បទវិភាគ៖ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិករីកចម្រើនទៅរកភាពល្អប្រសើរជាក្តីបំណងរួមរបស់ប្រជាជននៃប្រទេសទាំងពីរ

2023-11-20 17:44:55
ប្រភព:CRI


“ភពផែនដីនេះអាចផ្តល់លំហកាន់តែទូលំទូលាយសម្រាប់ប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិក ភាពជោគជ័យរៀងខ្លួនរបស់យើងជាឱកាសរបស់គូភាគី ។”កាលពីថ្ងៃទី១៥ខែវិចិ្ឆកាតាមម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងដូចពោលខាងលើនៅពេលធ្វើកិច្ចជំនួបជាមួយលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកនៅភូមិគ្រឹះ Filoli នៅក្រុង San Francisco សហរដ្ឋអាមេរិក ។ តបតាមការអញ្ជើញរបស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញទៅចូលរួមកិច្ចជំនួបរវាងប្រមុខរដ្ឋចិន-អាមេរិកនៅក្រុង San Francisco របស់សហរដ្ឋអាមេរិក ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែវិចិ្ឆកា ព្រមពេលជាមួយនេះ ក៏អញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣០នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកផងដែរ ។ មជ្ឈដ្ឋាននានារបស់ចិននិងសហរដ្ឋអាមេរិកព្រមនិងសហគមន៍អន្តរជាតិមានការរំពឹងទុកខ្លាំងចំពោះកិច្ចជំនួបនៅក្រុង San Francisco លើកនេះ ទន្ទឹមនឹងនេះ ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិករីកចម្រើនទៅរកភាពល្អប្រសើរក៏ជាក្តីបំណងរួមរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ ។

    ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតលើពិភពលោក ។ តើចិននិងសហរដ្ឋអាមេរិករួមរស់ជាមួយគ្នាយ៉ាងម៉េច វានឹងសម្រេចអនាគតនិងជោគវាសនារបស់មនុស្សជាតិ ។ ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងថា “យើងមាន១ពាន់ហេតុផល ដើម្បីរៀបចំទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកឱ្យបានល្អ តែគ្មានហេតុផលណាមួយមកបំផ្លិចបំផ្លាញទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកឡើយ។”

កាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំនេះ លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងនៅពេលជួបសន្ទនាជាមួយលោក Bill Gates សហប្រធានមូលនិធិ Bill & Melinda Gates របស់សហរដ្ឋអាមេរិកនៅក្រុងប៉េកាំងថា អ្នកផងទាំងពួងគួរតែប្រាស្រ័យទាក់ទងគ្នាឱ្យបានច្រើននិងផ្លាស់ប្តូរឱ្យបានច្រើន ដើម្បីបង្កើនការយល់ដឹងគ្នា ។ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ដែលបានបិទបញ្ចប់នៅពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានចូលរួមពិព័រណ៍នេះក្នុងនាមជារដ្ឋាភិបាលជាលើកដំបូង ហើយបង្កើតពន្លាជាតិខាងគ្រឿងឧបភោគបរិភោគនិងកសិកម្មរបស់សហរដ្ឋអាមេរិកផងដែរ ។ តាមទិន្នន័យនៃសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅក្រុងសៀងហៃបង្ហាញឱ្យដឹងថា សហគ្រាសដែលចូលរួមពិព័រណ៍នៃពន្លាជាតិខាងគ្រឿងឧបភោគបរិភោគនិងកសិកម្មរបស់សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើការបញ្ជាទិញក្នុងតម្លៃ៥០៥លានដុល្លារអាមេរិក ។ តំណាងនៃសហគ្រាសដែលចូលរួមពិព័រណ៍លើកនេះជាច្រើនបានបង្ហាញទៅកាន់អ្នកសារព័ត៌មានថា ខ្លួនពោរពេញទៅដោយក្ដីរំពឹងទុកចំពោះកិច្ចជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយសង្ឃឹមថា កិច្ចសន្ទនារវាងមេដឹកនាំកំពូលអាចផ្តល់ភាពប្រាកដប្រជាកាន់តែច្រើនដល់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីនិងការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ។

