ចិនបន្តរួមចំណែកក្នុងការអភិវឌ្ឍតំបន់អាស៊ីប៉ាស៊ីហ្វិក

2023-11-20 16:53:11
ប្រភព:កាសែតប្រជាជនដេលី

ថ្មីៗនេះ ប្រមុខរដ្ឋមកពីបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកបានជួបជុំនៅទីក្រុងសេនហ្រេ្វនស៊ីស្កូនៃសហរដ្ឋអាមេរិក ដែលត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី៣០។ អ្នកជំនាញបាននិយាយថា ប្រទេសចិនចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកយ៉ាងសកម្ម ជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបន្តរួមចំណែក "ផែនការចិន" ដល់វិបុលភាពអាស៊ីប៉ាស៊ីហ្វិក ប្រទេសចិនបានក្លាយជាកម្លាំងដ៏សំខាន់ដែលអាចពឹងផ្អែកលើក្នុងការជំរុញការអភិវឌ្ឍតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជាច្រើនឆ្នាំមកនេះ ប្រទេសចិនបានប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជំរុញយ៉ាងរឹងមាំនូវសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ផ្តោតទៅការលើកកម្ពស់កម្រិតនៃភា​ពងាយស្រួល និងសេរីភាវូបនីយកម្ម សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់ ព្រមទាំងបានលើកឡើងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការមួយចំនួនដែលអាចនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន។ យោងតាមស្ថិតិពីក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា នៅឆ្នាំ២០២២ ទំហំនាំចេញ និងនាំចូលសរុបរវាងចិន និងប្រទេសជាសមាជិក APEC ឈានដល់ ៣.៧ ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹង ៥៩.៧% នៃទំហំនាំចេញ និងនាំចូលសរុបរបស់ចិន។

លោក ស៊ី ឆេងឈី ប្រធានក្រុមប្រឹក្សានៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រអាស៊ីថ្មីរបស់ប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍ថា “ប្រទេសចិនបានដើរតួនាទីជាក្បាលម៉ាស៊ីន និងឧបករណ៍ជួយរក្សាស្ថេរភាពនៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក។ ពិភពលោកក៏នឹងបន្តទទួលបានអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។ អាស៊ីប៉ាស៊ីហ្វិកដែលប្រកបដោយវិបុលភាពអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសចិន ហើយប្រទេសចិនដែលរីកចម្រើនក៏អាចផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិអាស៊ីប៉ាស៊ីហ្វិកផងដែរ”។

លោកបណ្ឌិត គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាពេលថ្មីៗនេះថា តំបន់អាស៊ីប៉ាស៊ីហ្វិកប្រឈមមុខនឹងបញ្ហាសកលលោកធំៗ ដូចជាការប្រែប្រួលអាកាសធាតុ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការស្តារសេដ្ឋកិច្ចក្រោយការបង្កើតជំងឺកូវីដ ១៩ ជាដើម  ប្រទេសចិនលើកឡើងនូវការកសាងសហគមន៍វាសនាអាស៊ីប៉ាស៊ីហ្វិកមានសារៈសំខាន់ជាពិសេសក្នុងបរិបទបច្ចុប្បន្ន។

លោក ឡូ យុង នាយកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចបរទេសនៃបណ្ឌិតសភាម៉ាក្រូសេដ្ឋកិច្ចចិន បានមានប្រសាសន៍ថា ទ្វាររបស់ប្រទេសចិនកំពុងបើកកាន់តែទូលំទូលាយ វិធានការបើកទីផ្សារផ្សេងៗត្រូវបានអនុវត្តជាបន្តបន្ទាប់ កម្រិតនៃការប្រើប្រាស់ការវិនិយោគបរទេសត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ហើយបរិយាកាសអាជីវកម្មត្រូវបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ ដែលបានចាក់បញ្ចូលចលករ និងកម្លាំងរស់រវើកក្នុងកំណើនសេដ្ឋកិច្ចក្នុងតំបន់៕

ចិនបន្តរួមចំណែកក្នុងការអភិវឌ្ឍតំបន់អាស៊ីប៉ាស៊ីហ្វិក