនបានកែប្រែជាដរាប ដែលមិនត្រឹមតែបានចង្អុលបង្ហាញពីទិសដៅប៉ុណ្ណោះទេ ថែមទាំងក៏បានចាត់ប្រតិបតិ្តការជាក់ស្តែងផងដែរ ។ ពីអតីតកាលក្នុងប្រវត្តិសាស្ត្រដល់ពេលបច្ចុប្បន្ននេះរហូតដល់ពេលអនាគត តំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែជាវេទិកាអភិវឌ្ឍន៍ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជានិច្ច៕

បទវិភាគ៖តំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែជាវេទិកាអភិវឌ្ឍន៍ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជានិច្ច