ក្នុងបរិបទដែលបញ្ហាប្រឈមសកលកាន់តែមុតស្រួចនាពេលបច្ចុប្បន្ននេះ ចិននិងសហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដែលបូករួមទាំងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វាសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិក ហើយក៏មានអំណោយផលដល់ការបង្កើនសុខសុភមង្គលរបស់ប្រជាជនពិភពលោកផងដែរ ។

នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មនៃកសិផលចិន-សហរដ្ឋអាមេរិកបានឈានដល់លើសពី៥ម៉ឺនលានដុល្លារអាមេរិក ទំហំនាំចេញកសិផលសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនបានឡើងដល់៤ម៉ឺន២ពាន់លានដុល្លារអាមេរិកដែលបានបំបែកកំណត់ត្រាថ្មី ។ ពីខែមករាដល់ខែកក្កដាឆ្នាំ២០២៣ ទំហំប្រើប្រាស់ទុនសហរដ្ឋអាមេរិកជាក់ស្តែងបានកើនឡើង២៥,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ ព្រមពេលជាមួយគ្នានេះ អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនលំដាប់កំពូលទាំង៥០០លើពិភពលោកដែលភាគច្រើនគឺសហគ្រាសសហរដ្ឋអាមេរិកនិងសហគ្រាសឈានមុខក្នុងអាជីវកម្មនានាបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ ដើម្បីបង្ហាញពីជំនឿចិត្តរបស់សហគ្រាសអាមេរិកចំពោះបរិយាកាសធ្វើអាជីវកម្មរបស់ប្រទេសចិនតាមរយៈសកម្មភាពជាក់ស្តែង។

មួយរយៈពេលកន្លងទៅនេះ ការប្រាស្រ័យទាក់ទងរវាងចិននិងសហរដ្ឋអាមេរិកក្រៅពីទំនាក់ទំនងជាញឹកញាប់រវាងមន្ត្រីជាន់ខ្ពស់ ក៏មានការប្រាស្រ័យទាក់ទងក្នុងសង្គមស៊ីវិលជាញឹកញាប់ដែរ នេះគឺមានអំណោយផលដល់ការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ។

កាលពីថ្ងៃទី២៣ខែតុលា លោក Gavin Newsom អភិបាលរដ្ឋ California សហរដ្ឋអាមេរិកបានបំពេញទស្សនកិច្ចនៅប្រទេសចិនអស់រយៈពេលមួយសប្តាហ៍ ដែលបានទស្សនាតំបន់ហុងកុង ក្រុងប៉េកាំង ក្រុងសៀងហៃ ខេត្ត Guangdong និងខេត្ត Jiangsu របស់ចិនជាដើម ។ ដំណើរទស្សនកិច្ចរបស់លោក Gavin Newsom លើកនេះ ត្រូវគេសន្មត់ថា ជា “ដំណើរបំបែកភាពជាប់គាំង”នៃទំនាក់ទំនងអាជ្ញាធរចិននិងសហរដ្ឋអាមេរិក ហើយទទួលបានការយកចិត្តទុកដាក់ពីបណ្ដាគ្រប់ភាគីទាំងអស់។

ចំនៅថ្ងៃបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក Gavin Newsom នៅប្រទេសចិន លោក Harry Moyer ទាហានជើងចាស់នៃក្រុមខ្លាហោះរបស់សហរដ្ឋអាមេរិកបានអបអរសាទរថ្ងៃកំណើតអាយុ១០៣ឆ្នាំរបស់ខ្លួននៅប្រទេសចិន ។ ទាហានជើងចាស់ដែលមានអាយុជាង១០០ឆ្នាំនេះបានផ្សងប្រាថ្នាក្នុងថ្ងៃខួបកំណើតថា “ខ្ញុំសូមជូនពរឱ្យពិភពលោកប្រកបដោយសុខសន្តិភាព ប្រជាជនគ្រប់ប្រទេសទាំងអស់រាប់អានគ្នាយ៉ាងល្អប្រសើរ ។”

