ប្រជាពលរដ្ឋចិនស្រឡាញ់និងចង់ទស្សនាប្រាសាទអង្គរវត្តខ្មែរ

2023-02-01 17:19:58
ប្រភព:វិទ្យុជាតិកម្ពុជា

រដ្ឋមន្ត្រីក្រសួងទេស ចរណ៍បានលើកឡើងថាប្រជាពលរដ្ឋចិនស្រឡាញ់និងចង់ទស្សនាប្រាសាទអង្គរវត្តខ្មែរ ខណៈចិនទីផ្សារទេស ចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្រៅពីតំបន់ទេសចរ ណ៍សំខាន់ៗរបស់កម្ពុជា ដូច ជា ក្រុងព្រះសីហនុ រាជធានីភ្នំពេញ ប្រាសាទអង្គរវត្តគឺជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ភ្ញៀវទេសចរអន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍតំបន់ទេសចរណ៍កាន់ តែស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរក្រោយពីវិបត្តិកូវីដ១៩។

សំឡេង៖« ខេត្តសៀមរាបតំបន់អង្គរឥឡូវមិនដូចមុនទេ គឺស្អាតណាស់ រាជរដ្ឋាភិបាលបានរៀបចំ រាជរដ្ឋាភិបាលបានធ្វើផ្លូវនៅតំបន់សៀមរាប  តំបន់អង្គរវត្តជាតំបន់សម្រាកលំហែ ជាកន្លែងដែលទាក់ទាញ។ ខ្ញុំដឹងថា បងប្អូនជនជាតិចិនគាត់ចូលចិត្តអង្គរវត្ត»។ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូចមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប។ ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ។ ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។

ឯកឧត្តមថោង ខុន បញ្ជាក់ថា កម្ពុជារីករាយក្នុងការត្រៀមទទួលទេសចរចិន និងភ្ញៀវអន្តរជាតិផ្សេងៗទៀតឱ្យកម្ពុជាកាន់តែច្រើនបន្ទាប់ពីពិភព លោកបានធូរស្បើយកូវីដ១៩។

សូមរម្លឹកថា មុនពេលផ្ទុះឡើងនូវជំងឺកូវីដ១៩ភ្ញៀវទេសចរចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេរបស់កម្ពុជា។ ពោលគឺនៅឆ្នាំ ២០២២កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជិត២ លាន៣សែននាក់ក្នុងនោះភ្ញៀវចិនមានជាង១០ម៉ឺននាក់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយតាមការព្យាករណ៍កម្ពុជារំពឹងថា ក្នុងឆ្នាំ២០២៣នេះ នឹងទទួលបានភ្ញៀវទេសចរអន្ដរជាតិជាង៤.៣លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនអាចមានចំនួនប្រមាណ២លាននាក់ ៕

ប្រជាពលរដ្ឋចិនស្រឡាញ់និងចង់ទស្សនាប្រាសាទអង្គរវត្តខ្មែរ