បទវិភាគ៖សេដ្ឋកិច្ចចិននៅតែមានភាពធន់ដ៏ខ្លាំងក្លាដដែល
“ព័ត៌មានដែលព្យាករណ៍ថាសេដ្ឋកិច្ចនៃប្រទេសចិនមានភាពច្របូកច្របល់ដោយឈរលើការប៉ាន់ប្រមាណដែលគ្មានទីសំអាងអ្វីសោះ គឺមានគំនិតលម្អៀងខាងមនោគមវិជ្ជានិងឃោសនា។ ” ពេលថ្មីៗកន្លងទៅនេះ វេបសាយកាសែត《Rebelion》 របស់ប្រទេសអេស្ប៉ាញបានចុះផ្សាយអត្ថបទថា គួរតែធ្វើការវិភាគយ៉ាងសត្យានុម័តចំពោះបំណុលសកលនិងទិន្នន័យប្រៀបធៀបនៃតុល្យភាពហិរញ្ញវត្ថុរបស់ប្រទេសនានា ព្រមនិងបរិមាណសន្សំមូលធនហិរញ្ញវត្ថុដ៏ច្រើនសន្ធឹករបស់រដ្ឋាភិបាលចិន។
នៅឆ្នាំ២០២៣ សេដ្ឋកិច្ចចិនទទួលបានស្នាដៃដ៏ពិតប្រាកដ ប៉ុន្តែមជ្ឈដ្ឋានមតិខាងក្រៅ នៅតែមានសំឡេងទុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចចិនដដែល។ បើមើលពីចំណុចដែលប្រព័ន្ធសារព័ត៌មានបរទេសប្រកានកាន់ទុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចចិនក្នុងមួយខែៗអាចឃើញថា សឹងតែសន្ទស្សន៍ប្រែប្រួលរយៈពេលខ្លីណាមួយសុទ្ធតែជាទីសំអាងសម្រាប់ឱ្យពួកគេប្រកានកាន់ទុទិដ្ឋិនិយម។ ប៉ុន្តែតាមការពិត សន្ទស្សន៍ជាច្រើនបានឈានទៅកាន់ភាពនឹងនរជាសន្សឹមៗបន្ទាប់ពីប្រែប្រួលក្នុងរយៈពេលខ្លី។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ វិស័យគន្លឹះជាច្រើនបាននិងកំពុងកើតមានបម្រែបម្រួល៖តាមរបាយការណ៍ដែលអង្គការមានឥទ្ធានុភាពបានចេញផ្សាយឱ្យដឹងថា នៅឆ្នាំ២០២៣នេះ សន្ទស្សន៍ច្នៃប្រឌិតថ្មីរបស់ចិនបានកើនឡើងចំណាត់ថ្នាក់៣ជាប់ៗគ្នា បានក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍តែមួយគត់ដែលឈរនៅលំដាប់១០លេខខាងមុខ។ សន្ទស្សន៍បើកទូលាយរបស់ចិនបានកើនឡើងពី០,៧១០៧នៅឆ្នាំ២០១២ដល់០,៧៥១៧ ។ ក្រុមហ៊ុនឈានមុខដូចជាក្រុមហ៊ុន Yum និង Apple ជាដើមសុទ្ធតែបង្កើតកំណត់ត្រាថ្មីខាងសន្ទស្សន៍សមិទ្ធិផលនៅទីផ្សារចិនក្នុង៣ត្រីមាសដើមឆ្នាំនេះ។ល។ បម្រែបម្រួលបែបនេះបាននិងកំពុងតបតវិញចំពោះសំឡេងទុទិដ្ឋិនិយមពីខាងក្រៅចំពោះសេដ្ឋកិច្ចចិន។
ពេលថ្មីៗកន្លងទៅនេះ អង្គការអន្តរជាតិនិងស្ថាប័នពាណិជ្ជកម្មអន្តរជាតិជាច្រើនបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិន ដែលបានបោះឆ្នោត “សំឡេងគាំទ្រ”ចំពោះសេដ្ឋកិច្ចចិន ។ ពោលគឺក្រុមហ៊ុន JP Morgan បានដំឡើងពី៥ភាគរយដល់៥,២ភាគរយ ក្រុមហ៊ុន Morgan Stanley បានដំឡើងពី៤,៨ភាគរយដល់៥,១ភាគរយ ក្រុមហ៊ុន Citi បានដំឡើងពី៥ភាគរយដល់៥,៣ភាគរយ ហើយធនាគារ Deutsche បានដំឡើងពី៥,១ភាគរយដល់៥,២ភាគរយ ។ ការកែសម្រួលទាំងនេះសុទ្ធតែសំដៅទៅរកការពិតមួយគឺ និន្នាការវិជ្ជមាននៃការងើបឡើងវិញនៃសេដ្ឋកិច្ចចិនបានលើសពីការប៉ាន់ប្រមាណរបស់សហគមន៍អន្តរជាតិនៅពេលមុននេះ។
