បទវិភាគ៖សហគមន៍រួមវាសនាដែលចិននិងវៀតណាមបានបង្កើតនឹងក្លាយជាទីចាប់ផ្តើមថ្មីនៃការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ

2023-12-15 19:06:51
ប្រភព:CRI

នៅចុងឆ្នាំ២០២៣នេះ ក្រុងហាណូយ រដ្ឋធានីប្រទេសវៀតណាមបានធ្វើជាសក្សីនៃ “វេលាដ៏ចែងចាំង”នៃទំនាក់ទំនងរវាងចិននិងវៀតណាម ៖ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ។ សមិទ្ធផលនយោបាយដ៏សំខាន់បំផុតនៃដំណើរទស្សនកិច្ចលើកនេះគឺ ភាគីទាំងពីរបានប្រកាសបង្កើតសហគមន៍រួមវាសនាចិន-វៀតណាមដែលបង្កប់នូវអត្ថន័យជាយុទ្ធសាស្ត្រ បានបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរចិននិងវៀតណាម ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកនេះជា “និមិត្តសញ្ញាប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ” ដែលបង្ហាញពីសេចក្តីប្រាថ្នានិងការប្តេជ្ញាចិត្តអំពីការផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ។

សហគមន៍រួមវាសនាចិន-វៀតណាមជាការប្រមូលផ្តុំនូវវឌ្ឍនភាពអស់រយៈពេល១៥ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម ដែលមានន័យថា ចំពោះភាគីទាំងពីរ “ទំនុកចិត្តគ្នាខាងនយោបាយមានកម្រិតកាន់តែខ្ពស់ កិច្ចសហប្រតិបត្តិការខាងសន្តិសុខមានភាពកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការជាក់ស្តែងមានភាពកាន់តែស៊ីជម្រៅ មូលដ្ឋាននៃក្តីប្រជាជនកាន់តែរឹងមាំ ការសម្របសម្រួលនិងសហការពហុភាគីមានភាពកាន់តែជិតស្និទ្ធ ក៏ដូចជាការគ្រប់គ្រងនិងដោះស្រាយវិវាទមានភាពកាន់តែល្អប្រសើរ” “កាន់តែ”ទាំង៦ចំណុចនេះបានតម្រង់ទិសដល់ការបង្កើតសហគមន៍រួមវាសនាចិន-វៀតណាម ។

ប្លង់ផែនការបានធ្វើរួចហើយ គន្លឹះគឺស្ថិតនៅលើការអនុវត្តជាក់ស្តែង ។ ពេលជួបពិភាក្សាការងារជាមួយលោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងសំណើប៉ុន្មានចំណុចអំពីការបង្កើតសហគមន៍រួមវាសនាចិន-វៀតណាម ដោយគូសបញ្ជាក់ថា “លើវិស័យនយោបាយ ត្រូវក្តាប់ជាប់ទិសដៅដ៏ត្រឹមត្រូវ” “លើវិស័យសន្តិសុខ ត្រូវធ្វើឱ្យទំនុកចិត្តគ្នាមានភាពកាន់តែស៊ីជម្រៅ” “លើកិច្ចសហប្រតិបត្តិការជាក់ស្តែង ត្រូវលើកកម្ពស់គុណភាពនិងកម្រិតថ្នាក់” “លើមូលដ្ឋាននៃក្តីបំណងប្រជាជន ត្រូវបន្ថែមការវិនិយោគ” “លើបញ្ហាក្នុងតំបន់និងអន្តរជាតិ ត្រូវធ្វើកិច្ចសហការនិងសម្របសម្រួលយ៉ាងជិតស្និទ្ធ” ហើយ“លើបញ្ហាពាក់ព័ន្ធនឹងសមុទ្រ ត្រូវគ្រប់គ្រងការខ្វែងគំនិត” ។ នេះបានគ្រោងផែនទីបង្ហាញផ្លូវដល់ទំនាក់ទំនងរវាងចិននិងវៀតណាមឱ្យដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ។

ក្នុងវិស័យកិច្ចសហប្រតិបត្តិការខាងនយោបាយនិងសន្តិសុខ ភាគីចិនផ្តួចផ្តើមឱ្យបង្កើនការផ្លាស់ប្ដូរនិងរៀនសូត្រពីបទពិសោធន៍ស្តីពីការគ្រប់គ្រងបក្សនិងរដ្ឋ គាំទ្រវៀតណាមឱ្យគាំពារសន្តិសុខសង្គមនិងសាមគ្គីភាពជនជាតិយ៉ាងមុតមាំ និងរួមគ្នាគាំពារយុត្តិធម៌និងសមភាពអន្តរជាតិ ។ ភាគីវៀតណាមបានថ្លែងថា នឹងប្រកាន់ខ្ជាប់គោលនយោបាយការទូតដ៏ឯករាជ្យនិងម្ចាស់ការ ប្រឆាំងនឹងកម្លាំងណាមួយដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ល។ ការសម្តែងអាកប្បកិរិយាទាំងនេះបានធ្វើឱ្យទំនុកចិត្តគ្នាខាងយុទ្ធសាស្ត្ររវាងចិននិងវៀតណាមមានភាពកាន់តែស៊ីជម្រៅ ក៏ដូចជាបានពង្រឹងមូលដ្ឋាននយោបាយនៃសហគមន៍រួមវាសនាចិន-វៀតណាម ។

កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាចំណុចលេចធ្លោមួយក្នុងទំនាក់ទំនងចិន-វៀតណាម ។ សហគ្រាសចិនបានចូលរួមគម្រោងមួយចំនួននៅវៀតណាម ដែលបានជំរុញយ៉ាងខ្លាំងនូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ ។ តាមទិន្នន័យឱ្យដឹងថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងរយៈពេល១៦ឆ្នាំជាប់ៗគ្នា ហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតនៅអាស៊ាននិងដៃគូពាណិជ្ជកម្មធំទី៤នៅទូទាំងពិភពលោករបស់ចិន ។ ពីខែមករាដល់ខែវិចិ្ឆកាឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបរវាងចិននិងវៀតណាមបានឡើងដល់១,៤៥ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៣,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។

ញាតិមិត្តជិតខាងសុទ្ធតែចង់ឱ្យគ្នាល្អ ពីព្រោះអ្នកជិតខាងមានភាពល្អប្រសើរ គឺហាក់ដូចជាជួយដល់ខ្លួនឯងដែរ ។ ចិននិងវៀតណាមបង្កើតសហគមន៍រួមវាសនាដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រនឹងក្លាយជាទីចាប់ផ្តើមថ្មីនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ នេះមិនត្រឹមតែនឹងនាំឱ្យប្រជាជននៃប្រទេសទាំងពីរមានជីវភាពរស់នៅដ៏ល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំមកនូវថាមពលវិជ្ជមានកាន់តែច្រើនដល់តំបន់អាស៊ីប៉ាស៊ីហ្វិកនិងពិភពលោកផងដែរ៕

 

 

បទវិភាគ៖សហគមន៍រួមវាសនាដែលចិននិងវៀតណាមបានបង្កើតនឹងក្លាយជាទីចាប់ផ្តើមថ្មីនៃការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