ក្រៅពីនេះ “សមាគមផ្លាស់ប្តូររវាងសិស្សានុសិស្សជាយុវជននិងក្មេងជំទង់អាមេរិក-ចិន”បានរៀបចំសកម្មភាពដើម្បីទំនាក់ទំនងមេត្រីភាពរវាងយុវជនចិននិងសហរដ្ឋអាមេរិក ក្រុមតន្ត្រី Philadelphia Orchestra បន្តចំណងមិត្តភាពខាងតន្ត្រីជាមួយប្រជាជនដែលឆ្លងកាត់រយៈពេល៥០ឆ្នាំ ។ល។ ការបង្កើនការផ្លាស់ប្តូរ ធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាព ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះជាក្តីបំណងរួមនិងជម្រើសរួមរបស់ប្រជាជននៃប្រទេសទាំងពីរ ។ ភាគីទាំងពីរចិននិងសហរដ្ឋអាមេរិកគួរតែប្រាស្រ័យទាក់ទងគ្នាឱ្យបានច្រើន ធ្វើកិច្ចសន្ទនាគ្នាឱ្យបានច្រើននិងផ្លាស់ប្តូរឱ្យបានច្រើន ដើម្បីបំបែកភាពជាប់គាំងដែលកើតមកពីការយល់ច្រឡំ ក៏ដូចជាបង្កើតស្ពានមេត្រីដើម្បីយល់ដឹងពីគ្នាទៅវិញទៅមក ។

ពិភពលោកនាពេលបច្ចុប្បន្នបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ ភាពមិនប្រាកដប្រជា អស្ថិរភាពនិងកត្តាពិបាកប៉ាន់ប្រមាណបានកើនឡើងជាច្រើន ។ សហគមន៍អន្តរជាតិរំពឹងជាទូទៅថា ទំនាក់ទំនងរវាងចិននិងអាមេរិកអាចវិលទៅរកផ្លូវអភិវឌ្ឍន៍ប្រកបដោយភាពល្អបរិសុទ្ធនិងនឹងនរឡើងវិញក្នុងពេលឆាប់ៗ ដើម្បីបំពេញបន្ថែមស្ថិរភាព ភាពប្រាកដប្រជានិងភាពស្ថាបនាក្នុងពិភពលោកដែលមានបម្រែបម្រួលនិងភាពច្របូកច្របល់យ៉ាងខ្លាំង ។ ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងនៅពេលអញ្ជើញចូលរួមពិធីលៀងសាយភោជន៍រួមដែលរៀបចំដោយសមាគមមិត្តភាពអាមេរិកថា មិនថាស្ថានការណ៍ប្រែប្រួលយ៉ាងណាក៏ដោយ តក្កវិជ្ជាប្រវត្តិសាស្ត្រដែលចិននិងសហរដ្ឋអាមេរិករួមរស់ដោយសនិ្តសហវិជ្ជមាននឹងមិនកែប្រែទេ សេចក្តីប្រាថ្នាជាមូលដ្ឋានដែលប្រជាជនចិននិងសហរដ្ឋអាមេរិកផ្លាស់ប្តូរនិងធ្វើកិច្ចសហប្រតិបត្តិការនឹងមិនកែប្រែទេ ហើយការរំពឹងទុកជាទូទៅរបស់ប្រជាជនពិភពលោកចំពោះការអភិវឌ្ឍដោយនឹងនរនៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកក៏មិនកែប្រែដែរ។ ភាគីទាំងពីរចិននិងអាមេរិកគួរតែប្រកាន់ខ្ជាប់គោលការណ៍ចំនួនបីគឺ គោរពគ្នាទៅវិញទៅមក រួមរស់ដោយសនិ្តសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីដើរស្របតាមទិសដៅតែមួយដែលជំរុញឱ្យទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកទទួលការអភិវឌ្ឍដោយល្អបរិសុទ្ធនិងនឹងនរ៕

 

បទវិភាគ៖ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិករីកចម្រើនទៅរកភាពល្អប្រសើរជាក្តីបំណងរួមរបស់ប្រជាជននៃប្រទេសទាំងពីរ