នៅ៣ត្រីមាសដើមឆ្នាំនេះ ល្បឿនកំណើននៃតម្លៃផលិតផលក្នុងស្រុកសរុបរបស់ចិនបានឡើងដល់៥,២ភាគរយ ដែលបានតាំងមូលដ្ឋានដ៏រឹងមាំសម្រាប់សម្រេចបាននូវគោលដៅប៉ាន់ប្រមាណប្រហែល៥ភាគរយពេញមួយឆ្នាំ។ សេដ្ឋកិច្ចចិនមិនត្រឹមតែបានរក្សានិន្នាការកើនឡើងប៉ុណ្ណោះទេ ថែមទាំងក៏បានលើកកម្ពស់គុណភាពកំណើនផងដែរ។ នៅ៣ត្រីមាសដើមឆ្នាំនេះ ការវិនិយោគលើឧស្សាហកម្មបច្ចេកទេសខ្ពស់របស់ចិនបានកើនឡើង១១,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ចំនួននាំចេញរថយន្តអគ្គិសនី ថ្មពិល Lithium និងផលិតផលថ្មថាមពលព្រះអាទិត្យបានកើនឡើង៤១,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន តម្លៃបន្ថែមនៃមុខរបរសេវាកម្មបានកើនឡើង៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន អត្រារួមចំណែកដល់កំណើនសេដ្ឋកិច្ចបានឡើងដល់៦៣ភាគរយ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង៦,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយទំហំលក់រាយនៃមុខរបរសេវាកម្មបានកើនឡើង១៨,៩ភាគរយ ។ ទិន្នន័យមួយចំនួនបានបង្ហាញថា តម្រូវការដ៏មានប្រសិទ្ធភាពបានងើបឡើងវិញលឿនបង្គួរ ហើយរចនាសម្ព័ន្ធឧស្សាហកម្មក៏មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។
ការបើកទូលាយជាសញ្ញាដ៏លេចធ្លោរបស់ប្រទេសចិននាពេលបច្ចុប្បន្ន ការជំរុញកំណែទម្រង់និងជំរុញការអភិវឌ្ឍតាមរយៈការបើកទូលាយជាមធ្យោបាយដ៏សំខាន់សម្រាប់ឱ្យការកសាងទំនើបកម្មតាមបែបផែនចិនទទួលបានសមិទ្ធផលថ្មី ។ ឆ្នាំ២០២៣ជាខួបទី៤៥នៃការអនុវត្តកំណែទម្រង់និងការបើកទូលាយរបស់ចិន ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធបើកនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦និងជាវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុង Hongqiao ថា ចិននឹងបន្តជំរុញការបើកទូលាយដែលមាន “ឱកាសទីផ្សារកាន់តែធំ” “ការតភ្ជាប់ការកំណត់កាន់តែល្អប្រសើរ” និង“មានបរិយាប័ន្ននិងការចែករំលែកកាន់តែខ្លាំងក្លា”។
“សេដ្ឋកិច្ចចិនជាមហាសមុទ្រ មិនមែនជាស្រះតូចមួយទេ។” រំលឹកឡើងវិញពីដំណើរអភិវឌ្ឍន៍នៃសេដ្ឋកិច្ចចិនអាចឃើញថា ភ្លៀងព្យុះសង្ឈរាជារឿងធម្មតា។ សេដ្ឋកិច្ចចិននឹងមានភាពកាន់តែរឹងមាំបន្ទាប់ពីពុះពារឧបសគ្គម្ដងហើយម្ដងទៀត សេដ្ឋកិច្ចចិននៅតែមានភាពធន់ដ៏ខ្លាំងក្លាដដែល៕