មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា លោក Mike ៖ ខ្ញុំទន្ទឹងរង់ចាំមិត្តភ័ក្តិខេត្តយូណានមកទស្សនាកម្សាន្តនៅកម្ពុជា

2023-02-21 17:45:36
ប្រភព:កាសែតយូណានដេលី

“យើងទន្ទឹងរង់ចាំយ៉ាងអន្ទះសារចំពោះការវិលត្រឡប់របស់ភ្ញៀវទេសចរចិនមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា”។ នេះជាបំណងប្រាថ្នាទូទៅរបស់អ្នកប្រកបវិស័យទេសចរណ៍កម្ពុជានាពេលថ្មីៗនេះ។

ពេលមុនមានជំងឺកូវីដ ១៩ ចិនជាប្រភពទេសចរអន្តរជាតិធំបំផុតរបស់កម្ពុជា។  ថ្មីៗនេះ ទន្ទឹមនឹងការទប់ស្កាត់ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ របស់ប្រទេសចិនបានឈានចូលដំណាក់កាលថ្មីមួយ នៅថ្ងៃទី៦ខែកុម្ភៈ ក្រសួងវប្បធម៌ និងទេសចរណ៍ចិនបានប្រកាសថា កម្ពុជានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសក្រុមដំបូងដែលសាកល្បងការបន្តដំណើរទេសចរណ៍ជាក្រុមឡើងវិញសម្រាប់ពលរដ្ឋចិន។ កាលពីមុន ក្រសួងទេសចរណ៍កម្ពុជាបានពង្រឹងការអនុវត្តផែនការទេសចរណ៍ "China ready" ដាក់ចេញនូវវិធានការបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្សាន្តនៅកម្ពុជា និងបានត្រៀមលក្ខណៈពេញលេញក្នុងការទទួលភ្ញៀវទេសចរចិនឱ្យបានច្រើន។

លោក Mike មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា បានប្រាប់អ្នកកាសែតថា "ទីផ្សារទេសចរណ៍របស់កម្ពុជាកាន់តែក្តៅ ហើយខ្ញុំជាប់រវល់ទទួលក្រុមទេសចរណ៍អស់រយៈពេលពីរថ្ងៃកន្លងមកនេះ។ ចាប់តាំងពីខែកុម្ភៈ ឆ្នាំនេះ ចំនួនភ្ញៀវទេសចរចិនមកទស្សនានៅកម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់។" យោងតាមព័ត៌មានដែលចេញផ្សាយដោយក្រសួងទេសចរណ៍កម្ពុជានៅថ្ងៃទី១២ ខែកុម្ភៈ បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៤០ ម៉ឺននាក់ក្នុងខែមករា ឆ្នាំនេះ។  ក្នុងចំណោមនោះ ចំនួនភ្ញៀវទេសចរចិនមានចំនួន ២,៥ ម៉ឺននាក់ ដែលមានការកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបនឹងពេលដូចគ្នាឆ្នាំមុន និងប្រៀបធៀបនឹងខែមុន។

ជាការពិត ក្រោយការផ្ទុះជំងឺកូវីដ ១៩ មក មានតែភ្ញៀវទេសចរអន្តរជាតិចំនួនតិចតួចមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា។ លោក Mikeបានបន្តទៀតថា​ "ក្នុងអំឡុងពេលនោះ ខ្ញុំបានប្តូរអាជីពមកលក់អចលនទ្រព្យ ហើយមិត្តរួមការងាររបស់ខ្ញុំជាច្រើនក៏បានប្តូរអាជីពដើម្បីស្វែងរកផ្លូវថ្មីផងដែរ។ ការចាប់ផ្តើមនៃដំណើរទេសចរណ៍ជាក្រុមនៅក្រៅប្រទេសរបស់ប្រទេសចិនបានជំរុញយ៉ាងខ្លាំងនូវទំនុកចិត្តរបស់អ្នកប្រកបរបរវិស័យទេសចរណ៍ ហើយយើងទាំងអស់គ្នាបានត្រៀមខ្លួនដើម្បីទទួលភ្ញៀវទេសចរចិន។ ខ្ញុំជឿជាក់ថា ភ្ញៀវទេសចរចិននឹងជំរុញយ៉ាងខ្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចទេសចរណ៍របស់កម្ពុជា”។ លោក Mike បានបន្ថែមទៀតថា លោកនឹងទន្ទឹងរង់ចាំមិត្តភ័ក្តិខេត្តយូណានមកទស្សនាកម្សាន្តនៅកម្ពុជាផងដែរ៕

អ្នកសារព័ត៌មាន ៖ Han Chengyuan  Shen Yan  Li Zha

អ្នកបកប្រែ ៖ Shen Yan

មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា លោក Mike ៖ ខ្ញុំទន្ទឹងរង់ចាំមិត្តភ័ក្តិខេត្តយូណានមកទស្សនាកម្សាន្តនៅកម្ពុជា